មន្រ្តីការទូតជាន់ខ្ពស់ទី២មកពីសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សានៅក្នុងរដ្ឋធានីសេអ៊ូលនៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាបញ្ហាទ្វេភាគីហើយនិងកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចផ្លោងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
លោក Tony Blinken អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនឹងចំណាយពេល៣ថ្ងៃនៅក្នុងរដ្ឋធានីសេអ៊ូល ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់អាស៊ីដែលអាចនឹងនាំលោកទៅកាន់ប្រទេសចិននិងជប៉ុនផងដែរ។
បន្ទាប់ពីជំនួបនៅថ្ងៃច័ន្ទនេះជាមួយលោក Cho Tai-yong អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Blinken បានមានប្រសាសន៍ថា វាជាការសំខាន់ដើម្បីរក្សាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងរហូតទាល់តែរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហាញថា វាថាកូរ៉េខាងជើងពិតជាចង់បន្តចរចាការគ្មានអាវុធនុយក្លែអ៊ែរ៦ភាគីនោះ។
លោកអនុរដ្ឋមន្រ្តីការបរទេស Blinken បានមានប្រសាសន៍ថា៖ «សម្ពាធដែលសហគមន៍អន្តរជាតិបានដាក់លើប្រទេសកូរ៉េខាងជើង បានធ្វើឲ្យមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសមត្ថភាពដើម្បីទទួលបានសំភារៈសម្រាប់កម្មវិធីអាវុធនិងកាំជ្រួចផ្លោងមីស៊ីលរបស់ខ្លួន ដែលការដាក់សម្ពាធនេះបានធ្វើឲ្យកូរ៉េខាងជើងចាត់វិធានការនៅក្នុងទិសដៅផ្សេង។ ក៏ប៉ុន្តែនៅទីបញ្ចប់ នេះជាការសម្រេចចិត្តដែលកូរ៉េខាងជើងត្រូវធ្វើ។ កូរ៉េខាងជើងត្រូវតែសម្រេចថា តើខ្លួនប្រាកដប្រជាអំពីការវិលត្រឡប់ទៅកាន់ការកាត់បន្ថយយោធានិងមានការចរចាដែលអាចជឿទុកចិត្តបាននិងពិតប្រាកដ។ យើងនៅតែបើកចំហដល់បញ្ហានេះលុះត្រាតែកូរ៉េខាងជើងបង្ហាញភាពប្រាកដប្រជា។ នេះជាការសំខាន់ក្នុងការបន្តការដាក់សម្ពាធលើកូរ៉េខាងជើងហើយនិងបន្តសាមគ្គីភាពជាមួយសហគមន៍អន្តរជាតិ»។
ភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានរីកកាន់តែធំឡើង ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើងពីបទចោទប្រកាន់ថា កូរ៉េខាងជើងបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតទៅលើក្រុមហ៊ុន Sony Picture។
កូរ៉េខាងជើងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនមើលមិនឃើញពីភាពចាំបាច់ដើម្បីចរចាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ហើយបានគំរាមកំហែងវាយប្រហារដោយអាវុធនុយក្លេអ៊ែរនិងប្រព័ន្ធអ៊ីនធើណែតនៅក្នុងការឆ្លើយតបដល់ទង្វើគំរោះគំរើយរបស់សហរដ្ឋអាមេរិក៕