ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េខាងជើង​​រិះគន់​តប​ត​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ស.រ.អា


មេ​ដឹក​នាំ​កូរ៉េខាងជើង​លោក​ គីម ជុង​ អ៊ុន​ កំពុង​មើល​​កុំព្យូទ័រ​នៅ​ទី​តាំង​មួយ​ដែល​មិន​បញ្ជាក់​ច្បាស់​។​ កូរ៉េ​ខាង​ជើង​បានបរិហារ​រិះគន់​យ៉ាង​ខ្លាំង​មក​លើ​​ស.រ.អា.ពាក់ព័ន្ធ​នឹង​ការ​​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ ដែល​ជាការ​ផ្តន្ទាទោសមក​លើ​ខ្លួន​ចំពោះ​ការ​លបលួច​ចូល​ក្នុង​បណ្តាញ កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Sony Pictures។

ប្រទេស​កូរ៉េ​ខាង​ជើង​បានបរិហារ​រិះគន់​យ៉ាង​ខ្លាំង​មក​លើស.រ.អា.ពាក់ព័ន្ធ​នឹង​ការដាក់​ទណ្ឌកម្ម​ថ្មីៗ​ ដែល​ជាការ​ផ្តន្ទាទោសមក​លើ​ខ្លួន​ចំពោះ​ការ​លបលួច​ចូល​ក្នុង​បណ្តាញ កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត Sony Pictures។

ទីភ្នាក់ងារ​ព័ត៌​មានផ្លូវ​ការ​នៃ​ប្រទេស​កូរ៉េខាង​ជើង​បាន​ដកស្រង់​ពាក្យសម្តី​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ ដែល​បាន​ហៅ​ការ​ដាក់ទណ្ឌកម្ម​ទាំង​នោះ​ថាប្រកបដោយ «ភាពគឃ្លើន និង​សង្កត់សង្កិន» ហើយ​បាន​បន្ត​ថាការ​ដាក់ទណ្ឌកម្ម​ទាំង​នោះ​គ្រាន់​តែពង្រឹង​ឆន្ទៈនិង​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង (​Pyongyang) ក្នុង​ការ​ការពារ​អធិបតេយ្យ​ភាព​របស់​ប្រទេស​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​សុក្រ​លោកប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិមួយ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗមក​លើ​អង្គការ​ចំនួន​បី​និងបុគ្គល​ចំនួន​១០​នាក់។​ក្រុម​មន្ត្រី​សេតវិមាន​បាននិយាយ​ថាការ​ដាក់ទណ្ឌកម្ម​ទាំង​នោះ​គ្រាន់តែ​ជា​ជំហានទី​មួយ​ក្នុង​ការ​ស្វះស្វែង​ដាក់​ទោសកូរ៉េខាង​ជើង​ចំពោះ​ការ​បង្កបញ្ហាជា​ច្រើន​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​វាយប្រហារលើ​បណ្តាញ​អ៊ីនធឺណែត​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.បាន​និយាយ​ថា​ការ​ដាក់ទណ្ឌកម្ម​ថ្មីៗទាំង​នោះ​នឹង​ពង្រឹង​ការ​ដាក់ទណ្ឌកម្ម​ដែល​មាន​ពី​មុន​រួច​មក​ហើយ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ​តាមរយៈ​ការ​ហាម​ឃាត់​ក្រុម​ជន​ដែល​ត្រូវ​បាន​កត់​សម្គាល់​មិន​ឲ្យ​ចូលពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុស.រ.អា. ក៏​ដូចជា​រារាំង​ប្រជាពលរដ្ឋ​អាមេរិក​មិន​ឲ្យ​ទាក់ទង​ធ្វើ​ជំនួញ​ជា​មួយកូរ៉េខាង​ជើង៕

XS
SM
MD
LG