សហរដ្ឋអាមេរិកកំពុងពិចារណាការដាក់ទណ្ឌកម្មឯកតោភាគីបន្ថែមទៀតប្រឆាំងនឹងប្រទេសកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែលើកទី ៥ ដែលជាការសាកល្បងដ៏ធំបំផុតមួយ។
ដោយថ្លែងនៅក្នុងទីក្រុងតូក្យូនាថ្ងៃអាទិត្យនេះ លោក Sung Kim អ្នកតំណាងពិសេសសហរដ្ឋអាមេរិកប្រចាំដើម្បីគោលនយោបាយកូរ៉េខាងជើងបានមានប្រសាសន៍ថា «បន្ថែមលើសកម្មភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាំងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន» រួមទាំងប្រទេសកូរ៉េខាងត្បូង «នឹងពិចារណាអំពីវិធានការឯកតោភាគី ក៏ដូចជាវិធានការទ្វេភាគីផងដែរ» និងថែមទាំងវិធានការត្រីភាគីនៅក្នុងកិច្ចសហប្រតិបត្តិការ។ លោកមិនបានបរិយាយលម្អិតអំពីថាតើវិធានការទាំងនោះមានអ្វីខ្លះនោះទេ។
លោក Kim បានថ្លែងដូច្នេះ បន្ទាប់ពីលោកបានជួបជាមួយនឹងមន្ត្រីការបរទេសជប៉ុន ដោយពេលនោះបានហៅឥរិយាបថរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថាចង់ធ្វើឲ្យ «ជ្រួលច្របល់»។
ប៉ុន្មានម៉ោងក្រោយមក រដ្ឋាភិបាលកូរ៉េខាងជើងបានហៅការប្រឹងប្រែងបន្ថែមការដាក់ទណ្ឌកម្មទាំងនេះថា «គួរឲ្យចង់សើច» និងបានសច្ចាថានឹងពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនបន្ថែមទៀត។ របាយការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងជើងនឹងធ្វើការដើម្បីបង្កើននូវកម្លាំងនុយក្លេអ៊ែរបស់ខ្លួនទាំងក្នុងគុណភាព ក៏ដូចជាបរិមាណ។ កូរ៉េខាងជើងថា ខ្លួនត្រូវការអាវុធនុយក្លេអ៊ែខ្លាំងដើម្បីទប់ទល់នឹងការរំលោភបំពានរបស់សហរដ្ឋអាមេរិក។
ការសាកល្បងអាវុធនុយក្លេអ៊ែលើកចុងក្រោយ និងប្រហែលជាខ្លាំងបំផុតមិនដែលមានពីមុនមក បានធ្វើឡើងចំពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានត្រឡប់មកដល់រដ្ឋធានីវ៉ាស៊ីនតោនវិញ បន្ទាប់ពីទស្សនកិច្ចរបស់លោកក្នុងទ្វីបអាស៊ី។ លោក Obama បានថ្កោលទោសការសាកល្បងអាវុធនុយក្លេអ៊ែនេះ៕