លោក Eric Fanning រដ្ឋលេខាធិការកងទ័ពជើងគោកស.រ.អា.បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងស.រ.អា.និងប្រទេសកូរ៉េខាងត្បូងនឹងធ្វើនៅខែក្រោយ ទោះណាជាមានការព្រមានពីប្រទេសកូរ៉េខាងជើងអំពីការប្រឈមមុខយ៉ាងខ្លាំងមួយ ប្រសិនបើសមយុទ្ធនេះមានធ្វើក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកការទូតជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើងទទួលបន្ទុកកិច្ចការស.រ.អា.បាននិយាយថា លក្ខណៈនៃសមយុទ្ធនេះមានភាពគឃ្លើនដោយចំហហើយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ប្រុងប្រៀបធ្វើសង្គ្រាមហើយ។ ស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធារួមគ្នាជាទៀងទាត់នៅខាងត្បូងតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសលកូរ៉េទាំងពីរ ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង បានឆ្លើយតបដោយការនិយាយតឹងតែង និងការគំរាមកំហែងថានឹងធ្វើការសងសឹក។
លោក Fanning ដែលកំពុងឋិតនៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកក្នុងតំបន់ បាននិយាយថា ស.រ.អា.បានធ្វើសមយុទ្ធយោធាជាមួយប្រទេសកូរ៉េខាងត្បូងច្រើនទសវត្សរ៍មកហើយ ហើយថា «សមយុទ្ធទាំងនេះបានជួយធ្វើឱ្យមានស្ថិរភាពហើយមិនមែនប្រជែងជាមួយស្ថិរភាពទេ»។
លោកបានថ្លែងប្រាប់ទីភា្នក់ងារព័ត៌មាន Associated Press ថា «សមយុទ្ធនេះមានធ្វើបន្តតាមការគ្រោងទុក។ យើងបានធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងនិងកងយោធាឯទៀតៗជាច្រើននៅក្នុងតំបន់នោះជាច្រើនទសវត្សរ៍មកហើយ។ការធ្វើសមយុទ្ធទាំងនេះបានផ្តល់ជាផ្នែក នូវស្ថិរភាពដែលយើងបានឃើញចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក»៕