ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ចំនួន​១​លាន​ករណី​ក្នុង​ពេល​១០​ថ្ងៃ​ដំបូង​នៃ​ខែ​វិច្ឆិកា​


ពលរដ្ឋ​​ម្នាក់​ប្រើ​​ប្រដាប់​ដុស​លាង swab ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​បង្ក​ជំងឺ​កូវីដ១៩​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ខណ្ឌ Staten Island របស់​ក្រុង​ញូវយ៉ក។
ពលរដ្ឋ​​ម្នាក់​ប្រើ​​ប្រដាប់​ដុស​លាង swab ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​បង្ក​ជំងឺ​កូវីដ១៩​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ខណ្ឌ Staten Island របស់​ក្រុង​ញូវយ៉ក។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា មាន​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជាង ១​ លាន​ករណី​នៅ​ក្នុង​រយៈពេល​១០ ​ថ្ងៃ​ដំបូង​នៃ​ខែវិច្ឆិកា​នេះ។

សហរដ្ឋ​អាមេរិក​មាន​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ សរុប ជាង ១០ លាន​ករណី ដែល​ជាចំនួន​ខ្ពស់​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins។

បណ្តា​រដ្ឋ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក បាន​រង​ការ​ឆ្លង​ដ៏​ខ្លាំង​បំផុត ដោយ​មាន​អត្រា​មនុស្ស​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់​ឡើង​ទៅ​ដល់​ចំនួន​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន។ គម្រោង​តាមដាន​ជំងឺ​កូវីដ១៩ (COVID-19 Tracking Project) បាន​បញ្ជាក់​ថា មនុស្ស​ជាង ៥៩.០០០ នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​ដែល​សហរដ្ឋ​អាមេរិក​បាន​កត់ត្រា​អំពី​ការ​ឆ្លង​ដ៏​ខ្លាំង​បំផុត​នេះ ក្រុមហ៊ុន​ឱសថ ២ របស់​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អំពី​ដំណើរ​វិវឌ្ឍ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ។

ក្រុមហ៊ុន Pfizer បាន​ប្រកាស​ថា វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​មាន​ប្រសិទ្ធភាព ៩០% នៅ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ ក្នុង​ចំណោម​អ្នក​ចូលរួម​សាកល្បង​ចាក់​វ៉ាក់សាំង​នេះ ដែល​មិន​ធ្លាប់​ឆ្លង​ជំងឺ​កូវីដ១៩។

រី​ឯ​ក្រុមហ៊ុន​ផលិត​ឱសថ Eli Lilly របស់​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​ជីវៈបច្ចេកវិទ្យា AbCellera របស់​ប្រទេស​កាណាដា បាន​ប្រកាស​អំពី​ឱសថ​អង់ទីគ័រ​ថ្មី ដែល​ហៅ​ថា Bamlanivimab។

ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ឱសថ​អង់ទីគ័រ​ថ្មី​នេះ​លើ​អ្នក​ជំងឺ​អាយុ​ចាប់​ពី ១២ ឆ្នាំ​ឡើង​រូប​ណា ដែល​មាន​ហានិភ័យ​នៃ​ការ​ឈាន​ដល់​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG