ព្រឹទ្ធសភាសហរដ្ឋអាមេរិកគ្រោងនឹងពិចារណាលើសំណើច្បាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាវិធានការប្រកបដោយមហិច្ឆតាខ្ពស់បំផុត និងគ្មានចន្លោះប្រហោងមួយក្នុងប្រវត្តិសាស្ត្រ ដែលសភាលើកយកមកពិភាក្សា។
សំណើច្បាប់នោះហៅថា «Green New Deal»។ វាគឺជាគោលនយោបាយសេដ្ឋកិច្ចផ្ដោតលើការប្រែប្រួលអាកាសធាតុ។
សំណើច្បាប់នេះស្នើឲ្យមានការផ្លាស់ប្ដូរជាបន្ទាន់នូវសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងប្រយុទ្ធប្រឆាំងនឹងវិសមភាពសេដ្ឋកិច្ច និងវិសមភាពជាតិសាសន៍។
សំណើច្បាប់របស់គណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកនេះ គឺជាការអំពាវនាវដ៏ជាក់ច្បាស់មួយឲ្យមានការផ្លាស់ប្ដូរដ៏ខ្លាំងក្លា។
អ្នកស្រី Alexandria Ocasio-Cortez សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ និយាយថា៖ «យើងចង់បង្ហាញឲ្យគេឃើញថា សហរដ្ឋអាមេរិកជាមេដឹកនាំសាកលលោកនៅក្នុងការប្ដូរទៅកាន់ការប្រើថាមពលកកើតឡើងវិញមួយរយភាគរយ»។
លោក Edward Markey សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និយាយថា៖ «យើងនឹងជួយសត្វលោកទាំងអស់ ដោយការចូលរួមបង្កើតការងារដ៏ច្រើន»។
វិធានការ Green New Deal នេះជាសេចក្ដីសម្រេចដែលមិនតម្រូវឲ្យគោរពតាម។ វិធានការនេះមានគោលបំណងបង្កើតសេដ្ឋកិច្ចមួយដែលគ្មានការបញ្ចេញឧស្ម័នកាបូន។
វិធានការនេះស្នើឲ្យមានការចូលរួមពីប្រជាពលរដ្ឋរយៈពេល ១០ ឆ្នាំ ដើម្បីបង្កើតឡើងវិញនូវការផលិតថាមពល ការធ្វើដំណើរ ផលិតកម្ម និងកសិកម្ម។ វិធានការនេះក៏ធានាផងដែរឲ្យមានការផ្ដល់ការបណ្ដុះបណ្ដាលឡើងវិញដល់អ្នកធ្វើការ ការអប់រំកម្រិតឧត្ដមសិក្សា ការថែរក្សាសុខភាព និងផលប្រយោជន៍ចូលនិវត្តន៍។
លោក John Cornyn ដែលជាសមាជិកព្រឹទ្ធសភាល្បីឈ្មោះខាងគណបក្សសាធារណរដ្ឋ បានរិះគន់គម្រោងនេះ។
លោក John Cornyn និយាយដូច្នេះថា៖ «សំណើច្បាប់ Green New Deal នេះ គ្មានអ្វីក្រៅពីរបៀបវារៈសង្គមនិយម ដែលត្រូវគេបន្លំធ្វើជាគោលនយោបាយបរិស្ថានល្អនោះទេ»។
រីឯលោក John Barrason សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋវិញ ក៏រិះគន់លើសំណើច្បាប់នេះដែរ។
លោក John Barrason និយាយដូច្នេះថា៖ «វិធានការ Green New Deal នេះ មានលក្ខណៈជ្រុលនិយមគួរឲ្យខ្លាចហួសហេតុខុសពីទម្លាប់ធម្មតារបស់ប្រជាពលរដ្ឋអាមេរិកាំង»។
ការជជែកដេញដោលអំពីសំណើច្បាប់នេះនឹងបង្ហាញឲ្យឃើញពីការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកគណបក្សប្រជាធិបតេយ្យអំពីវិធីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរអាកាសធាតុ។ ប៉ុន្តែ គណបក្សប្រជាធិបតេយ្យថា គណបក្សសាធារណរដ្ឋទៅវិញទេ ដែលនឹងបង្ហាញឲ្យឃើញពីការខ្វែងគំនិតគ្នាក្នុងចំណោមពួកគេ។
លោក Brian Schatz សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និយាយថា៖ «យើងនឹងយកឱកាសនេះដើម្បីជជែកដេញដោលអំពីបញ្ហាអាកាសធាតុ ដោយសារតែគណបក្សសាធារណរដ្ឋគ្មានគម្រោងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះទេ»។
លោក Chuck Schumer សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ បញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ប្រាប់សមាជិកសភាខាងគណបក្សសាធារណរដ្ឋថា នេះមិនមែនជាល្បែងលេងនោះទេ។ នេះមិនមែនជារឿងកំប្លែងលេងសើចនោះទេ។ ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាធ្ងន់ធ្ងរជាទីបំផុត»។
អ្នកតស៊ូមតិរឿងនេះគាំទ្រនឹងគំនិតដែលថា វិធានការ Green New Deal នេះ គឺជាដំណោះស្រាយដ៏ល្អ។
លោក Ben Beachy នៃអង្គការ Sierra Club និយាយថា៖ «ការប្រែប្រួលអាកាសធាតុមិនមែនជារឿងចេះតែស្មានៗនោះទេ។ វាជារឿងដែលកើតឡើងនៅពេលបច្ចុប្បន្ននេះ។ តើយើងគួរធ្វើអ្វីដើម្បីឲ្យទាន់ពេលវេលា និងស្របតាមទំហំនៃយុត្តិធម៌ និងវិទ្យាសាស្ត្រនោះ?»។
អ្នករិះគន់នានាយល់ថា វិធានការនេះគឺជាមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរដែលនឹងកើតឡើង។
លោក Chris Edwards សេដ្ឋវិទូនៃវិទ្យាស្ថាន Cato និយាយថា៖ «វានឹងក្លាយជាដំណោះស្រាយរួមមួយដែលចេញពីរដ្ឋធានីវ៉ាស៊ីនតោន។ ទោះបីជាវិធានការនេះមានភាសាទន់ភ្លន់ល្អអំពីរឿងជួយប្រជាពលរដ្ឋក៏ដោយ ក៏ខ្ញុំគិតថា សំណើដែលចេញពីថ្នាក់លើនេះមួយចំនួននៅទីបំផុតអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ»។
ការស្ទង់មតិនានាបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកាំងកាន់តែព្រួយបារម្ភអំពីការកើនឡើងកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ ប៉ុន្តែ ការព្រួយបារម្ភនេះមិនទាន់ជំរុញឲ្យមានវិធានការសំខាន់ណាមួយពីសភានៅឡើយទេ។
ដោយសារតែគណបក្សសាធារណរដ្ឋប្រឆាំងនឹងសំណើនេះ ហើយគណបក្សប្រជាធិបតេយ្យមានការខ្វែងគំនិតគ្នាលើរឿងនេះ វិធានការ Green New Deal នេះ គ្មានឱកាសនឹងអាចឆ្លងព្រឹទ្ធសភាបានទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពេលបច្ចុប្បន្ននេះ វាបានជួយបង្កើនការពិភាក្សារឿងប្រែប្រួលអាកាសធាតុ និងលើវិធានការដោះស្រាយអំពីរឿងនេះ៕
ប្រែសម្រួលដោយ ភី សុភាដា