គណៈកម្មាធិការព្រឹទ្ធសភាមួយរបស់អាមេរិកកាលពីថ្ងៃចន្ទ បានអនុម័តទៅលើបេក្ខភាពរបស់លោកចៅក្រម Neil Gorsuch ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានតែងតាំងសម្រាប់តំណែងចៅក្រមតុលាការកំពូល ដែលបានបង្កឲ្យមានភាពចម្រូងចម្រាសនៅក្នុងព្រឹទ្ធសភាទាំងមូលជុំវិញការតែងតាំងលោកចៅក្រមអភិរក្សនិយមអស់មួយជីវិតរូបនេះ។
គណបក្សប្រជាធិបតេយ្យដែលជំទាស់នឹងបេក្ខភាពរបស់លោក Gorsuch បាននិយាយថា ឥឡូវនេះពួកគេមានសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីហាមឃាត់ដល់ការតែងតាំងលោក Gorsuch យោងតាមវិធានសាមញ្ញនៃដំណើរការរបស់ព្រឹទ្ធសភា។ ប៉ុន្តែសមាជិកខាងគណបក្សសាធារណៈរដ្ឋដែលមានសំឡេងភាគច្រើននិយាយថា ខ្លួននឹងកែប្រែវិធាននេះ ហើយនឹងអនុម័តទៅលើបេក្ខភាពរបស់លោកចៅក្រមវ័យ៤៩ឆ្នាំរូបនេះ ដោយផ្អែកលើការបោះឆ្នោតសំឡេភាគច្រើនដ៏សាមញ្ញ។
ជំហរប្រឆាំងរបស់គណបក្សប្រជាធិបតេយ្យទៅលើបេក្ខភាពរបស់លោក Gorsuch បានកើនឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែសមាជិកខាងគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការអង្គចៅក្រមរបស់ព្រឹទ្ធសភាបានជំរុញការតែងតាំងរបស់លោកទៅមួយដំណាក់កាលទៀត តាមរយៈការបោះឆ្នោត១១ទល់នឹង៩ ដែលនឹងរុញបេក្ខភាពនេះទៅកាន់ព្រឹទ្ធសភាទាំងមូលឲ្យពិចារណានៅក្នុងសប្តាហ៍នេះ៕