ខណៈដែលព្រឹទ្ធសភាអាមេរិកត្រៀមខ្លួនសម្រាប់ធ្វើការបោះឆ្នោតទៅលើការតែងតាំង បេក្ខភាពរបស់ចៅក្រមតុលាការកំពូលលោក Neil Gorsuch ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានតែងតាំងនោះ ការប្រឆាំងរបស់គណបក្សប្រជាធិបតេយ្យនៅតែបន្តកើនឡើងខ្លាំងជាងមុន។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ៣នាក់ទៀតដែលរួមមានលោកស្រី Claire McCaskill លោក Richard Blumenthal និងលោក Brian Schatz បានប្រកាសអំពីជំហរប្រឆាំងរបស់ពួកគេទៅលើបេក្ខភាពរបស់លោក Gorsuch កាលពីថ្ងៃសុក្រ ដែលជំហរប្រឆាំងនេះប្រឈមជាមួយនឹងសមាជិកខាងគណបក្សសាធារណរដ្ឋ។
សមាជិកខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា ពួកគេនឹងប្រើប្រាស់នីតិវិធីមួយដែលនឹងតម្រូវឲ្យទទួលបានសន្លឹកឆ្នោតគាំទ្រ៦០ដើម្បីទទួលបានការតែងតាំងនៅក្នុងព្រឹទ្ធសភាដែលមាន១០០អាសនៈ។
សមាជិកខាងគណបក្សសាធារណរដ្ឋត្រួតត្រាលើព្រឹទ្ធសភាយ៉ាងប្រកៀកប្រកិតជាមួយនឹងអាសនៈ៥២ទល់នឹង៤៨ ប៉ុន្តែប្រសិនបើសមាជិកខាងគណបក្សប្រជាធិបតេយ្យអាចទទួលបានសន្លឹកឆ្នោត៤១ ពួកគេនឹងអាចរក្សានីតិវិធីនេះបាន។ គិតមកត្រឹមថ្ងៃសុក្រ សមាជិកខាងគណបក្សប្រជាធិបតេយ្យ៣៦នាក់និយាយថា ពួកគេនឹងគាំទ្រវិធានការនេះ។
ប្រសិនបើសមាជិកខាងគណបក្សប្រជាធិបតេយ្យទទួលបានការគាំទ្រគ្រប់គ្រាន់ដើម្បីរារាំងមិនឲ្យតែងតាំងក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ សមាជិកខាងគណបក្សសាធារណរដ្ឋត្រូវបានគេរំពឹងនឹងព្យាយាមផ្លាស់ប្ដូរបទបញ្ញត្តិព្រឹទ្ធសភាជាឯកតោភាគី ដើម្បីអនុញ្ញាតឲ្យការតែងតាំងអាចប្រព្រឹត្តទៅបាន ដោយត្រូវការតែសំឡេងភាគច្រើនតែប៉ុណ្ណោះ៕