ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​សរសើរ​ការ​សម្រប​សម្រួល​របស់​គណបក្ស​ទាំង២​អំពី​កិច្ចព្រមព្រៀង​ហេដ្ឋា​រចនា​សម្ព័ន្ធ​


ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ថ្លែង​ប្រកាស​ពី​កិច្ចព្រមព្រៀង​ថ្មី​នេះ​​នៅ​​​បរិវេណ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​​អម​ដោយ​សមាជិក​ព្រឹទ្ធសភា​​មួយ​​ក្រុម​ពី​គណបក្ស​ទាំង​ពីរ។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំង២​សម្រាប់​ច្បាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​បង្ហាញ​ថា​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​អាមេរិកមាន​ដំណើរការ។​

លោក​ប្រធានាធិបតី​បានថ្លែង​នៅ​ក្នុង​សេតវិមាន​ថា៖​ «កិច្ច​ព្រមព្រៀង​នេះ​ផ្តល់​សញ្ញា​ដល់​ពិភពលោក​ថា​យើង​អាច​ដំណើរការ​និង​ធ្វើ​កិច្ចការ​សំខាន់»។​

លោក​បន្ត​ថា៖​«យើង​កំពុង​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន​និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ក្នុង​សតវត្សរ៍​ទី២១។​ពួកគេ​មិនចាំ​យើង​ទេ។​ពួក​គេ​កំពុង​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក»។​

គម្រោង​ច្បាប់​នោះ​បាន​ត្រូវ​ចរចា​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្សា​ទាំង២​ហើយ​រួមមាន​ប្រាក់​ចំនួន​៥៧៩​ពាន់​លាន​ដុល្លារសម្រាប់ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី។ ​គម្រោង​ច្បាប់​នេះ​ក៏​នឹង​មាន​ចំនួន​ប្រាក់ប្រហាក់​ប្រហែល​គ្នា​នឹង​ចំនួន​នៃ​ការ​ចំណាយ​ដែល​បាន​អនុម័ត​កាលពី​ពេល​មុន​ដែល​នាំ​ឲ្យ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សរុប​មាន​ចំនួន​ប្រហែល​១,២​លានលាន​ដុល្លារ។​

លោក ​Biden ​បាន​និយាយ​ទៀត​ថា ​«មិន​មាន​ភាគី​ណាទទួល​បាន​អ្វី​ទាំង​អស់​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ។នេះ​គឺជា​ការ​សម្រប​សម្រួល»។

លោក ​Chuck Schumer ​មេដឹកនាំ​សំឡេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធ​សភា​បាន​និយាយ​ថា ​លោក​យល់​ស្រប​ជាមួយ​អ្នកស្រី ​Nancy Pelosi ​ប្រធាន​រដ្ឋ​សភា​អំពី​វិធី​ដោះស្រាយ​នេះ។​

លោក​ Mitch McConnell​ មេដឹកនាំគណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ព្រឹទ្ធសភា​បាន​ចោទថា​លោក​ប្រធានាធិបតី​ឆាប់​ចុះចាញ់ការ​គំរាម​ពី​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​យក​កិច្ច​ព្រមព្រៀង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធ្វើ​ជា​ចំណាប់​ខ្មាំង៕

XS
SM
MD
LG