កាលពីដើមខែមេសា សមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់ក្នុងគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាសហរដ្ឋអាមេរិក បានស្នើការកែប្រែធំៗក្នុងកំណែទម្រង់ពន្ធដារឆ្នាំ២០១៧របស់អតីតប្រធានាធិបតី Donald Trump ដើម្បីបំបាត់អ្វីដែលពួកគេនិយាយថា ជាការលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្លាស់ទីតាំងទៅប្រទេសក្រៅហើយបង្វែរប្រាក់កម្រៃទៅកាន់ប្រទេសនានាដែលយកពន្ធដារតិច។
ផែនការដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យ គឺលោក Ron Wyden លោក Sherrod Brown និងលោក Mark Warner ស្របជាមួយសំណើដំឡើងពន្ធដារលើក្រុមហ៊ុនដែលលោកប្រធានាធិបតី Joe Biden បានប្រកាសកាលពីចុងខែមីនាដើម្បីរកប្រាក់២លានលានដុល្លារសម្រាប់ធ្វើវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។
សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យទាំងនេះ ចង់ផ្តោតទៅលើមាត្រាទាំងឡាយនៅក្នុងច្បាប់ស្តីពីពន្ធដារនិងការងារឆ្នាំ២០១៧ ដែលទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលនៅក្រៅប្រទេសរបស់ក្រុមហ៊ុន និងច្បាប់មួយចំនួនផ្សេងទៀត។
ប្រព័ន្ធទាំងនេះមានគោលដៅទាក់ទាញក្រុមហ៊ុនរកស៊ីនៅប្រទេសក្រៅឱ្យយកប្រាក់ចំណូលមកកាន់សហរដ្ឋអាមេរិកវិញដោយបង់ពន្ធទាប ហើយប្រាក់កម្រៃទាំងនេះអាចយកទៅវិនិយោគក្នុងការងារក្នុងប្រទេសអាមេរិក។ ក៏ប៉ុន្តែគណបក្សប្រជាធិបតេយ្យបានថ្លែងថា ក្នុងការអនុវត្តន៍ជាក់ស្តែង ប្រព័ន្ធទាំងនេះ លើកទឹកចិត្តថ្មីៗថែមទៀតដល់ក្រុមហ៊ុនឱ្យបណ្តាក់ទុនច្រើនជាងមុននៅប្រទេសក្រៅ ដើម្បីទាញយកផលប្រយោជន៍ពីការលើកលែងថ្មី»។
លោក Warner បាននិយាយប្រាប់ពួកអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទថា «ក្រុមហ៊ុនជាច្រើនមិនបាននាំយកប្រាក់កម្រៃមកប្រទេសអាមេរិកវិញទេ។ ចំពោះក្រុមហ៊ុនដែលផ្ទេរប្រាក់កម្រៃមកអាមេរិកវិញ ភាគច្រើនយកប្រាក់នោះទៅទិញភាគហ៊ុនវិញ។»។
ផែនការរបស់គណបក្សប្រជាធិបតេយ្យមិនបានលុបចោលការអនុគ្រោះពន្ធដារទាំងនោះទេ តែកែប្រែពន្ធដារទាំងនោះដើម្បីធ្វើឱ្យអត្រាវាស្មើគ្នានិងធ្វើវាឱ្យជិតស្មើនឹងអត្រាពន្ធដារក្រុមហ៊ុនធំៗ។ បន្ថែមលើនេះ ផែនការទាំងនេះ នឹងនាំឱ្យមានការលើកទឹកចិត្តថ្មីៗសម្រាប់ការបណ្តាក់ទុនក្នុងការស្រាវជ្រាវ និងបង្កើតការងារក្នុងសហរដ្ឋអាមេរិកថែមទៀតផង។
សេចក្តីស្នើទាំងនេះ ទំនងជានឹងប្រឈមនឹងការជំទាស់របស់គណបក្សសាធារណរដ្ឋដែលបានរិះគន់ផែនការរបស់លោក Biden ក្នុងការលុបចោលសមិទ្ធិខាងការបង្កើតច្បាប់របស់គណបក្សពួកគេក្នុងពេលលោក Trump កាន់តំណែងប្រធានាធិបតីថា ជាការដាក់ក្រុមហ៊ុនអាមេរិកាំងមិនឱ្យមានប្រៀបក្នុងការប្រកួតប្រជែង។ ផែនការនេះ អាចត្រូវអនុម័តដោយមានតែការគាំទ្ររបស់សមាជិកគណបក្សប្រជាធិបតេយ្យ ជាផ្នែកមួយនៃផែនការទូលំទូលាយខាងហេដ្ឋារចនាសម្ព័ន្ធរបស់លោក Biden តែការណ៍នេះ នឹងតម្រូវឱ្យមានការគាំទ្រពីសមាជិកនៃគណបក្សប្រជាធិបតេយ្យទាំង៥០នាក់ក្នុងព្រឹទ្ធសភា។
ចំពោះពន្ធដារមួយក្នុងបណ្តាពន្ធអាករនានាដែលគេហៅថា BEAT ដែលមានគោលដៅយកពន្ធដារខ្លះលើប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលបង្វែរទៅកាន់អង្គភាពក្រៅប្រទេស ផែនការរបស់គណបក្សប្រជាធិបតេយ្យ ក៏នឹងធ្វើឱ្យមានឡើងវិញនូវការអនុគ្រោះពន្ធសម្រាប់វិនិយោគក្នុងប្រទេស ក្នុងវិស័យថាមពលស្អាត និងក្នុងសហគមន៏មានប្រាក់ចំណូលទាប និងបង្កើនពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនច្រើនជាងមុន។
ផែនការរបស់លោក Biden បានស្នើដំឡើងអត្រាពន្ធដារលើក្រុមហ៊ុនសាជីវកម្មធំៗពី២១% ទៅដល់២៨% នឹងពន្ធដារសាកលអប្បបរមាដែលនឹងត្រូវធ្វើការចរចាជាមួយប្រទេសមានសេដ្ឋកិច្ចធំៗឯទៀត។
លោក Wyden បានថ្លែងថា លោកមានជំនឿថា ពន្ធដារសាកលអប្បបរមាសម្រាប់ក្រុមហ៊ុនសាជីវកម្មធំៗតាមរយៈផែនការលោក Biden អាចមានដំណើរការបានជាមួយកំណែទម្រង់ដែលសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានស្នើឡើងដរាបណាលោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុ Janet Yellen អាចមាន«កិច្ចព្រមព្រៀងពហុជាតិល្អមួយជាមួយអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ហៅកាត់ថា ORCD»។
កាលពីដើមខែមេសា លោកស្រី Yellen បានអំពាវនាវឱ្យមានពន្ធដារសាកលអប្បបរមានៅពេលលោកស្រីចូលរួមជាលើកដំបូងក្នុងការប្រជុំក្នុងរដូវផ្ការីកនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកក្នុងឋានៈជារដ្ឋមន្ត្រីហិរញ្ញវត្ដុសហរដ្ឋអាមេរិក។
ទាក់ទងទៅនឹងការទាមទាររបស់លោក Joe Manchin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យឱ្យមានអត្រាពន្ធដារលើក្រុមហ៊ុនសាជីវកម្មធំៗចំនួន២៥%នោះ លោក Wyden ដែលជាប្រធាននៃគណៈកម្មាធិការហិរញ្ញវត្ថុបានពោលថាអត្រាចុងក្រោយ នឹងត្រូវសម្រេចនៅក្នុងការពិភាក្សាគ្នាក្នុងការប្រជុំ caucus របស់គណបក្សប្រជាធិបតេយ្យនិងក្នុងគណៈកម្មាធិការនេះ។
លោក Wyden ក៏បាននិយាយដែរថា លោកមានជំនឿថា សមាជិកនៃគណបក្សប្រជាធិបតេយ្យទាំងអស់ក្នុងព្រឹទ្ធសភា នឹងគាំទ្រសំណើកែទម្រង់ពន្ធដារអន្តរជាតិ។
ប្រែសម្រួលដោយលោក ឈឹម សុមេធ