ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​បន្ត​គោលជំហរ​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក​ Trump​ លើ​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ​ចិន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​អនឡាញ​មួយ​ស្ដី​ពី​ការ​ផ្គត់ផ្គង់
Semiconductor នៅ​សេតវិមាន​ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​អនឡាញ​មួយ​ស្ដី​ពី​ការ​ផ្គត់ផ្គង់ Semiconductor នៅ​សេតវិមាន​ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

កាល​ពី​ថ្ងៃ​ទី៧​ ខែ​មេសា រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​លោកស្រី ​Gina Raimondo ​បាន​ប្តេជ្ញា​បន្ត​គោល​នយោបាយ​សង្រ្គាម​ពាណិជ្ជកម្ម​ដ៏​គំហុក​របស់​រដ្ឋបាល​លោក​ Donald Trump ​ ប្រឆាំង​នឹង​ចិន​ ដោយ​លើក​ឡើង​ថា ​លោកស្រី​«នឹង​ធ្វើការ​យ៉ាង​មុតមាំ​តាម​តែ​អាច​ធ្វើ​បាន​ដើម្បី​ការពារ​អ្នក​ធ្វើការ​ និង​ធុរកិច្ច​អាមេរិកាំង​ប្រឆាំងការ​អនុវត្ត​មិន​ស្មើភាព​ដោយ​ប្រទេស​ចិន»។​

ថ្លែង​អំឡុង​ពេល​សន្និសីទ​សារ​ព័ត៌មាន​នៅ​សេតវិមាន លោកស្រី​ Raimondo ​បាន​និយាយ​ថា ​ពន្ធដារ​ដែល​ត្រូវ​បាន​ដាក់ឡើង​ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី ​Donald Trump​ ហើយដែល​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​កាល​ពី​គ្រា​នោះ​ «តាម​ពិត​ទៅ​ បាន​ជួយ​ការពារ​ការងារ​ពលរដ្ឋ​អាមេរិកាំងនៅ​ក្នុង​វិស័យផលិតកម្ម​ដែក ​និង​អាលុយមីញ៉ូម»។​

ជា​រួម ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​រក្សា​ការ​ដាក់​ពន្ធដារ​ចំនួន​៦៦​ភាគ​រយ​លើ​ការ​នាំ​ទំនិញពីចិន​មក​ស.រ.អា.។

​លោកស្រី​ Raimondo ​បាន​បន្ត​ថា ​ពន្ធ​លើ​ការ​នាំចូល​គឺត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ។​

លោកស្រី​បាន​ថ្លែង​ថា៖ «ទង្វើ​របស់​ចិន​គឺ​មិន​មាន​លក្ខណៈ​ប្រកួតប្រជែង​ បែប​បង្ខិត​បង្ខំ​ និង​លេង​ខ្សែ​លើ។ ​ពួកគេ​បាន​បង្ហាញថា ​ពួកគេ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​តាម​តែ​អាច​ទៅ​រួច។ ​ដូច្នេះ​ហើយ​ ខ្ញុំ​គ្រោងនឹង​ប្រើប្រាស់​មធ្យោបាយ​ទាំងអស់​ ដែល​ខ្ញុំ​មាន​ក្នុង​ដៃ​ ឲ្យ​បាន​យ៉ាង​គំហុក​តាម​តែ​អាច​ទៅ​រួច ​ដើម្បី​ការពារ​អ្នក​ធ្វើការ ​និង​ធុរកិច្ច​អាមេរិកាំង​ប្រឆាំងការ​អនុវត្ត​មិន​ស្មើភាព​ដោយ​ប្រទេស​ចិន»។​

កាល​ពី​បី​ឆ្នាំ​មុន ​លោក​ Trump ​បាន​កំណត់​យក​ពន្ធ​២៥​ភាគរយ​លើ​ផលិតផល​ដែក​ និង​១០​ភាគរយ​លើផលិតផល​អាលុយមីញ៉ូម​នាំ​ចូល​ពី​ប្រទេស​ភាគច្រើន​ ដោយ​អះអាង​ថា ​រឿង​នេះ​ពាក់ព័ន្ធ​នឹងសន្តិសុខ​ជាតិ​ ដើម្បី​ធានា​ថា ​ផលិតកម្ម​លោហធាតុ​ក្នុង​ស្រុក​អាច​បន្ត​ដំណើរការ​ទៅ​មុខ។​

ឱនភាព​ទំនិញ​របស់​សហ​រដ្ឋ​អាមេរិក​ប្រៀប​នឹងចិន​បាន​កើន​១១,៤​ភាគរយ​ពី​ខែ​មករា​មកដល់​៣០,៣​ពាន់លាន​ដុល្លារ​នៅ​ខែ​កុម្ភៈ។ ​នេះ​បើ​យោង​ទៅ​តាម​ស្ថិតិ​បញ្ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​មេសា។​

ការ​ស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew Research ​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន ​បាន​រក​ឃើញ​ថា​ មនុស្ស​ពេញវ័យ​៩​នាក់​ក្នុង​ចំណោម១០​នាក់​នៅ​សហ​រដ្ឋ​អាមេរិក​ចាត់ទុក​ចិន​ជា​គូប្រជែង ​ឬ​សត្រូវ​ជា​ជាង​ដៃគូ។​

យោង​ទៅ​តាម​ការ​ស្ទង់មតិ​នេះ ​ ពល​រដ្ឋ​អាមេរិកាំង​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​អំណាច​ផ្នែក​បច្ចេក​វិទ្យា​របស់​ចិន ​ ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ពី​ចិន​មក​លើ​បស្ចិម​លោក ​ការ​មិន​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​បាត់បង់​ការងារ​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បង្ក​ឡើង​ដោយ​សារ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន។​

រដ្ឋបាល​លោក​ Biden ​បាន​ចាត់ថា​ ការ​បង្កើត​ការងារផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​គឺ​ជា​អាទិភាព​សម្រាប់​រដ្ឋបាល​របស់​លោក​ ដែល​នេះ​ជា​ប្រធាន​បទ​ដែល​លោកប្រធានាធិបតី​បាន​និយាយ​សង្កត់​ធ្ងន់កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ទី​៧ ​ខែ​មេសា​នៅ​សេតវិមាន​ដោយ​អះអាងថា ​ចិន​និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ព្យាយាម​នាំ​មុខ​សហ​រដ្ឋ​អាមេរិក​«ដោយ​ព្យាយាម​គ្រប់គ្រង​អនាគត​តាម​ខ្លួនចង់បាន»។​

លោក​ Biden ​ចង់​ឲ្យ​សមាជិក​សភា​អនុម័ត​នូវ​ផែនការ​របស់​លោក​ដើម្បី​វិនិយោគ​ប្រាក់​ចំនួន​២​លាន​លាន​ដុល្លារ​នៅ​ក្នុង​ទស​វត្សរ៍​នេះដើម្បី​បង្កើត​ការងារ​ថ្មី​ចំនួន​រាប់​លាន។​

សមាជិក​គណបក្ស​សាធារណ​រដ្ឋ​នៅ​សភា​និយាយ​ថា ​ផែនការ​របស់​លោក​ Biden ​មាន​លក្ខណៈ​ទូលំទូលាយ​ពេក ​និង​ភាគច្រើន​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​រចនា​សម្ព័ន្ធ​ដែល​មាន​ពី​មុន​មក​ ដូចជា​ការ​លើក​កម្ពស់​គុណភាព​សេវា​កម្ម​រថភ្លើង​ដឹក​អ្នក​ដំណើរ ​ការ​ធ្វើ​ទំនើបកម្ម​ប្រលាន​យន្តហោះ ​និង​ការ​ជួសជុល​ផ្លូវ​ល្បឿន​លឿន​និង​ស្ពាន​ជា​ដើម។ ​គណបក្ស​សាធារណ​រដ្ឋ​ក៏​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​បែប​ផែន​នៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ផែនការ​នេះ​ ដោយ​ប្រឆាំង​នឹង​ការ​បង្កើន​អត្រា​ពន្ធដារ​លើ​សាជីវកម្ម។

លោក Mitch McConnell ​មេដឹកនាំ​សំឡេង​ភាគតិច​នៅព្រឹទ្ធ​សភា​ ​បាន​និយាយ​ថា ​លោក​ «សង្ឃឹម​ថា មិនមែន​គ្រប់​សមាជិក​គណបក្សប្រជាធិបតេយ្យ»​នឹង​គាំទ្រ​ច្បាប់​ស្តីពី​ផែនការហេដ្ឋារចនា​សម្ព័ន្ធ​របស់​លោក ​Biden​ ទេ​ ហើយ​ក្រុម​អ្នក​និយមកណ្តាល​ក្នុងគណបក្ស​ដឹកនាំ​នេះ​«នឹង​មាន​មន្ទិល​ខ្លះ​អំពី​ការ​ពង្រីក​កិច្ច​ការដ៏​ធំ​របស់រដ្ឋាភិបាល»។​

លោក​ប្រធានាធិបតី​អះអាង​ថា ​ដើម្បី​ប្រកួត​ឈ្នះ​ចិនប្រកប​ដោយ​ប្រសិទ្ធភាព​ ​រដ្ឋាភិបាល​ត្រួវ​ចំណាយ​ទឹកប្រាក់​រាប់​រយ​ពាន់លាន​ដុល្លារ ធ្វើ​ទំនើប​កម្ម​សាលារៀន ​លុប​បំបាត់​ចោល​ជាតិ​សំណ​នៅ​ក្នុង​ទឹក​ប្រើប្រាស់ ​សាងសង់​បណ្តាញ​ស្ថានីយ​បញ្ចូល​ភ្លើង​សម្រាប់​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ ​ពង្រីក​សេវាកម្ម​ផ្គត់ផ្គង់​អ៊ីនធើណិត ​និង​ជំរុញ​ការ​ផលិត​បន្ទះអេឡិចត្រូនិក​ហៅ​ semiconductor​ នៅ​ក្នុង​ស្រុក។​

លោក ​Biden ​បាន​ថ្លែង​ថា៖​ «តើ​លោក​អ្នក​គិត​ថា ​ចិន​នឹង​នៅ​បង្អង់​យូរ​ចំពោះ​ការ​វិនិយោគ​ផ្នែក​ឌីជីថល​លើ​ផ្នែក​ស្រាវជ្រាវ​ និង​អភិវឌ្ឍឬ? ខ្ញុំ​អាច​អះអាង​ចំពោះ​មុខ​លោក​អ្នក​ថា ​ពួកគេ​មិន​រង់ចាំ​នោះ​ទេ។ ​ប៉ុន្តែ​ពួកគេ​កំពុងតែ​កេង​ចំណេញ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យបែប​យឺតយ៉ាវ ​មាន​កម្រិត​ និង​មាន​ការ​បែងចែក​ខ្លាំងនៅ​សហ​រដ្ឋ​អាមេរិក​ដើម្បី​តាម​យើង​ឲ្យ​ទាន់»។

ចិន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេបង្អស់​ទី​ពីរ​នៅ​លើ​ពិភពលោក ​ ប៉ុន្តែ​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​នាំ​មុខ​សហ​រដ្ឋ​អាមេរិក​នៅ​ចុង​ទសវត្សរ៍​នេះ ​ឬ​នៅ​ដើម​ទសវត្សរ៍២០៣០៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG