ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​គាំទ្រ​ការ​​ដក​អាជ្ញាសាលា​​បទ​បំពាន​ផ្លូវ​ភេទ​ចេញ​ពី​បញ្ជាការ​យោធា​​អាមេរិក​


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ផ្តល់​សក្ខីកម្ម​ ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​ប្រាក់​បម្រុង​ទុក​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Lloyd Austin ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ លោក​នឹង​ធ្វើ​ការជាមួយ​សភា​អាមេរិកដើម្បី​ដក​អាជ្ញាសាលាអំពី​បទរំលោភ​ផ្លូវ​ភេទ​ចេញពីបញ្ជា​ការ​យោធា​អាមេរិក។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​គាំទ្រអនុសាសន៍​របស់គណៈ​កម្មការឯករាជ្យ​មួយ​លោក Austin ​និយាយ​ថា​លោក​ក៏​គាំទ្រ​ផង​ដែរ​នូវ​ការផ្លាស់​ប្តូរ​ដំណើរការ​កាត់​ទោសបទ​ឧក្រិដ្ឋ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដូច​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម។​

លោក ​Austin លើក​ឡើង​ថា៖ «ខ្ញុំ​គាំទ្ររឿង​នេះផង​ដែរ​ព្រោះ​វា​មាន​ទំនាក់ទំនង​គ្នា​រវាង​បទ​ឧក្រិដ្ឋ​ទាំង​នេះ​និង​ការ​កើត​មាន​ការ​បំពាន​ផ្លូវ​ភេទ​នោះ»។​

ប្រមុខ​មន្ទី​របញ្ចកោណអាមេរិក​រូប​នេះ​នៅ​ថ្ងៃ​ពុធ​គ្រោង​នឹង​ផ្តល់​សក្ខីកម្មនៅ​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃរដ្ឋសភា​អាមេរិក​ស្តីពី​ថវិការបស់​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក។

ការ​បំពាន​ផ្លូវ​ភេទ​នៅ​ក្នុង​ជួរ​កម្លាំង​យោធា​អាមេរិក​ត្រូវបាន​កំណត់​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ជា​យូរ​មក​ហើយ ដែល​ក្នុង​នោះ​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី ​Kirsten Gillibrand​ បាន​ស្នើ​សេចក្តីព្រាង​ច្បាប់​មួយ​ដែលនឹង​ឲ្យរដ្ឋ​អាជ្ញា​ឯករាជ្យ​ទទួល​បន្ទុក​ក្នុង​រឿង​ក្តី​ក្តាំ​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ​ក៏​ដូច​ជា​បទ​ឧក្រិដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ។​

របាយការណ៍​ការ​ស្ទង់​មតិ​មួយ​របស់​មន្ទីរ​បញ្ចកោណដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៨​បាន​បង្ហាញ​ថា​កង​យោធា​អាមេរិក​ប្រមាណ​ជាង​២ម៉ឺន​នាក់​រង​ការ​រំលោភបំពានផ្លូវ​ភេទនៅ​ក្នុង​ឆ្នាំ២០១៨។​

លោក​ Austin​ និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​បញ្ហា​នេះ​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់តែ​ធំឡើង​ហើយ​ឲ្យ​មន្ទីរ​បញ្ចកោណផ្លាស់​ប្តូរនូវ​របៀបដោះ​ស្រាយ​ក្នុង​ការការពារនិងផ្តល់​សេវា​សម្រាប់​ជន​រង​គ្រោះ៕

XS
SM
MD
LG