ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Yellen ថា លោក Biden នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​នឹង​ចិន​រឿង​បំពាន​ផ្នែក​ពាណិជ្ជកម្ម


រូបឯកសារ៖ ​អ្នកស្រី Janet Yellen ដែល​លោក Biden បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ថ្លែងនៅមហោស្រព Queen ក្នុងក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ​អ្នកស្រី Janet Yellen ដែល​លោក Biden បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ ថ្លែងនៅមហោស្រព Queen ក្នុងក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាល​ថ្មី​សហរដ្ឋ​អាមេរិក​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden នឹង​ប្រើ​គ្រប់​មធ្យោបាយ​និង​វិធីសាស្ត្រ​ដែល​មាន​ទាំងអស់​ ដើម្បី​ដោះសា្រយ​បញ្ហា​នៃ «ការ​អនុវត្ត​មិន​យុត្តិធម៌​និង​ខុស​ច្បាប់​ដ៏​ហួសហេតុ​របស់​ប្រទេស​ចិន» ដែល​កន្លង​មក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​របស់​អ្នកស្រី Janet Yellen ដែល​លោក Biden បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋបាល​របស់​លោក។

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​សវនាការ​តែងតាំង​អ្នកស្រី អ្នកស្រី Yellen បាន​និយាយ​ថា ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ «ក្រុមហ៊ុន​អាមេរិកាំង​ចុះខ្សោយ» ដោយ​គោល​នយោបាយ​មួយ​ចំនួន​ដូចជា ការ​ជួយ​ផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ចិន​ដោយ​ខុស​ច្បាប់ ការ​លក់​ផលិតផល​ចេញ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ ការ​លួច​កម្មសិទ្ធិ​បញ្ញា និង​ការ​រារាំង​នានា​ចំពោះ​ផលិតផល​របស់​សហរដ្ឋ​អាមេរិក​ជាដើម។

អ្នកស្រី​បន្ថែម​ដូច្នេះ​ថា៖ «យើង​ត្រូវ​តតាំង​ជាមួយ​នឹង​ការ​អនុវត្ត​មិន​យុត្តិធម៌​និង​ខុស​ច្បាប់​ដ៏​ហួសហេតុ​របស់​ប្រទេស​ចិន។ យើង​បាន​ត្រៀម​រួច​ហើយ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​គ្រប់​មធ្យោបាយ​ទាំង​អស់​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំង​នេះ»។

កន្លង​មក រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ជិត​អស់​អាណត្តិ Donald Trump បាន​ផ្ដោត​លើ​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន​គ្រប់​មធ្យោបាយ​ទាំង​អស់ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន​ផងដែរ។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកស្រី Yellen បាន​យល់ស្រប​ថា៖ «ប្រទេស​ចិន​គឺជា​គូ​ប្រជែង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​បំផុត​របស់​សហរដ្ឋ​អាមេរិក»។ ផ្ទុយ​ពី​លោក Trump អ្នកស្រី Yellen បាន​សង្កត់​ធ្ងន់​ថា វា​មាន​សារៈ​សំខាន់​ណាស់​ នៅ​ក្នុង​ការ «ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក» ដើម្បី​ទប់ទល់​នឹង​ការ​ប្រឈម​ទាំង​នេះ។

អ្នកស្រី Yellen ក៏​មិន​ខុស​ពី​លោក Trump និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អាណត្តិ​មុនៗ​ដែរ គឺ​បានចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ បាន​បញ្ជុះ​តម្លៃ​រូបិយវត្ថុ​របស់​ខ្លួន ដើម្បី​កេង​ចំណេញ​ខាង​ពាណិជ្ជ​កម្ម។

អ្នកស្រី​បាន​គូស​បញ្ជាក់​ថា តម្លៃ​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក «គួរតែ​កំណត់​ដោយ​ទីផ្សារ»។ អ្នកស្រី​បាន​សន្យា​ថា អ្នកស្រី​នឹង​ធ្វើការ​ដើម្បី​អនុវត្ត​ការ​សន្យា​របស់​លោក Biden នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​ពី​បរទេស​ នៅ​ក្នុង​ការ​ក្រឡុក​រូបិយវត្ថុ​ដើម្បី​កេង​ចំណេញ​ខាង​ពាណិជ្ជកម្ម៕

XS
SM
MD
LG