ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ព្រឹទ្ធសភា​សហរដ្ឋ​​អាមេរិក​អនុម័ត​លើ​ប្រព័ន្ធ​ពន្ធដារ


ប្រធានាធិបតី ដូណាល់ ត្រាំ (ទី៣​ពីឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​រាស្ត្រ​ដែល​ធ្វើ​ការ​លើ​ការ​កាត់​បន្ថយ​ពន្ធដារ នៅ​បន្ទប់​ប្រជុំ​​ទីស្ដីការនៅសេតវិមាន កាល​ពី​ថ្ងៃទី​១៣ ខែ​ធ្នូ។
ប្រធានាធិបតី ដូណាល់ ត្រាំ (ទី៣​ពីឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​រាស្ត្រ​ដែល​ធ្វើ​ការ​លើ​ការ​កាត់​បន្ថយ​ពន្ធដារ នៅ​បន្ទប់​ប្រជុំ​​ទីស្ដីការនៅសេតវិមាន កាល​ពី​ថ្ងៃទី​១៣ ខែ​ធ្នូ។

កាល​ពី​យប់​ថ្ងៃ​អង្គារ​ ព្រឹទ្ធសភា​ស.រ.អា.​បាន​បោះ​ឆ្នោត​សើ​រើ​ប្រព័ន្ធពន្ធដារ​នៃ​ប្រទេស​អាមេរិកដោយ​ផ្តល់​ឱ្យ​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​ពួក​សាធារណរដ្ឋ​ក្នុង​សភា​ស.រ.អា.​ នូវ​ជ័យជម្នះ​ធំ​មួយ​ខាង​នីតិបញ្ញត្តិ​និង​បំពេញ​តាម​ការ​សន្យា​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត។​

ពួក​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋដែល​មាន​វត្តមាន​ទាំង​អស់​៥១​នាក់​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​កាត់​បន្ថយ​ពន្ធដារ​និង​បង្កើត​ការងារ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Tax Cuts​ and Job Act ​ចំណែក​ឯ​ពួក​ប្រជាធិបតេយ្យ​ទាំង​អស់​៤៨​នាក់​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ។​

លោក​ Mike Enzi ​ប្រធាន​គណៈ​កម្មធិការថវិកា​នៃ​ព្រឹទ្ធសភា​ស​.រ.អា.​ដែល​ជា​អ្នក​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Wyoming បាន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ​យើង​ឈរ​លើ​ទី​យ៉ាង​ចោត​បំផុត​នៃ​ការ​កែ​ប្រែខ្លាំង​បំផុត​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធដារ​របស់​យើង​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ។​ នេះ​ជា​ពេល​វេលា​ជា​ប្រវត្តិសាស្ត្រ​មួយ»។

លោក​ Ron Wyden ​មក​ពី​រដ្ឋ​ Oregon ​ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​ជាន់​ខ្ពស់ក្នុង​គណៈកម្មា​ធិការ​ហិរញ្ញ​វត្ថុ​នៃ​ព្រឹទ្ធសភា​ស.រ.អា.​បាន​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ​គណបក្ស​សាធារណរដ្ឋ​បាន​បែរ​ខ្នង​ឱ្យ​ក្រុម​ជន​ឋានៈ​មធ្យម​នៃ​ប្រទេស​អាមេរិក។​ការ​បោះឆ្នោត​នេះ​នឹង​មិន​ត្រូវ​បំភ្លេច​ចោល​បាន​ទេ»។

សេចក្តី​ព្រាង​ច្បាប់​នេះ​លប់​ចោល​ពន្ឋដារ​លើ​ក្រុមហ៊ុន​ធំៗ​ជា​អចិន្ត្រៃយ៍​, កាត់​បន្ថយ​ជា​បណ្តោះ​អាសន្ន​នូវ​ពន្ធដារ​បង់​លើ​ប្រាក់​បៀវត្សរ៍​របស់​ជន ជាតិ​អាមេរិកាំង​ កម្រិត​ការ​កាត់​ពន្ធដារ​បែប​ប្រជាប្រិយ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ popular tax​ និង​បង្កើន​ការ​ជំពាក់​បំណុល​ជាតិ​របស់​ស.រ.អា.​ដល់​យ៉ាង​តិច​ណាស់​មួយ​លាន​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍។

សភា​តំណាង​រាស្ត្រអាមេរិកាំង​ដែល​ដឹក​នាំ​ដោយ​ពួក​សាធារណរដ្ឋ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​កាល​ពី​ពេល​មុន​នោះ​ក្នុង​ថ្ងៃ​អង្គារ​តាម​ការ​បោះឆ្នោត​តាម​គោល​នយបាយ​គណបក្ស។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​បោះឆ្នោត​ចុង​ក្រោយ​បង្អស់​សម្រាប់​កែ​ប្រែ​បញ្ហា​ខាង​បច្ចេកទេស​មួយ​ចំនួន​នៅ​មុន​ពេល​គេ​អាច​បញ្ជូន​វា​ទៅ​កាន់​សេតវិមាន​ដើម្បី​ឱ្យ​ប្រធានាធិបតី ត្រាំ ​ចុះហត្ថលេខា៕

XS
SM
MD
LG