ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ក្រុង​ New York​ សម្រេច​ឲ្យ​អាមេរិក​រឹប​អូស​នាវា​ឃាត់​បាន​នៅ​កម្ពុជា ដោយ​ចោទ​ថា​លួច​ដឹក​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង


រូបថត​មិន​មាន​កាល​បរិច្ឆេទ​នេះ​​ ដែល​ត្រូវ​​ផ្តល់​ឱ្យ​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក កាល​​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​នាវា​​ឈ្មោះ​ M/T Courageous សំចត​នៅ​ទី​តាំង​ដែល​គេ​មិន​បញ្ជាក់​មួយ​កន្លែង។
រូបថត​មិន​មាន​កាល​បរិច្ឆេទ​នេះ​​ ដែល​ត្រូវ​​ផ្តល់​ឱ្យ​ដោយ​ក្រសួង​យុត្តិធម៌​អាមេរិក កាល​​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​នាវា​​ឈ្មោះ​ M/T Courageous សំចត​នៅ​ទី​តាំង​ដែល​គេ​មិន​បញ្ជាក់​មួយ​កន្លែង។

ជាង​មួយ​ឆ្នាំ ក្រោយ​ការ​ឃាត់​ទុក​នាវា​ដ៏​ធំ​មួយ​នៅ​ក្នុង​ដែន​ទឹក​នៃ​ខេត្ត​ព្រះសីហនុ ចៅក្រម​នៃ​តុលាការ​សហព័ន្ធ​អាមេរិក​ក្នុង​ទីក្រុង ​New York បាន​សម្រេច​ឲ្យ​សហរដ្ឋ​អាមេរិក​រឹប​អូស​យក​នាវា​នោះ​មក​គ្រប់គ្រង។ នេះ​បើ​យោង​តាមសេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

នាវា​ដឹក​ប្រេង​នោះ​មាន​ឈ្មោះ​ M/T Courageous គ្រប់​គ្រង​ដោយ​ជនជាតិ​សិង្ហបុរី​ម្នាក់ ត្រូវ​បាន​ឃាត់​រក្សា​ទុក​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ តាម​ដីកា​របស់​អាមេរិក ដោយ​ចោទ​ថា​នាវា​នោះ​ធ្លាប់​បានដឹក​ប្រេង​ដោយ​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​អាជ្ញាធរ​កម្ពុជា និង​អាមេរិក​ដែល​បាន​ប្រាប់​វីអូអេ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឲ្យ​ដឹង​ថា​នាវា​នោះ​អាច​ផ្ទុក​ប្រេង​បាន​ប្រមាណ​២.៧៣៤​តោន ដោយ​ធ្លាប់​បាន​លួច​ដឹក​ប្រេង ដើម្បី​ផ្ទេរទៅ​នាវា​ផ្សេង​ទៀត ដែល​អាច​ចូល​ដល់​ផែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

ដោយ​រក​ឃើញ​ការ​បំពាន​នឹង​ទណ្ឌកម្ម​អន្តរ​ជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ចៅក្រម​សហព័ន្ធ​នៃ​ក្រុង​New York បាន​សម្រេច​ឲ្យ​អាមេរិករឹបអូស​នាវា​នោះ ដែល​តុលាការ​រក​ឃើញ​ថា​ធ្លាប់​បាន​ដឹក​ប្រេង​ដើម្បី​បញ្ជូន​ទៅ​កូរ៉េ​ខាង​ជើង​ចាប់​ពី​ខែ​សីហា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​មាន​តម្លៃ​ប៉ាន់​ប្រមាណ​១​លាន​៥​សែន​ដុល្លារ​អាមេរិក។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ វានា​នោះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ជន​ជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ Kwek Kee Seng ដែល​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ។

សេចក្តី​ថ្លែង​ការណ៍​មិន​បាន​បញ្ជាក់ថា​តើ​ហេតុ​អ្វី​ទើប​មាន​ការ​ចោទ​ប្រកាន់ប្រឆាំង​នឹង​បុគ្គល​ឈ្មោះ​Kwekនា​ពេល​នេះ ក្រោយ​នាវា​ដឹក​ប្រេង​នេះ ត្រូវ​បាន​ឃាត់​ទុក​នៅ​ដែន​ទឹក​កម្ពុជា​ជាង​មួយ​ឆ្នាំ​មក​ហើយ។

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ កម្លាំង​ប៉ូលិស​សិង្ហ​បុរី​នៃ​ក្រសួង​កិច្ចការ​សាធារណៈ​បាន​បង្ហោះ​សារ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន​ថា​សិង្ហបុរី​នឹង​ជួយ​អាជ្ញា​ធរ​អាមេរិកក្នុង​រង្វង់​ច្បាប់​របស់​ប្រទេស​ខ្លួន និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ក្នុង​កាតព្វកិច្ច​អន្តរ​ជាតិ។

លោក តេង ​សួន ដែល​ជា​អគ្គស្នងការ​រង​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ទទួល​បន្ទុក​លើ​កិច្ច​ការ​សមុទ្រ បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ក្រោយ​ឃាត់​ទុក​នាវា​នោះ អាជ្ញាធរ​កម្ពុជា​បានកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះ​សីហនុ ហើយ​កាល​ពី​កន្លង​ទៅ តុលាការ​បាន​សម្រេច​ឲ្យ​ដាក់​បញ្ចូល​នាវានេះ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។

លោក​បន្ថែម​ថា​នៅ​ពេល​ឃាត់​នាវា​នោះ អាជ្ញាធរ​កម្ពុជា​ក៏​បានចាប់​ខ្លួន​នាវឹក​១៦​នាក់ ដែល​ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី និង​មីយ៉ាន់ម៉ា។ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ។

លោក​ឲ្យ​ដឹង​ទៀត​ថានាវា​នោះ​ចេញ​ពី​កោះ​តៃវ៉ាន់ ហើយ​ពេល​ឃាត់​បាន​ក្នុង​ដែន​ទឹក​កម្ពុជា មិន​មាន​ផ្ទុក​ប្រេង​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ពេល​ដែល​យើង​ឃាត់​ហ្នឹង អត់​មាន​ប្រេង​ទេ ប្រហែល​ជា​វា​មក​ចាំ​អី​ម៉េច​ទេ»។

លោក​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​ខាង​តុលាការ​វិញ​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ភាគី​ទាំង​ពីរ​កំពុង​ទាក់​ទង​គ្នា ដើម្បី​ដោះ​ស្រាយ​ករណី​នេះ។

លោក​បន្ថែម​ថា៖ «មក​ពី​គោរព​តាម​ច្បាប់​អន្តរ​ជាតិ​ហ្នឹង​ហើយ បាន​យើង​ចាប់​រក្សា​ទុក។ ហើយ​ឥឡូវ​នេះ​ខាង អាមេរិក​ខាង​ជំនាញ​គេ​ហ្នឹង កំពុង​ទាក់ទង​គ្នា ដោះ​ស្រាយ​គ្នា​ជាមួយកម្ពុជា​យើង​ហើយ»។

ចំណែក​លោក ឌឹម សំបូរ ប្រធាន​អង្គភាព​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ បាន​ថ្លែង​ថា​អាជ្ញាធរ​បាន​ចាប់​នាវា​នោះ កាល​ពី​ឆ្នាំ​មុន ហើយ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​រួច​ហើយ។ លោក​ស្នើ​ឲ្យ​ទាក់ទង​ខាង​តុលា​ការ​វិញ។

លោក​បញ្ជាក់​ថា៖ «ពាក់​ព័ន្ធ​នឹង​ការងារ​ហ្នឹង ប្អូន​ទាក់​ទង​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុទៅ គាត់​សម្រេច​យ៉ាង​ម៉េចៗ គាត់​ច្បាស់​ជាង​ខ្ញុំ»។

លោក​ឲ្យ​ដឹង​ទៀត​ថានាវា​នោះមិន​មាន​ដឹក​ប្រេង​អ្វី​នោះ​ទេ ពេល​អាជ្ញាធរ​កម្ពុជា​ឃាត់​បាន។

លោក ហួត វិចិត្រ ព្រះ​រាជ​អាជ្ញា​រង និង​ជាអ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ បាន​ប្រាប់​វីអូអេតាម​រយៈ​ប្រព័ន្ធ​តេឡេក្រាម (Telegram)​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​នាវា​ដឹក​ប្រេង​នេះ​ទេ ដោយ​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដូច​ជា​ស្ថានទូត​អាមេរិក ឬ​ក្រសួង​ការ​បរទេស​កម្ពុជា ឬ​ក្រសួង​យុត្តិធម៌ ដើម្បី​ទទួលព័ត៌មាន​ផ្លូវការ​ពី​ខាង​ស្ថាប័ន​ទាំង​អស់​នោះ។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌ បាន​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​ក្រសួង​ការបរទេស​កម្ពុជា​វិញ។

វីអូអេ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

អ្នកនាំ​ពាក្យ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Stephanie Arzate ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​អាមេរិក​នៅ​តែ​មាន​ទំនាក់ទំនងជាមួយអាជ្ញាធរ​កម្ពុជា​លើ​ករណី​នេះ។ អ្នកស្រី​ស្នើ​ឲ្យ​ទាក់​ទង​ទៅ​ក្រសួង​យុត្តិធម៌​កម្ពុជា ដើម្បី​ដឹង​អំពី​ជំហានបន្ត​បន្ទាប់​ទៀត ក្រោយ​ពី​ការ​ចេញសេចក្តី​សម្រេច​ឲ្យ​រឹប​អូស​នាវា​នេះ។

គួរ​បញ្ជាក់​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រង​ទណ្ឌកម្ម​ពី​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ទណ្ឌកម្ម​អន្តរ​ជាតិ​ផ្សេង​ៗទៀត ដោយ​សារ​បញ្ហា​អាវុធ​នុយក្លេអ៊ែ​ក្នុង​ប្រទេស​នេះ។ ទណ្ឌកម្ម​នេះ​កំហិត​ការ​នាំ​ចូល​ប្រេង​និង​សម្ភារៈ​ផ្សេងៗ​ចូល​ក្នុងប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG