ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ចាប់​ខ្លួន​បុរស​ដែល​សម្លាប់​ស្រ្តី​ជន​ជាតិ​អាមេរិក​នៅ​កោះរ៉ុង ៨​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម


រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ អ្នកទេសចរដើរនៅតាមឆ្នេរសមុទ្រនៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។

ជន​ដៃ​ដល់​ដែល​បាន​សម្លាប់​ស្រ្តី​ជន​ជាតិ​អាមេរិក​កាំង​ម្នាក់​នៅ​កោះ​រ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ឆ្នាំ​២០១៣ ត្រូវ​បាន​ចាប់​ខ្លួនហើយ បន្ទាប់​ពី​បានរត់​គេច​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នេះ​បើ​តាម​មន្រ្តីជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ អ្នក​នាំពាក្យ​នគរបាល​ជាតិ និង​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះ​សីហនុ។

សហរដ្ឋ​អាមេរិក​កាល​ពី​កន្លង​ទៅ​បាន​ជំរុញ​ឲ្យ​កម្ពុជា​តាម​ចាប់​ជន​ដៃ​ដល់​ឈ្មោះ​ យ៉ាន់ យឿន​ អាយុ​៤០​ឆ្នាំ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ ហើយ​ឈ្មោះ​របស់​លោក​ក៏​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​អន្តរ​ជាតិ ​Interpol ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​លោក Patrick Murphy ​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង និង​ជំរុញ​ឲ្យ​តាម​ចាប់​ខ្លួន​បុរស​នោះ។

លោក ​ផាត សុផានិត​ អ្នក​នាំពាក្យ​ម្នាក់នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​យ៉ាន់ យឿន ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

លោក​បញ្ជាក់​ថា៖ «ក្រោយ​ការ​ចាប់​ខ្លួន ជន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​ព្រះ​សីហនុ ដើម្បី​ចាត់ការបន្ត​តាម​នីតិវិធី»។

ជនដៃដល់ ឈ្មោះ យ៉ាន់ យឿន អាយុ៤០ឆ្នាំ មានស្រុកកំណើតក្នុងខេត្តតាកែវ ត្រូវបានឃាត់ខ្លួនកាលពីអំឡុងពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីសម្លាប់ស្រ្តីជនជាតិអាមេរិកកាំងម្នាក់នៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៣។
ជនដៃដល់ ឈ្មោះ យ៉ាន់ យឿន អាយុ៤០ឆ្នាំ មានស្រុកកំណើតក្នុងខេត្តតាកែវ ត្រូវបានឃាត់ខ្លួនកាលពីអំឡុងពាក់កណ្តាល ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីសម្លាប់ស្រ្តីជនជាតិអាមេរិកកាំងម្នាក់នៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៣។

លោក​ឆាយ គឹមខឿន​អ្នក​នាំពាក្យ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បាន​ប្រាប់​វីអូអេ​ថា​បុរស​រូប​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ហើយ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះ​សីហនុ។ លោក​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​អំពី​ការ​ចាប់​ខ្លួន​នេះ ខណៈ​កន្លង​ទៅ​បុរស​ម្នាក់​នេះ​បាន​រត់​គេច​ពី​ការ​ចាប់​ខ្លួន ហើយ​ប៉ូលិស​បាន​លើក​ឡើង​ថា​បុរស​នោះ​បានឆ្លង​ចូល​ប្រទេស​ថៃ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ដូច​ជា​មិន​អាច​បញ្ជាក់​ជូន​ថា​មូលហេតុ​ម៉េច​ទេ។ ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច គេ​មាន​វិធី​សាស្រ្ត​របស់​គេ»។

ស្នង​ការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​លោក ​ម៉ុន មាគ៌ា ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​រឿង​នេះ ដោយ​បង្វែរ​សំណួរ​ទៅ​ខាង​ក្រសួង​មហាផ្ទៃ​វិញ។

កាល​ពីថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៣ សាក​សព​របស់​ស្រ្តី​ជនជាតិ​អាមេរិក​កាំង​មក​ពី​រដ្ឋ​ California​សហរដ្ឋ​អាមេរិក ឈ្មោះ​អ្នកស្រី​ Katherine Ann Grgich​ អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​កោះរ៉ុង ទីកន្លែង​ដែល​អ្នកស្រី​មក​កម្សាន្ត​វិស្សមកាល។ ប៉ូលិស​បាន​រាយ​ការណ៍​ថា​អ្នកស្រី​ត្រូវ​បាន​ប្លន់ រួច​ហើយ​ត្រូវ​បាន​សម្លាប់។ ប៉ូលិស​បាន​ស៊ើប​អង្កេត​ឃើញ​ថា​ភរិយា​របស់​ជនដៃ​ដល់​មាន​កាមេរ៉ា​ដែល​ជា​របស់​ស្រ្តី​ជនជាតិ​អាមេរិក​កាំង​នោះ។ កាមេរ៉ា​នោះ​ត្រូវ​បាន​រាយការណ៍​ថា​ជនដៃ​ដល់​ឲ្យ​ភរិយា​យក​ទៅ​លក់។

លោក ​ហួត វិចិត្រ​ព្រះ​រាជ​អាជ្ញារង​និង​ជា​អ្នក​នាំ​ពាក្យ​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ជំនាញនៃ​នាយក​ដ្ឋាន​នគរ​បាល​សន្ដិសុខ​ផ្ទៃ​ក្នុង​របស់​ក្រសួង​មហាផ្ទៃ បាន​អនុវត្ដ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឃុំ ចុះ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០​១៥ របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ដ​ព្រះ​សីហនុ។ លោក​បន្ត​ថា​កម្លាំង​ចម្រុះ​បាន​ចាប់​ខ្លួន​លោក យ៉ាន់ យឿន មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំដិន ស្រុក​គីរី​វង្ស ខេត្ដ​តាកែវ ប៉ុន្តែ​មាន​ទី​លំនៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​ថ្មតា​ដោក ឃុំ​ជាំ​ក្រ​វៀន ស្រុក​មេមត់ ខេត្ដ​ត្បូងឃ្មុំ។

រូបឯកសារ៖ មន្ត្រីប៉ូលិសស៊ើបអង្កេតរបស់កម្ពុជានិងសត្វសុនខ នៅពេលធ្វើកិច្ចការស៊ើបអង្កេតលើការបាត់ខ្លួនរបស់ទេសចរជនជាតិអង់គ្លេសម្នាក់ នៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។
រូបឯកសារ៖ មន្ត្រីប៉ូលិសស៊ើបអង្កេតរបស់កម្ពុជានិងសត្វសុនខ នៅពេលធ្វើកិច្ចការស៊ើបអង្កេតលើការបាត់ខ្លួនរបស់ទេសចរជនជាតិអង់គ្លេសម្នាក់ នៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩។

លោក​ជាប់​ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​សារ​មរណ​ភាព​នៃ​ជន​រង​គ្រោះ ប្រព្រឹត្ដ​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុង ក្រុង​កោះរ៉ុង ខេត្ដ​ព្រះសីហនុ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​តុលាការ។

លោក យ៉ាន់ យឿន ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ដ​ព្រះ​សីហនុ តាម​អំណាច​សាលក្រម​ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​សាលា​ដំបូង​ខេត្ដ​ព្រះសីហនុ ដែល​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ​ខាង​លើ​ដាក់​ពន្ធនា​គារ​១៧​ឆ្នាំ។

លោក អ៊ូច យឿន មេឃុំ​ជាំក្រវៀន ដែល​ជាកន្លែង​បុរស​នោះ​ត្រូវ​បាន​ចាប់​ខ្លួន ប្រាប់​វីអូអេ​ថា​បុរស​នោះ​មក​រស់​នៅ​ក្នុង​ភូមិមួយ​រយៈ​មក​ហើយ មុន​នឹង​មាន​ការ​ចាប់​ខ្លួន​នេះ។

លោក Arend Swartjes​ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ ក្រោម​ហេតុផ​ល​ថា​«រក្សា​សិទ្ធិ​ឯកជន»។ លោក​ស្នើ​ឲ្យ​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា​វិញ​អំពី​ការ​ចាប់​ខ្លួន​នេះ។

លោក Patrick Murphy ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​Twitter​ របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ដោយ​កោត​សរសើរ​ខ្លាំង​ក្លា​លើ​ការងារ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ចាប់​ខ្លួន​អ្នក​សម្លាប់​ជនជាតិ​អាមេរិកកាំង ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អ្នកស្រី Katherine Ann Grgich៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG