ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​បាន​បិទ​ការ​រកស៊ី​របស់​កូរ៉េខាង​ជើង​តាម​ទណ្ឌកម្ម​អន្តរជាតិ​


រូប​ឯកសារ៖ ភោជនីយដ្ឋាន​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រាជធានី​ភ្នំពេញ។
រូប​ឯកសារ៖ ភោជនីយដ្ឋាន​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ប្រទេស​កម្ពុជា​បាន​បិទ​ភោជនីយដ្ឋាន​កូរ៉េ​ខាងជើង​ទាំង​៦​ និង​សារមន្ទីរ​ប៉ាណូរ៉ាម៉ា​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​ដើម្បី​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។​ នេះ​បើតាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ និង​អន្តរជាតិ។​

លោក​ តុប សុភ័ក្ត្រ​ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន​ចំនួន​៤​នៅ​រាជធានី​ភ្នំពេញ​និង​២​កន្លែង​ទៀត​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្តសៀមរាប​បាន​បិទ​កាលពី​ថ្ងៃទី ​២២​ខែធ្នូ​ ស្រប​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដែល​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​បញ្ឈប់​ប្រតិបត្តិការ​រក​លុយ​របស់ជនជាតិ​កូរ៉េខាង​ជើង​នៅ​ក្រៅ​ប្រទេស។​

សារមន្ទីរ​ប៉ាណូរ៉ាម៉ា​របស់​កូរ៉េខាង​ជើង​នៅ​ខេត្ត​សៀមរាប​ក្បែរ​ប្រាសាទ​អង្គរវត្តដែល​បាន​បើក​កាល​ពី​ឆ្នាំ​២០១៥​ ហើយ​ដែល​កាន់កាប់​ដោយ​ជនជាតិ​កូរ៉េ​ខាង​ជើង​ក៏​បាន​បិទ​ដែរ។​

លោក​ កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យដឹង​ថា​ មាន​ជនជាតិ​កូរ៉េខាង​ជើង​ប្រមាណ​៣០០​នាក់​កំពុង​ធ្វើការ​នៅ​កម្ពុជា​មុន​ពេល​បិទ​អាជីវកម្ម​និង​សារមន្ទីរ​ទាំង​នោះ។ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ កាល​ពីដើម​សប្តាហ៍​នេះ។​

ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អជាយូរ​មក​ហើយ​ជាមួយ​កូរ៉េ​ខាងជើង ​ជាពិសេស​ក្នុង​អំឡុង​ពេល​សម្តេច​ព្រះ​រមរតនៈកោដ្ឋ​នរោត្តម​សីហនុ​នៅ​មាន​ព្រះជន្ម។ ​ព្រះអង្គបាន​សោយ​ទិវង្គត​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​១៥​ ខែ​តុលា ​ឆ្នាំ​២០១២៕​

XS
SM
MD
LG