កាលពីថ្ងៃអង្គារស.រ.អា.និងក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកបាននិយាយថាពួកគេនឹង«បង្កើនយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាម»។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍នៅក្នុងការប្រជុំមួយកាលពីថ្ងៃអង្គារនៅក្នុងក្រុង Rome នៃក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេស២៣ដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម Jihad រដ្ឋឥស្លាមថា «ពិភពលោករំពឹងថាមានសន្តិសុខពីយើងហើយយើងនឹងបំផ្លាញក្រុម ISIS» ។
លោក Kerry បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅក្រោយការប្រជុំនេះថា «យើងនឹងរក្សាការដាក់សម្ពាធ, គាបសង្កត់ពួក Daesh ពីគ្រប់ជ្រុងទាំងអស់ កម្ចាត់ការប៉ុនប៉ងរបស់ពួកវាដើម្បីបង្កើតបណ្តាញនៅកន្លែងឯទៀតៗ, កាត់ផ្តាច់ការផ្តល់ប្រាក់របស់ពួកវានិងលាតត្រដាងការនិយាយកុហករបស់ពួកវាផងដែរ»។
ក្រុមចម្រុះបានកត់សម្គាល់អំពីជំហានវែងៗដែលពួកគេបានធ្វើប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋឥស្លាមដោយនិយាយថា ពួកនេះបានបាត់បង់៤០ភាគរយនៃដែនដីដែលពួកវាវាយយកបានក្នុងប្រទេសអ៊ីរ៉ាក់និង២០ភាគរយនៅក្នុងប្រទេសស៊ីរី។
លោក Kerry បានមានប្រសាសន៍ថា «យើងប្តេជ្ញាប្រើប្រាស់ប្រភពទាំងអស់ដែលយើងមានដើម្បីធ្វើការវាយលុកលើគ្រប់ផ្នែកទាំងអស់»៕