ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.នឹង​ស្វះសែ្វង​ចំណាត់​ការ​ចំពោះ​ការបាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់


រូប​ថត​នៃ​កាំជ្រួច​មីស៊ីល​ ត្រូវ​បាន​បញ្ចេញ​ដោយ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៥។​
រូប​ថត​នៃ​កាំជ្រួច​មីស៊ីល​ ត្រូវ​បាន​បញ្ចេញ​ដោយ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការពារ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៥។​

សហរដ្ឋ​អាមេរិក​នឹង​ស្វះស្វែង​រក​ចំណាត់​ការ​សមរម្យ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀតប្រឆាំង​នឹង​ប្រ​ទេស​អ៊ីរ៉ង់ចំពោះ​ការ​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ីបាល់លីស្ទិចនៅ​ដើម​សប្តាហ៍​នេះ។​

លោកស្រី Samantha Power ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិកប្រចាំ​នៅ​អង្គការ​ស​ហ​ប្រជាជាតិ​បាន​ប្រាប់​ VOA កាល​ពី​ថ្ងៃ​សុក្រ​ថា ៖

«យើង​ត្រូវ​តែ​ពិនិត្យ​មើល​ទៅ​លើ​ការ​ពិត​ ហើយឥឡូវ​នេះវា​បាន​បង្ហាញ​ថា​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ដែលអ៊ីរ៉ង់​បានធ្វើ​ឡើង​បាន​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។ ​ដូច្នេះយើង​នឹង​យក​បញ្ហានេះ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជា ជាតិ​ហើយ​និងចាត់​វិធានការ​ដ៏​សមរម្យ ​ហើយ​យើង​ក៏​កំពុងពិនិត្យ​មើល​បញ្ហា​ផ្សេង​ៗ​ទៀត​ជា​ទ្វេភាគី​ដែល​យើង​អាច​ធ្វើ​ដែរ។

កាល​ពី​ថ្ងៃ​ពុធ លោក​ស្រី​ឯក​អគ្គ​រដ្ឋទូត​ Power បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ ទីក្រុង​វ៉ាស៊ីនតោន ​បាន​ពិនិត្យ​មើល​គ្រប់​លទ្ធភាពដែល​អ៊ីរ៉ង់​បាន​រំលោភ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ចំពោះ​ការ​បាញ់​បង្ហោះ​កាំជ្រួច​នេះ។

លោកស្រី​ឯក​អគ្គ​រដ្ឋ​ទូត ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​បញ្ជាក់​ពី​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ Ballistic ​វង់​ប្រតិបត្តិការ​មធ្យម ​ដែល​មាន​លទ្ធភាព​ផ្ទុក​ក្បាល​នុយក្លេអ៊ែ​កាល​ពី​ថ្ងៃ​ទី១០ ខែតុលា​ ជា​ការ​រំលោភ​យ៉ាង​ច្បាស់​នូវ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​១៩២៩ ដែល​បាន​អនុម័ត​កាល​ពី​៥ឆ្នាំ​មុន ដែល​ហាម​ឃាត់​សកម្មភាព​បែបនេះ។

លោកស្រី​ឯក​អគ្គរដ្ឋ​ទូត Power បាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ប្រុង​ប្រៀបរៀប​ចំ​របាយការណ៍​ស្តី​ពី​ឧបទ្ទវេហតុ​នេះ​ ​ដើម្បី​ដាក់​ជូន​គណៈ​កម្មាធិការ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​ក៏​នឹង​លើក​ឡើង​បញ្ហា​នេះ​ដោយ​ផ្ទាល់​ជាមួយ​សមាជិកក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ៕

XS
SM
MD
LG