កាំជ្រួចមីស៊ីល៤របស់ប្រទេសរុស្ស៊ីបានបាញ់ចេញពីនាវាចម្បាំងនៅក្នុងសមុទ្រ Caspian បានធ្លាក់ចូលក្នុងប្រទេសអ៊ីរ៉ង់ ដោយធ្លាក់ជិតជាងទីដៅរបស់វាដែលបាញ់សំដៅទៅប្រទេសស៊ីរី នេះតាមការបញ្ជាក់របស់មន្រ្តីសហរដ្ឋអាមេរិកម្នាក់ប្រាប់ VOA។ មន្រ្តីរូបនោះបាននិយាយថា មិនមានការបញ្ជាក់ពីការខូចខាតនោះទេ។
កាលពីថ្ងៃពុធ រុស្ស៊ីបានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរីដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងតាមយន្តហោះ។ នេះជាលើកទីមួយហើយ ដែលការវាយប្រហារកាំជ្រួចមីស៊ីលបានបាញ់ចេញពីសមុទ្រ Caspian ដែលមានការគាំទ្រពីប្រតិបត្តិការថ្មើរជើងដ៏សំខាន់មួយរបស់កងទ័ពស៊ីរី។
ក្រុមមន្រ្តីរុស្ស៊ីបាននិយាយថា កាំជ្រួចមីស៊ីលចំនួន២៦ដើម បានត្រូវបាញ់ទៅលើទីដៅរបស់ក្រុមរដ្ឋឥស្លាមចំនួន១១ ដែលក្រុមមន្រ្តីនោះ និយាយថា បានកម្ទេចទីដៅទាំងនោះដោយគ្មានជនស៊ីវិលស្លាប់ និងរងរបួសទេ។
បន្ទាប់ពីការកត់សម្គាល់ពីសកម្មភាពយោធារបស់រុស្ស៊ីរីកកាន់តែធំឡើងក្នុងប្រទេសស៊ីរី លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ បាននិយាយថា សម្ព័ន្ធមិត្តបានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍បង្កើនទ្វេដងនូវទំហំកងទ័ពឆ្លើយតបរហ័សរបស់ខ្លួនដល់ចំនួន៤ម៉ឺននាក់។
អត្ថាធិប្បាយរបស់លោក Stoltenberg បានកើតមានឡើងនៅក្នុងទីក្រុងព្រុចសែល (Brussels) ដែលអន្តរាគមន៍របស់រុស្ស៊ីក្នុងសង្គ្រាមស៊ីវិលស៊ីរីបានស្ថិតនៅលើវារៈនៅក្នុងការពិភាក្សាក្នុងចំណោមរដ្ឋមន្រ្តីការពារប្រទេសរបស់អង្គការអូតង់។
បញ្ហានេះកាន់តែមានសារៈសំខាន់ខ្លាំងឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍នៅសប្តាហ៍នេះថា យន្តហោះចម្បាំងរុស្ស៊ីបានទាក់ទិនក្នុងការវាយប្រហារតាមអាកាសស៊ីរីបានរំលោភដែនអាកាសប្រទេសតួកគី ដែលជាសមាជិកខាងយោធា របស់សម្ព័ន្ធមិត្តដែលគាំទ្រដោយសហរដ្ឋអាមេរិក៕