ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អ. ស្វែងរក​ការគាំទ្រ​ឲ្យ​បាន​ចូល​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​​អ.ស.ប.​ឡើងវិញ


រូបឯកសារ៖ កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស​កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស​កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក ​កំពុង​ស្វះស្វែង​ឲ្យ​មាន​ការ​បោះឆ្នោត​គាំទ្រ​ខ្លួន​សម្រាប់​តំណែង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បន្ទាប់ពី​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​ក្រុមប្រឹក្សា​នេះ​មក។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken។

លោក Blinken បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​សារ​ជា​វីដេអូ​មួយ​ថា៖ «ខ្ញុំ​រីករាយ​នឹង​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ស្វែងរក​ការ​បោះឆ្នោត​គាំទ្រ​សម្រាប់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​អាណត្តិ​ឆ្នាំ ២០២២ ដល់ ២០២៤»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​ស្នើ​ដោយ​ការ​គោរព​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ទាំង​អស់ ​ឲ្យ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ការ​ប្រឹងប្រែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ទទួល​បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ឡើង​វិញ»។

សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា ខ្លួន​នឹង​ចូលរួម​ឡើង​វិញ​ជាមួយ​បណ្ដា​ប្រទេស​ទាំង ៤៧ ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ ក្រោយ​ពេល​ដែល​រដ្ឋបាល​របស់​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​ក្រុមប្រឹក្សា​នេះ​ កាលពី​ខែ​មិថុនា ឆ្នាំ២០១៨ មក។

ទោះបីជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បេ្ដជ្ញា​ថា​ នឹង​ចាប់ផ្ដើម​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្មភាព​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នេះ​ភ្លាមៗ​ក៏​ដោយ ក៏​ខ្លួន​មិន​អាច​ទទួល​បាន​សមាជិក​ភាព ដែល​ខ្លួន​បាន​បោះបង់​ចោល​កាល​ពី៣ឆ្នាំ​មុន​នេះ​ឡើង​វិញ​ ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ឡើយ។

ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​បន្ទាប់​នៃ​តំណែង​ជាសមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ៕

XS
SM
MD
LG