ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក៖ មិន​មាន​ការ​ផ្លាស់ប្តូរ​ទណ្ឌកម្ម​​លើ​​​វ៉េណេស៊ុយអេឡា​ទេ


រូប​ឯកសារ៖ បុរស​ម្នាក់​លុត​ជង្គង់​នៅ​មុខ​ក្រុម​ប៉ូលិស​ដែល​រាំង​ខ្ទប់​​ការ​ដើរ​តវ៉ា​មួយ​ដឹកនាំ​ដោយ​មេដឹកនាំ​ប្រឆាំង​លោក Juan Guaido នៅ​ទី​ក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាល​ពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០។
រូប​ឯកសារ៖ បុរស​ម្នាក់​លុត​ជង្គង់​នៅ​មុខ​ក្រុម​ប៉ូលិស​ដែល​រាំង​ខ្ទប់​​ការ​ដើរ​តវ៉ា​មួយ​ដឹកនាំ​ដោយ​មេដឹកនាំ​ប្រឆាំង​លោក Juan Guaido នៅ​ទី​ក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា កាល​ពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២០។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ​បាន​និយាយ​ថា​ ការផ្លាស់ប្តូរ​ណា​មួយ​ក្នុង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា​ អាច​កើតមាន​ឡើង​បានលុះ​ត្រា​តែ​មានឆ្លើយតប​ដោយ​ជំហរ​ស្ថាបនា​មួយ​ចំនួន​ ដោយ​របប​លោក Maduro ​ដើម្បី​ស្តារឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។​

ថ្លែង​ទៅ​កាន់​ក្រុមអ្នក​សារព័ត៌មាននៅ​ក្រៅជំនួប​កិច្ចប្រជុំ​នៃអង្គការ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាមេរិក​ (OAS) ​ក្នុង​រដ្ឋធានី​លីម៉ា​ ប្រទេស​ប៉េរូ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ប្រមុខ​ការទូត​អាមេរិក​រូប​នេះនិយាយ​ថា៖​ «គោលនយោបាយ​ឬ​របៀបទាក់ទងរបស់​យើង​ចំពោះ​ប្រទេស​វ៉េណេស៊ុយអេឡា មិនមាន​ការ​ផ្លាស់​ប្តូរ​អ្វី​នោះ​ឡើយ»។

ចម្លើយ​របស់​លោក​ Blinken​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅនឹងសំណួរ​មួយ​អំពីសេចក្តី​រាយការណ៍​ព័ត៌មាននានា​ ​ដែល​ថា​ សហរដ្ឋអាមេរិកកំពុង​ត្រៀមខ្លួន ដើម្បី​អនុញ្ញាត​ឱ្យក្រុមហ៊ុន​ប្រេង​អាមេរិក​ Chevron Oil ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ក្នុងប្រទេស​វ៉េណេស៊ុយអេឡា។​

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ប្រេងទៅ​លើវ៉េណេស៊ុយអេឡាក្នុង​ឆ្នាំ​២០១៩​ បន្ទាប់​ពីគេ​បាន​ទទួល​ស្គាល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺលោក ​Juan Guaido ​ថា​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ មិន​មែន​លោក ​Nicolas Maduro នោះ​ឡើយ។​

លោក Blinken បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​មាន​ភាព​ច្បាស់លាស់​ដែល​ថា​ ខ្លួន​នឹង​សើរើ​ពិនិត្យ​ឡើងវិញទៅ​លើ​គោលនយោបាយ​ទណ្ឌកម្ម​របស់​ខ្លួន​ «ក្នុង​ការ​ឆ្លើយ​តបចំពោះ​ជំហរ​ស្ថាបនា​ទាំង​ឡាយ​ ដោយ​របបលោក Maduro ​ឆ្ពោះ​ទៅ​កាន់ការបោះឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌»។

លោក​ Blinken ​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ លោក​ Maduro ត្រូវ​តែ​ធ្វើ​សកម្មភាព​ក្នុង​«ការបញ្ឈប់​ការ​ឈឺចាប់​ដល់​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​ ដែល​ជា​ជន​រងគ្រោះ​ទី១នៃ​គោលនយោបាយរបស់​របបនេះ»។

កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​វ៉េណេស៊ុយអេឡា​និង​សហរដ្ឋ​អាមេរិក​ បាន​ធ្វើ​ការ​ដោះដូរ​អ្នក​ទោស​ទៅវិញ​ទៅ​មក​ ដោយ​ក្នុង​នោះ​វ៉េណេស៊ុយអេឡា​ បាន​ដោះលែង​អ្នកទោសអាមេរិក​ចំនួន​៧នាក់​ ខណៈ​អាមេរិក​ដោះលែង​ក្មួយ​ប្រុស​២​នាក់​របស់​ភរិយាលោក Maduro​ ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យជាប់ពន្ធនាគារ​ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​ការរត់​ពន្ធគ្រឿងញៀន៕​ ​

XS
SM
MD
LG