ប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃអង្គារម្សិលមិញ បានដោះលែងពលរដ្ឋអាមេរិកាំងដែល ជាប់ពន្ធនាគារយ៉ាងហោចណាស់ក៏២នាក់ដែរ ដែលនេះទំនងជាកាយវិការសុឆន្ទៈមួយដល់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់អាមេរិកបានបំពេញទស្សនកិច្ចនៅរដ្ឋធានីការ៉ាកាស។ នេះបើតាមប្រភពមនុស្សមួយចំនួនដែលបានដឹងរឿងនេះ ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អ្នកទោសអាមេរិកាំងម្នាក់ដែលត្រូវបានដោះលែងនោះគឺ លោកGustavo Cardenas ដែលជានាយកប្រតិបត្តិម្នាក់ក្នុងចំណោមនាយកប្រតិបត្តិ៦នាក់នៃក្រុមហ៊ុនប្រេង Citgo ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ហើយត្រូវបានកាត់ទោសពីបទចោទប្រកាន់ដែលរដ្ឋាភិបាលអាមេរិកនិយាយថា ជាការមួលបង្កាច់។ អ្នកទោសម្នាក់ទៀតដែលត្រូវបានដោះលែងដែរនោះ ជាពលរដ្ឋអាមេរិកកាំងដើមកំណើតគុយបា ដែលត្រូវបានឃុំឃាំងក្នុងបទចោទប្រកាន់ផ្សេងទៀត។ នេះបើយោងទៅលើប្រភពដដែលខាងលើនេះ។
ជំនួបកាលពីចុងសប្តាហ៍មុនរវាងគណៈប្រតិភូអាមេរិកនិងភាគីវេណេស៊ុយអេឡា បានផ្តោតមិនត្រឹមតែការដោះលែងពលរដ្ឋអាមេរិកាំងដែលជាប់ឃុំនៅវ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏បានផ្តោតផងដែរលើលទ្ធភាពនៃការបន្ធូរបន្ថយការដាក់ទណ្ឌកម្មប្រេងលើវ៉េណេហ៊ុយអេឡាដែលជាសមាជិករបស់អង្គការផលិតប្រេង OPEC និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ីដើម្បីធ្វើការផ្គត់ផ្គង់ប្រេងនៅពេលដែលប្រធានាធិបតីអាមេរិកលោកJoe Biden បានហាមឃាត់ដល់ការនាំចូលប្រេងពីប្រទេសរុស្ស៊ីនៅក្នុងការឆ្លើយតបការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូលើអ៊ុយក្រែន។
គេនៅមិនទាន់ដឹងទេថា ពេលនេះពលរដ្ឋអាមេរិកាំងដែលត្រូវបានដោះលែងនោះកំពុងស្ថិតនៅទីណានៅឡើយទេ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានស្វះស្វែងឲ្យមានការដោះលែងពលរដ្ឋអាមេរិកាំងយ៉ាងហោចណាស់ក៏៩នាក់ផងដែរដែលក្នុងនោះមាន៦នាក់មកពីក្រុមហ៊ុនប្រេង Citgo ២នាក់ទៀតជាអតីតកងកម្លាំងទ័ពពិសេសអាមេរិក និងម្នាក់ទៀតជាអតីតទាហានម៉ារីនអាមេរិក។
គណៈប្រតិភូជាន់ខ្ពស់អាមេរិកដែលបានធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានជួបជាមួយអ្នកទោសអាមេរិកទាំងនោះនៅក្នុងពន្ធនាគារនៃប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃអាទិត្យផងដែរ។ ប្រេសិតអាមេរិកាំងទទួលបន្ទុកចំណាប់ខ្មាំងអាមេរិកាំងលោកRoger Carstens ត្រូវបានគេជឿជាក់ថា បានស្ថិតក្នុងចំណោមគណៈប្រតិភូជាន់ខ្ពស់អាមេរិកាំងនោះហើយមិនបានត្រឡប់មកកាន់សហរដ្ឋអាមេរិកជាមួយគណៈប្រតិភូនោះទេ ដោយលោកបន្តស្ថិតនៅក្នុងប្រទេសនេះដើម្បីជួយសម្របសម្រួលឲ្យមានការដោះលែងអ្នកទោសអាមេរិកនៅទីនោះ៕