ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយ​ជាមួយ​អ្នកស្រី Antoinette Sithole បងប្អូន​ស្រី​របស់​លោក Hector Pieterson បន្ទាប់ពី​ពួកគេ​បាន​ដាក់​កម្រងផ្កា​នៅមុខ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Hector Pieterson នៅតំបន់ Soweto ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយ​ជាមួយ​អ្នកស្រី Antoinette Sithole បងប្អូន​ស្រី​របស់​លោក Hector Pieterson បន្ទាប់ពី​ពួកគេ​បាន​ដាក់​កម្រងផ្កា​នៅមុខ​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​លោក Hector Pieterson នៅតំបន់ Soweto ប្រទេស​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចំនួន ៣ នៅ​ទ្វីប​អាហ្វ្រិក​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សារមន្ទីរ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដើម្បី​រំឭក​អំពី​វិធី​ដែល​យុវជន​ស្បែក​ខ្មៅ​នៅ​អាហ្វ្រិក​ខាង​ត្បូង​បាន​ជួយ​បញ្ចប់​ការ​ដឹកនាំ​បែប​រើងអើង​ជាតិ​សាសន៍​របស់​ពលរដ្ឋ​ស្បែក​ស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅ​កាន់​ទ្វីប​អាហ្វ្រិក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​រវាង​ប្រទេស​រុស្ស៊ី​និង​បណ្ដា​មហា​អំណាច​បស្ចិម​ប្រទេស​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​ទាក់ទិន​នឹង​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅ​កាន់​ទ្វីប​អាហ្វ្រិក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីនោះ​កាលពី​ពេល​ថ្មីៗ​នេះ​មក។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ដែល​បាន​រក្សា​គោល​ជំហរ​អព្យាក្រឹត្យ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​មិន​បាន​រិះគន់​រុស្ស៊ី​ជា​សាធារណៈ។

បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក Blinken បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សារមន្ទីរ Hector Pieterson នៅ​ក្នុង​សង្កាត់ Soweto នៅ​ជាយ​ក្រុង Johannesburg ដែល​ជា​ទី​កន្លែង​រំឮក​ដល់​និស្សិត​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ឆ្នាំ ១៩៧៦ នៅ​ពេល​ដែល​និស្សិត​នោះ​តវ៉ា​ប្រឆាំង​នឹង​របប apartheid ដែល​ជា​របប​ជិះជាន់​ជាតិ​សាសន៍​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​បញ្ចប់​ទៅ​កាលពី​ឆ្នាំ ១៩៩៤។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក Blinken បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាហ្វ្រិក​ខាង​ត្បូង​អ្នកស្រី Naledi Pandor ថា ប្រសិនបើ​គេ​អនុញ្ញាត​ឱ្យ​ប្រទេស​រុស្ស៊ី​សម្លុត​ធ្វើ​បាប​ប្រទេស​អ៊ុយក្រែន និង​ឈ្លានពាន​ដណ្ដើម​ដែនដី​របស់​អ៊ុយក្រែន​ដោយ​គ្មាន​ការ​ប្រឆាំង នោះ​នឹង​មាន «ស្ថានការណ៍​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត» កើតឡើង​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Blinken បញ្ជាក់​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​អនុញ្ញាត​ឱ្យ​ប្រទេស​ធំ​សម្លុត​ធ្វើ​បាប​ប្រទេស​តូច​ជាង​ខ្លួន ដើម្បី​ឈ្លានពាន​និង​ដណ្ដើម​យក​ដែនដី​របស់​ប្រទេស​នោះ នោះ​នឹង​មាន​ស្ថានការណ៍​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​កើតឡើង​មិន​ត្រឹមតែ​នៅ​ទ្វីប​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ជុំវិញ​ពិភពលោក​ទៀត​ផង»។

លោក Blinken បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​យល់​ថា វា​ជា​រឿង​សំខាន់​នៅ​ក្នុង​ការ​ងើប​ឈរ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ដោយសារតែ​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​ប្រព័ន្ធ​អន្តរជាតិ។

លោក Blinken នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​នេះ​ទៅ​កាន់​ប្រទេស​កុងហ្គោ​និង​ប្រទេស​រវ៉ាន់ដា​នៅ​សប្ដាហ៍​នេះ៕

XS
SM
MD
LG