ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិទ្យាសាស្ត្រ​ពិសោធ​ឡើងវិញ​នូវ​ការបំបែក​ចំហេះ​នុយក្លែអ៊ែរ​សំយោគ


រូបឯកសារ៖ គំរូ​ឧបករណ៍ preamplifier របស់​​​មជ្ឈមណ្ឌល​ជាតិ National Ignition Facility ឬ (NIF) បង្កើន​ថាមពល​ដោយ​ប្រើ​កាំរស្មី lasers នៅ​ពេល​ដែល​វា​បញ្ជូន​ចរន្ត​ទៅ​កាន់​​បន្ទប់ពិសោធន៍ Target Chamber ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ជាតិ Lawrence Livermore។
រូបឯកសារ៖ គំរូ​ឧបករណ៍ preamplifier របស់​​​មជ្ឈមណ្ឌល​ជាតិ National Ignition Facility ឬ (NIF) បង្កើន​ថាមពល​ដោយ​ប្រើ​កាំរស្មី lasers នៅ​ពេល​ដែល​វា​បញ្ជូន​ចរន្ត​ទៅ​កាន់​​បន្ទប់ពិសោធន៍ Target Chamber ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ជាតិ Lawrence Livermore។

ពួក​អ្នក​វិទ្យាស្ត្របាន​សម្រេច​ជោគជ័យ​ទទួល​បាន​ថាមពល​សម្រេច​នៅ​ក្នុង​ប្រតិកម្ម​ចំហេះនុយក្លេអ៊ែរ​សំយោគ​ជា​លើក​ទី២ ចាប់តាំង​ពី​ខែ​ធ្នូ​មក។ នេះ​បើ​តាម​ការប្រកាស​របស់​មន្ទីរ​ពិសោធន៍​ជាតិ Lawrence Livermore កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅឯ​មន្ទីរ​ពិសោធន៍​ដែល​មាន​ទីតាំង​ក្នុង​រដ្ឋ California បាន​ធ្វើ​ពិសោធន៍ឡើង​វិញ​នៃការ​រកឃើញ​ដោយ​ជោគជ័យ​លើការបំបែក​ចំហេះ​នុយក្លែអ៊ែរ​សំយោគ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ National Ignition Facility ឬ (NIF) កាលពី​ថ្ងៃ​ទី៣០ ខែ​កក្កដា​ដែល​ផលិត​ថាមពល​ខ្ពស់​ជាង​កាលពី​ខែ​ធ្នូ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​មន្ទីរ​ពិសោធន៍ Lawrence Livermore។

អ្នក​នាំពាក្យ​បាន​និយាយ​ទៀត​ថា ​លទ្ធផល​ចុងក្រោយ​នៅ​កំពុង​ធ្វើការវិភាគនៅ​ឡើយ។

មន្ទីរពិសោធន៍​ Lawrence Livermore ​បាន​ជោគជ័យ​នៅ​ក្នុង​ការពិសោធ​ទទួល​បាន​ថាមពល​សម្រេចដោយ​ប្រើ​កាំរស្មី lasers កាលពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០២២។ ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ផ្តោត​លើ​កាំរស្មី laser លើ​ប្រេង​ឥន្ធនៈ​ដើម្បី​បញ្ចូលអាតូម​ពន្លឺ២​ទៅ​ជាកំហាប់​មួយ​ដើម្បី​បញ្ចេញ​ថាមពល។

ក្រសួង​ថាមពល​បាន​បញ្ជាក់​ថា ​ពិសោធន៍​ជោគជ័យ​រយៈពេល​ខ្លី​នូវ​អ្វី​ដែល​គេ​ស្គាល់​ថា​ជា​ចំហេះ​នុយក្លែអ៊ែរ​សំយោគ​នោះ​ដោយ​បាន​បង្កើត​ថាមពល​ដែល​មាន​កម្លាំង​៣,១៥ ​មេហ្គា​ joule ​បន្ទាប់ពី​កាំរស្មី laser ផ្តល់​ថាមពល​ ២,០៥​ មេហ្គា​ joule ​ទៅ​តាម​គោលដៅ។

បើ​និយាយ​ងាយ​យល់​ គឺ​វា​បាន​ផលិត​ថាមពល​កាន់តែ​ច្រើន​ឡើង​មកពី​ចំហេះជាង​ថាមពល ​laser ​ដែល​ប្រើ​ដើម្បី​បង្កើត​វា។

ក្រសួង​ថាមពល​បាន​ហៅ​ថា​ជា​ការសម្រេច​ជោគជ័យ​ខាង​វិទ្យាសាស្ត្រ​ដ៏​សំខាន់​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ​ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការជឿនលឿន​នៃ​វិស័យ​ការពារ​ជាតិ​និង​ថាមពល​ស្អាត​នៅពេល​អនាគត។

ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​ប្រហែល​មួយ​សតវត្សរ៍​មក​ហើយ​ពីចំហេះថាមពល​ព្រះ​អាទិត្យ​ដែល​បាន​បង្កើត​ជា​ចំហេះនៅ​លើ​ផែនដី​អស់​រាប់​ទសវត្សរ៍។ ការ​រកឃើញ​ថ្មីនេះ​អាច​នៅ​ថ្ងៃ​ណាមួយ​ជួយ​ទប់​ស្កាត់​ការប្រែប្រួល​អាកាសធាតុ ​ប្រសិន​បើ​ក្រុមហ៊ុន​អាច​ដំឡើង​បច្ចេកវិទ្យា​ទៅដល់​កម្រិត​ពាណិជ្ជកម្ម​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG