ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អាមេរិក​និយាយ​ថា​ យន្តហោះ​ចម្បាំង​រុស្ស៊ី​យាយី​យន្តហោះ​ដ្រូន​អាមេរិក​នៅ​ស៊ីរី​​ពីរ​ថ្ងៃ​ជាប់​គ្នា


ក្នុងរូបភាពពីវីដេអូរបស់កងទ័ពអាកាសអាមេរិក បង្ហាញយន្តហោះចម្បាំង SU-35 របស់រុស្ស៊ីដែលបានហោះក្បែរយន្តហោះដ្រូនរបស់អាមេរិក កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងប្រទេសស៊ីរី។
ក្នុងរូបភាពពីវីដេអូរបស់កងទ័ពអាកាសអាមេរិក បង្ហាញយន្តហោះចម្បាំង SU-35 របស់រុស្ស៊ីដែលបានហោះក្បែរយន្តហោះដ្រូនរបស់អាមេរិក កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងប្រទេសស៊ីរី។

យន្តហោះ​ចម្បាំង​យោធា​រុស្ស៊ី​បាន​ហោះក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ ​ទៅកៀក​នឹង​យន្តហោះ​ដ្រូន​របស់​អាមេរិក​ ដែល​កំពុង​បំពេញ​បេសកកម្ម​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ក្នុង​ប្រទេស​ស៊ីរី​ ក្នុង​ថ្ងៃ​ទី ២​ជាប់ៗ​គ្នា។ នេះបើ​យោង​ទៅ​លើទី​បញ្ជាការដ្ឋាន​កណ្តាល​យោធា​សហរដ្ឋអាមេរិក​ ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ទី​បញ្ជាការដ្ឋាន​នេះ​បាន​និយាយ​ថា៖​ «យើង​ទទូច​ស្នើដល់​កងកម្លាំង​រុស្ស៊ីនៅ​ក្នុង​ប្រទេស​ស៊ីរី​ឱ្យ​បញ្ឈប់សកម្មភាព​ដែល​គ្មាន​ការ​ប្រុងប្រយ័ត្ននេះ​ និង​ប្រកាន់​ខ្ជាប់​បទដ្ឋាន​នៃ​កងទ័ពអាកាស​ប្រកបដោយ​វិជ្ជាជីវៈ​មួយ​ ដែល​យើង​អាច​បន្តការ​ផ្តោត​បេសកកម្ម​របស់​យើង​ ទៅ​លើ​ការ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋឥស្លាម​ជា​រៀង​រហូត»។

យោធា​សហរដ្ឋអាមេរិក​និយាយ​ថា​ ក្រៅ​ពី​ការ​ហោះ​ចូល​ទៅជិត​នឹង​ដ្រូន​របស់​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​នោះ​ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នោះ​ ក៏​បាន​បាញ់​ភ្លើង​សញ្ញានៅ​ជិតដ្រូន​របស់​អាមេរិក​ផង​ដែរ ដែល​បង្ខំ​ឱ្យ​យន្តហោះ​ដ្រូន​របស់​អាមេរិក ត្រូវ​បង្វែរ​ទិស​ហោះចេញ​ពីទីតាំង​នោះ​ជា​បន្ទាន់»។

កងទ័ព​រុស្ស៊ី​ក៏​បាន​ធ្វើ​សកម្មភាព​ប្រហាក់​ប្រហែល​គ្នា​នេះផង​ដែរ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ លោក​ឧត្តមសេនីយ៍​ឯក​ Alex Grynkewich ​មេបញ្ជាការ​នៃ​កងទ័ពអាកាសអាមេរិក​ទី​ ៩​ ប្រចាំ​តំបន់​មជ្ឈិម​បូព៌ា​ និយាយ​ថា​ អ្នក​បើកបរយន្តហោះ​ចម្បាំង​រុស្ស៊ី​មួយ​រូប​ ​បាន​ព្យាយាម​ធ្វើ​ការ​ហោះកាត់​ពី​មុខ​ដ្រូន​របស់​អាមេរិក​ និងបញ្ចេញ​ភ្លើងផ្សែង​ដ៏​ខ្លាំងពី​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សមត្ថភាព​អ្នកបញ្ជា ដើម្បី​ឱ្យ​យន្តហោះ​ដ្រូនអាច​ធ្វើ​ប្រតិបត្តិការ​ដោយ​សុវត្ថិភាព។

យោធា​អាមេរិក​មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ទីតាំង​ណាមួយ​នៅ​ស៊ីរី​ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នោះ​ឡើយ។​

អាមេរិកដាក់​កងកម្លាំង​យោធា​របស់​ខ្លួន​ប្រមាណ​៩០០ នាក់​ នៅក្នុង​ប្រទេស​ស៊ីរី​ ​ដើម្បីជួយ​ដល់​កងកម្លាំងឃឺដ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹងក្រុម​រដ្ឋឥស្លាម៕

(ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press និង Agent France-Presse)

XS
SM
MD
LG