សហរដ្ឋអាមេរិកនឹងមិនយល់ព្រមទៅនឹងសំណើរបស់កូរ៉េខាងជើងក្នុងលុបបំបាត់នុយក្លេអ៊ែរបន្តិចៗម្តងនោះទេ។ នេះបើយោងតាមមន្ត្រីកំពូលសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការទីក្រុងព្យុងយ៉ាងបាននិយាយកាលពីថ្ងៃចន្ទ។
លោក Steve Biegun បានថ្លែងនៅឯសន្និសីទស្តីពីគោលនយោបាយនុក្លេអ៊ែរដែលបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖ «យើងនឹងមិនទទួលយកការលុបបំបាត់នុយក្លេអ៊ែរបន្តិចម្តងៗនេះទេ។ លោកប្រធានាធិបតីមានគោលជំហរច្បាស់លាស់ចំពោះបញ្ហានេះ ហើយនេះគឺជាគោលជំហរជារួមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក»។
អត្ថាធិប្បាយគឺជាភស្តុតាងថ្មីចុងក្រោយដែលសហរដ្ឋអាមេរិកកំពុងបង្កើនជំហរសាធារណៈរបស់ខ្លួន បន្ទាប់ពីបរាជ័យនៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម រវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
នៅមុនកិច្ចប្រជុំកំពូល មន្ត្រីសហរដ្ឋអាមេរិកបានស្នើថា ពួកគេនឹងបើកទូលាយចំពោះវិធានការជាដំណាក់កាលនេះ ខណៈដែលកូរ៉េខាងជើងនឹងលះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលសហរដ្ឋអាមេរិកអាចធ្វើការផ្ទៀងផ្ទាត់បាន។
លោក Biegun កាលពីថ្ងៃចន្ទបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនដកទណ្ឌកម្មចេញពីប្រទេសកូរ៉េខាងជើងទេ រហូតទាល់តែដំណើរការលុបចោលនុយក្លេអ៊ែរបានបញ្ចប់សព្វគ្រប់»។ ក៏ប៉ុន្តែលោកក៏បាននិយាយផងដែរថាក្រៅពីទណ្ឌកម្មសហរដ្ឋអាមេរិកអាចផ្តល់ឲ្យកូរ៉េខាងជើងនូវសំណើផ្សេងទៀត។
កូរ៉េខាងជើងកំពុងស្នើឲ្យដកទណ្ឌកម្មនៅមុនពេលខ្លួនចាត់វិធានការណ៍បន្ទាប់ទៀតដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕