ក្នុងពេលតែមួយថ្ងៃក្រោយពីពួកភេវជនរដ្ឋឥស្លាម បានលាតត្រដាងឱ្យដឹងឈ្មោះមេដឹកនាំថ្មីរបស់ខ្លួន លោកប្រធានាធិបតីស.រ.អា.និយាយថា លោកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់បុរសនេះហើយ។
លោកប្រធានាធិបតីបានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រថា «យើងដឹងគាត់ជានរណាពិតប្រាកដហើយ« ដោយលោកមិនបានថ្លែងល្អិតល្អន់ទេ។
សារជាសំឡេងមួយចែកចាយតាមរយៈបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃព្រហស្បតិ៍ដោយទីភ្នាក់ងារព័ត៌មាន Amaq របស់ពួករដ្ឋឥស្លាម បានហៅឈ្មោះមេដឹកនាំថ្មីនេះតាមរហស្សនាម Abu Ibrahim al-Hashimi al-Qurashi ។
បើតាមពួកអ្នកវិភាគថា ឈ្មោះនេះបញ្ជាក់ថាមេដឹកនាំថ្មីនេះជាអ្នកបន្តពូជពង្សពីក្រុម Hashermite នៃពួកកុលសម្ព័ន្ធ Qurashi ដែលមានន័យថា មេដឹកនាំថ្មីនេះជាអ្នកបន្តពូជពង្សពីពួកកុលសម្ព័ន្ធដូចគ្នានឹងព្យាការី Muhammed ដែលជាការតម្រូវមួយដោយពួករដ្ឋឥស្លាមសម្រាប់ជនដែលអាចក្លាយទៅជាអ្នកស្នងរបស់ Muhammed។
បើតាមការបកប្រែភាសាដោយក្រុមស៊ើបការសម្ងាត់ SITE បានឲ្យដឹងថា សេចក្តីប្រកាសនេះក៏នាំឱ្យយល់ដែរថា ឈ្មោះ al-Qurashi ជាអ្នកប្រាជ្ញនិងជាអ្នកចម្បាំងផងដែរដោយបានហៅគាត់ថា «អ្នកប្រាជ្ញម្នាក់ក្នុងបណ្តាពួកអ្នកប្រាជ្ញ»។ សារនោះនិយាយថាគាត់ «បានវាយប្រហារអ្នកការពារប្រទេសអាមេរិកកាន់គ្រិស្តសាសនា»។
នៅពេលដែលទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អា.កំពុងពិនិត្យសារសំឡេងកាលពីថ្ងៃព្រហស្បតិ៍នោះ ពួកមន្ត្រីមិនទាន់ធ្វើការកំណត់ជាសាធារណៈអំពីអត្តសញ្ញាណពិតប្រាកដរបស់ al-Qurashi នៅឡើយទេ។
មន្ត្រីនិងអ្នកវិភាគខ្លះបាននិយាយស្មានៗថា al-Qurashi ប្រហែលជា Hajji Abdallah ដែលជាអ្នកមនោគមវិជ្ជាម្នាក់ក្នុងបណ្តាពួកអ្នកមនោគមវិជ្ជាជាន់ខ្ពស់របស់ពួករដ្ឋឥស្លាម៕