ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​​អាមេរិក៖​ ​ជន​ទុច្ចរិត​បាន​ប្រាក់​រាប់​លាន​ដុល្លារ​ពី​កម្មវិធី​ជួយ​វិស័យ​ធុរកិច្ច​តូចតាច​ដើម្បី​ទិញ​គ្រឿង​អលង្ការ​និង​ឡាន​


រូបឯកសារ៖ រូបភាពបង្ហាញពីភោជនីយដ្ឋាន Franciscan Crab ដែលបានបិទ នៅក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

បើ​តាម​អាជ្ញាធរ​សហព័ន្ធ​អាមេរិកថា​ កម្មវិធី​ប្រាក់​កម្ចី​មួយ​របស់​រដ្ឋាភិបាល​មាន​ទឹក​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ដែល​បាន​ត្រូវ​បង្កើត​ឡើង​សម្រាប់​វិស័យ​ធុរកិច្ច​តូច​តាច​ដែល​រង​គ្រោះ​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ក្លាយ​ទៅ​ជា​ដែក​ឆក់​មួយ​សម្រាប់​ពួក​ជន​ទុច្ចរិត​គ្រប់​ប្រភេទ។​

បុរស​ម្នាក់​នៅ​ក្នុង​រដ្ឋ​ Texas ​បាន​ប្រើ​ប្រាស់​បណ្តាញ​អ៊ីនធឺណិត​បង្កើត​បញ្ជី​ឈ្មោះ​មនុស្ស​មួយ​ក្រុម​ដោយ​អះអាង​ថា​ ជា​ពួក​បុគ្គលិក​រាប់​រយ​នាក់​របស់​គាត់ហើយ​បាន​ដាក់​ពាក្យ​ខ្ចី​ប្រាក់​៥​លាន​ដុល្លារ​ពី​កម្ម​វិធី​នេះ។​

អ្នក​រៀបចំ​កម្មវិធី​ទូរទស្សន៍​ឥត​ព្រាង​ទុក​ម្នាក់​ក្នុង​រដ្ឋ​ Georgia ​បាន​ទទួល​ប្រាក់​កម្ចី​២​លាន​ដុល្លារហើយ​ទិញ​ឡាន​ម៉ាក​ Rolls Royce ​មួយ​គ្រឿង​ទិញ​នាឡិកា​ Rolex ​មួយ​គ្រឿង​ ព្រម​ទាំង​ទិញ​វត្ថុ​ប្រណីតៗ​ឯ​ទៀតៗ។​

ហើយ​ផលិតករ​ម្នាក់​នៅ ​Hollywood ​បាន​ខ្ចី​ប្រាក់​១​លាន​៧​សែន​ដុល្លារ​ដើម្បី​សង​បំណុលបណ្ណ​ឥណទាន​និង​ចំណាយ​ផ្ទាល់​ខ្លួន​ឯ​ទៀតៗ។​

កម្ម​វិធី​ការពារ​ប្រាក់​បៀវត្សរ៍​ផ្តល់​ប្រាក់​កម្ចី​ដល់​វិស័យ​ធុរកិច្ច​តូចៗ​ដើម្បី​ជួយ​បង់​ប្រាក់​បៀវត្សរ៍​បុគ្គលិក​នៅ ​ពេល​មាន​វិបត្តិ​កូរ៉ូណា​នេះ ​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​សភា​ស.រ.អា.​កាល​ពី​ចុង​ខែ​មីនា ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ស.រ.អា.​ដល់​វិបត្តិ​វីរុស​កូរ៉ូណា ​មាន​ទឹក​ប្រាក់​២​លាន​លាន​ដុល្លារ។​

ស្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ផ្នែក​រដ្ឋបាល​ធុរកិច្ច​តូចៗ​ដែល​ជា​អ្នក​ចាត់​ចែង​កម្មវិធី​នេះ​ឲ្យ​ដឹង​ថា​ ​ រហូត​មក​ដល់​ថ្ងៃ​ទី​២៧​ឧសភា​ កម្មវិធី​ដែល​មាន​ទឹក​ប្រាក់​៦៥០​ពាន់​លាន​ដុល្លារ​នេះបាន​ផ្តល់​កម្ចី​ឲ្យ​ធុរកិច្ច​ចំនួន​៤​លាន​៤​សែន​កន្លែង​ គិតជា​ទឹក​ប្រាក់​សរុប​៥១១​ពាន់​លាន​ដុល្លារ​ហើយ​ កម្មវិធី​នៅ​តែ​ទទួល​ពាក្យ​សុំ​ប្រាក់​កម្ចី​ទៀត។​

ពួក​អ្នក​ជំនាញ​ព្រមាន​ឱ្យ​ប្រុង​ប្រយ័ត្ន​ព្រោះ​អាច​មាន​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ​តាម​រយៈ​ការ​ខ្ចី​ប្រាក់​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស​បែប​នេះ។​

ទោះ​ជា​គេ​មិន​ទាន់​ដឹង​ថា​ អំពើ​ទុច្ចរិត​ទាំង​នេះ​មាន​ទំហំ​ប៉ុណ្ណា​ក៏​ដោយ ​ ​តែ​ក្នុង​ពេល​តែ​ពីរ​បីអាទិត្យ​ប៉ុណ្ណោះ​ក្រសួង​យុត្តិធម​៌បាន​រកឃើញ​និង​ចោទ​ប្រកាន់​បុគ្គល​៧​នាក់រួច​ជា​ស្រេច​ទៅ​ហើយ​ដែល​បាន​គៃ​បន្លំ​ប្រាក់​ឬ​បាន​ប៉ុន​ប៉ង​គៃ​បន្លំ​ប្រាក់​ពី​កម្មវិធី​នេះ។​

នៅ​ក្នុង​សំណុំ​រឿង​នៅ​រដ្ឋ ​Texas ​ឈ្មោះ ​Samuel Yates ​អាយុ​៣២​ឆ្នាំ​ត្រូវ​បាន​ចោទ​ថា​ បាន​ដាក់​ពាក្យ​ពីរ​ច្បាប់​ដាច់​ពី​គ្នា​ដើម្បី​គៃ​បន្លំ​ក្នុង​ការ​សុំ​ប្រាក់​កម្ចី។​

នៅ​ក្នុង​ពាក្យ​សុំ​មួយ​ Yates ​បាន​អះអាង​ថា​ គាត់​មាន​បុគ្គលិក​ជាង​៤០០​នាក់​ហើយ​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​ភាគ​ប្រចាំ​ខែ​មាន​ចំនួន​២​លាន​ដុល្លារ។ ​នៅ​ក្នុង​ពាក្យ​សុំ​មួយ​ទៀត​ គាត់​អះអាង​ថា​ គាត់​មាន​បុគ្គលិក​ជាង​១០០​នាក់​ ហើយ​បាន​ទទួល​ប្រាក់​បាន​ជាង​៥​សែន​ដុល្លារ។​

បើ​តាម​ឯកសារ​តុលាការ​ថា​ ដើម្បី​គាំទ្រ​ពាក្យ​សុំ​ប្រាក់​កម្ចី​របស់​គាត់ ​ Yates ​បាន​ដាក់​បញ្ជី​ឈ្មោះ​ពួក​បុគ្គលិក​ដែល​គាត់​បាន​បង្កើត​ដោយ​ប្រើ​បណ្តាញ​អ៊ីនធឺណិត​បង្កើត​ឈ្មោះ។

Yates​ បាន​ត្រូវ​ចោទ​ប្រកាន់​ពីបទ​គៃ​បន្លំ​ដោយ​ប្រើ​អ៊ីនធឺណិតការ​ក្លែង​បន្លំ​ធនាគារ​និង​ធ្វើ​សេចក្តីប្រកាស​ក្លែង​ក្លាយ​ប្រាប់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​និង​រដ្ឋបាល​ផ្នែក​ធុរកិច្ច​តូចៗ។​

លោក​ Ryan Spradlin ​ជា​ភ្នាក់​ងារ​ពិសេស​ទទួល​បន្ទុក​ការ​ស៊ើប​អង្កេត​ខាង​សន្តិសុខ​មាតុភូមិ​នៅ​ក្នុង​ក្រុង ​Dallas ​ដែល​ជា​ទី​ភ្នាក់​ងារ​មួយ​ក្នុង​បណ្តា​ទី​ភ្នាក់ងារ​នានា​ដែល​បាន​ស៊ើប​អង្កេត​អំពី​ករណី​នេះ។​ លោក​បាន​និយាយ​ថា៖ ​«ពួក​បុគ្គល​ទាំង​នេះ​មិន​ខ្វល់​ខ្វាយ​អំពី​វិស័យ​ធុរកិច្ច​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​ពួក​បុគ្គលិក​និង​គ្រួសារ​ពួក​គេ​មាន​បញ្ហា​ខាង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ពេល​ដ៏​ពិបាក​ដែល​មិន​ធ្លាប់​មាន​ពី​ពេល​មុន​មក​នេះទេ»។​

នៅ​ក្នុង​រដ្ឋ​ Georgia ​ឈ្មោះ ​Maurice Fayne ​ដែល​មាន​ឈ្មោះ​ថា ​«Arkansas Mo» នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ឥត​ព្រាង​ទុក​ នៃ​ស្ថានីយ​ VH1 ​បាន​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​ខែ​មេសា។​

នៅ​ក្នុង​ពាក្យ​សុំ​ប្រាក់​កម្ចី​មួយ​មាន​ទឹក​ប្រាក់​ជិត​៤​លាន​ដុល្លារ​ Fayne ​បាន​អះអាង​ថា​គាត់​មាន​ធុរកិច្ច​មួយ​ឈ្មោះ​ Flame Trucking ​ហើយ​មាន​បុគ្គលិក​ជាង​១០០​នាក់​ដែល​មាន​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​ចំនួន​១​លាន​៥​សែន​ដុល្លារ។​តាម​ការណ៍​ពិត​ គាត់​គ្មាន​បុគ្គលិក​ទេ។​

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏ ​Fayne ​បាន​ទទួល​ប្រាក់​កម្ចី​ជាង​២​លាន​ដុល្លារ​ហើយ​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​គាត់​បាន​យក​ប្រាក់​កម្ចី​នេះ​ទៅ​ទិញ​គ្រឿង​អលង្ការ​មាន​តម្លៃ​៨​ម៉ឺន​៥​ពាន់​ដុល្លារដោយ​មាន​រួម​បញ្ចូល​នាឡិកា​ Rolex Presidential ​មួយ​ ខ្សែ​ដៃ​ពេជ្រ​មួយ​និង​ចិញ្ចៀន​ពេជ្រ​មួយ​មាន​ទំហំ៥,៧៣​ការ៉ាត់​និង​ផ្តល់​ប្រាក់​៤​ម៉ឺន​ដុល្លារ​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​កូន។​

ឯកសារ​តុលាការ​បង្ហាញ​ថា​ នៅ​ពេល​ចូល​ឆែកឆេរក្នុង​ផ្ទះ​របស់​ Fayne ​ពួក​ភ្នាក់​ងារ​បាន​រក​ឃើញ​គ្រឿង​អលង្ការ​ ប្រាក់​សុទ្ធ​៨​ម៉ឺន​ដុល្លារ​និង​ឡាន​ Rolls-Royce ​ឆ្នាំ​២០១៩​មួយ​គ្រឿង​មាន​ផ្លាក​បណ្តោះ​អាសន្ន។​ Fayne​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទក្លែង​បន្លំ​ធនាគារ។​

លោក ​Brian A. Benczkowski ​ជា​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​យុត្តធម៌​ស.រ.អា.​ទទួល​បន្ទុក​មន្ទីរ​ប្រឆាំង​បទ​ឧក្រិដ្ឋ។​ លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ប្រកាស​ការ​ចាប់​ខ្លួន​ Fayne ​ថា៖ ​«ជន​ជាប់ចោទ​បាន​លួច​ប្រាក់​សម្រាប់​ជួយ​ពួក​បុគ្គលិក​និង​ធុរកិច្ច​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខាង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ពេល​ពិបាក​នេះហើយ​បាន​ប្រើ​ប្រាស់​ប្រាក់​នេះ​យ៉ាង​លោភ​លន់​ដើម្បី​ទិញ​គ្រឿង​អលង្ការ​និង​វត្ថុ​ផ្ទាល់​ខ្លួន​ដ៏​ប្រណីតៗ‍»។​

នៅ​ក្នុង​ពាក្យ​សុំ​ប្រាក់​កម្ចី​ពី​ធនាគារ​ ​ផលិត​ករ​នៅ ​Hollywood ​ឈ្មោះ ​William Sadlier​ អាយុ​៦៦​ឆ្នាំ​បាន​អះអាង​ថា​ ​ទឹក​ប្រាក់​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​បង់ប្រាក់​បៀវត្សរ៍​និង​ចំណាយ​ឯទៀតៗ​នៅ​ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​បី​និង​សម្រាប់​បង់​ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​ចែកចាយ។ ​នៅ​ពេល​គាត់​បាន​ទទួល​ប្រាក់​កម្ចី​នេះ​ គាត់​បាន​ចាប់​ផ្តើម​សង​ប្រាក់​បំណុល​បណ្ណ​ឥណទាន​ជាង​៨​ម៉ឺន​ដុល្លារ​និង​ប្រាក់​កម្ចី​ទិញ​ឡាន​ប្រមាណ​៤​ម៉ឺន​ដុល្លារ។​

ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​មក​ ក្រសួង​យុត្តិ​ធម​៌ស.រ.អា.​បាន​ផ្តល់​អាទិភាព​ដល់​ការ​ស៊ើប​អង្កេត​អំពី​សកម្មភាព​ឧក្រិដ្ឋ​ទាក់​ទិន​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ដោយ​មាន​រួម​បញ្ចូល​ការ​គៃ​បន្លំ​ប្រាក់​កាស​ ការ​បង្កើន​តម្លៃ​ទំនិញ​និង​ការ​គរ​លាក់​ទុក​គ្រឿង​ផ្គត់​ផ្គង់​សំខាន់ៗ។​ នៅ​ក្នុង​អនុស្សរណៈ​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មីនា​ ទៅ​កាន់​ប្រធាន​ទី​ភ្នាក់​ងារ​ពង្រឹង​ច្បាប់​ ​លោក​ William Barr ​រដ្ឋមន្ត្រី​យុត្តិធ៌ម​ស.រ.អា.​បាន​ព្រមាន​ថា​ ក្រសួង​លោក ​«នឹង​មិន​អត់​ឱន​ដល់​ពួក​មនុស្ស​អាក្រក់​ដែល​ប្រើប្រាស់​វិបត្តិ​នេះ​ជា​ឱកាស​ដើម្បី​គៃ​បន្លំ​ធ្វើ​ឱ្យ​ពួក​គេ​មាន​ធន​ធាន​ច្រើន​នោះ​ទេ»។​

ក្រសួង​យុត្តិធម​៌ស.រ.អា.​មិន​ធ្វើ​ការ​តែឯង​ទេ​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ការ​គៃ​បន្លំ​ទាក់​ទិន​នឹង​កម្មវិធី​ប្រាក់​កម្ចី​នេះ។​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ទុច្ចរិត​ស្តីពី​ប្រាក់​កម្ចី​ នេះ​ ​ក្រសួង​នេះ​បាន​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ទីភ្នាក់​ងារ​ពង្រឹង​ច្បាប់​ឯទៀតៗ​ដែរ។

លោក​ Michael Licker ​ជា​ដៃ​គូ​ម្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​មេធាវី​ Foley and Hoag ​ដែល​បាន​តាម​ដាន​បញ្ហា​នេះ។​ លោក​បាន​និយាយ​ថា​ សំណុំ​រឿង​ស្មុគស្មាញ​យ៉ាង​នេះ​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​យូរ ​ ​ក៏ប៉ុន្តែ​ការណ៍​ដែល​ពួក​រដ្ឋ​អាជ្ញា​អាច​រក​ឃើញ​និង​អាច​ធ្វើការ​ចោទ​ប្រកាន់​ឆាប់​យ៉ាង​នេះ​មានន័យ​ថា ​ បទ​ស្មើស​នេះ​មានច្រើន ​ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​នឹង​ត្រូវ​ចោទ​ប្រកាន់​ត​ទៅ​ទៀត​នៅ​ពេល​ដែល​កម្មវិធី​នេះ​ថម​ថយ។​

លោក ​Licker ​បាន​ថ្លែង​ថា៖​ «ទោះ​ជា​មិន​ទាន់​អាច​ដឹង​ថា​ តើ​នឹង​មាន​ពួក​ជន​ត្រូវ​ចោទ​ប្រកាន់​រាប់​សិប​នាក់ ​ឬ​រាប់រយ​នាក់​ក៏​ដោយ ក៏​ខ្ញុំ​យល់​ថា​ ពេល​វេលា​នឹង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់លាស់‍»។​

លោក​បាន​និយាយ​ទៀត​ថា​ សំណុំ​រឿង​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​រហូត​មក​ដល់​ពេល​នេះ​គឺ​ជា​ការ​គៃ​បន្លំ​ច្បាស់​លាស់ ​ទាក់​ទិន​នឹង​ពួក​បុគ្គល​ដែល​ស្វះ​ស្វែង​រក​ប្រាក់​កម្ចី​សម្រាប់​ធុរកិច្ច​ខ្យល់​គឺមិន​មាន​ពិត​ប្រាកដ​ ឬ​សម្រាប់​ប្រើ​ប្រាក់​ដោយ​មិនត្រឹម​ត្រូវ​តាម​ច្បាប់។​ លោក ​Licker ​បាន​ពោល​ដែរ​ថា ​ ករណី​ដែល​ពិបាក​ចាប់​គឺ​សំណុំ​រឿង​មិន​សូវ​ច្បាស់​លាស់​ដែល​ប្រព្រឹត្ត​ដោយ​ពួក​បុគ្គល​ «ដែល​ឆ្លាត​ជាង​ហើយ​ចេះ​របៀប​រំលោភ​ច្បាប់​ឬ​ចេះ​គេច​ពី​សំណាញ់​ច្បាប់»។​

លោក​ Peter Carr ​ដែល​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម​៌ស.រ.អា.​បាន​និយាយ​ថាការ​ស៊ើប​អង្កេត​របស់​ក្រសួង​លោក​អំពី​ប្រាក់​កម្ចី ​PPP​ នឹង​ធ្វើ​ត​ទៅ​ទៀត៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG