ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមជ្រុលនិយមចំនួន​៤ ត្រូវបាន​គេសង្ស័យថា ជាប់ពាក់ព័ន្ធ​ក្នុងអំពើហិង្សានៃការប្រឆាំងតវ៉ា


រូបឯកសារ៖ បាតុកម្មតវ៉ាជុំវិញការស្លាប់របស់លោក George Floyd នៅក្រុង Seattle ក្នុងរដ្ឋ Washington។
រូបឯកសារ៖ បាតុកម្មតវ៉ាជុំវិញការស្លាប់របស់លោក George Floyd នៅក្រុង Seattle ក្នុងរដ្ឋ Washington។

នៅ​ពេលដែល​ការ​ប្រឆាំង​តវ៉ា​ក្នុង​សហរដ្ឋ​អាមេរិកកំពុង​តែ​បន្ត​កើត​មាន​ចំពោះ​ករណី​នៃ​ការ​ស្លាប់​របស់លោក​ George Floyd នៅពេល​ដែល​ប៉ូលិស​ចាប់ខ្លូន​លោក​នោះ មន្ត្រី​រដ្ឋ​ជា​ច្រើន​បាន​ស្តីបន្ទោស​ក្រុម​ជ្រុល​និយម ដែល​ជាអ្នក​តវ៉ា​ប្រឆាំងមក​ពី​ខាង​ក្រៅ​ ដោយនិយាយ​ថា ក្រុម​ជ្រុល​និយម​ទាំងនោះបាន​ធ្វើ​សកម្មភាព​លាយឡំ​ជាមួយ​ក្រុម​ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំងស្រប​ច្បាប់​ ដោយ​អុជអាល​ឲ្យ​កើត​មាន​នូវ​អំពើ​ហិង្សា។

អភិបាលរដ្ឋ​ Minnesota លោក Tim Walz បានដក​ស្រង់សេចក្តី​រាយការណ៏ដែល​មិ​ន បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​នៅ​ថ្ងៃសៅរ៏ថា ក្រុមប្រកាន់ពូជសាសន៏​ស្បែកស​ ឬ white supremacists ជាអ្នកនៅពីក្រោយនៃ​ការប្រឆាំងតវ៉ា​ដែល​មាន​អំពើ​ហិង្សានៅ​ក្នុងទីក្រុង​ Minneapolis ដែល​ជា​កន្លែង​ដែល​បុរសអាមេរិកកាំង​ដើម​កំណើត​អាហ្រ្វិក​លោក​ Floyd បាន​ស្លាប់កាល​ពីថ្ងៃច័ន្ទ​កន្លងទៅ។ ​

នៅមុនការលើក​ឡើង​នេះ លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​បន្ទោស​ក្រុមជ្រុល​និយម​មួយ​ប្រភេទ ដែល​លោក​ហៅ​ថា ជាក្រុម​សកម្មជនប្រឆាំង​ហ្វាស៊ីស​ឆ្វេងនិយម ដែលមាន​ឈ្មោះថា antifa​ ​។​ ​

ដោយ​ស្តី​បន្ទោស​ក្រុម antifa ​ ថា​ជាអ្នក​បង្កឲ្យ​មានអំពើហិង្សា​ក្នុងពេល​មាន​ការ​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេសនោះ លោកត្រាំ​បាន​សន្យាថា​ នឹង​ដាក់​ក្រុម​នេះ​ក្នុង​បញ្ជីនៃ​អង្គការ​ភេរវកម្ម។ ​

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr បាន​ព្រមាន​ថា អំពើហឹង្សាដែល​បាន​ប្រព្រឹត្តិ ដោយ​ក្រុម​ antifa និងក្រុម​ផ្សេងៗ​ទៀតដែល​មាន​ភាពស្រដៀងគ្នា គឺជា​«អំពើភេរវកម្មក្នុង​ស្រុក» និង​ត្រូវ​ដោះ​ស្រាយ​ទៅ​តាមរឿង​ភេរវកម្ម។ ​

តទៅ​នេះ ជា​ចលនា​ក្រុម​ជ្រុល​និយម​ ដែល​ត្រូវគេ​សង្ស័យថា​ បានពាក់ព័ន្ធនៅ​ក្នុង​ការ​ប្រឆាំង​តវ៉ា​នៅក្នុង​សហរដ្ឋអាមេរិក។

ក្រុមប្រកាន់​ពូជសាសន៏​ស្បែកស​

ក្រុមប្រកាន់ពូជសាសន៏​ស្បែកស​គឺ​ជា បុគ្គលនិង​ក្រុម​ដែល​ជឿ​ជាក់​លើ​ភាពល្អ​អស្ចារ្យ​ នៃ​ជន​ជាតិ​ស្បែកស ដោយ​ប្រឆាំង​ក្រុម​ជន​អន្តោប្រវេសន៏ ហើយ​ក្នុង​ករណីខ្លះ ធ្វើ​ការ​តស៊ូមតិឲ្យ​មាន​ការបណ្តេញ​ចេញ​ពី​ទឹក​ដី​អាមេរិក នូវ​ជន​ដែល​មិន​មាន​ស្បែកពណ៌​ស។អង្គការដែល​លើក​សរសើរខ្លួន​ឯង ដូច​ជា​ក្រុម​ Ku Klux Klan និង​ក្រុម neo-Nazi ជា ដើម​ បានក្លាយជា​ក្រុម​ដែល​លែងមាន​រចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​ និង​គ្មាន​មេដឹកនាំ​នៅ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ដោយ​សមាជិកភាគ​ច្រើន​បាន​ធ្វើ​សកម្ម​ភាព​លើ​ប្រព័ន្ធ​អនឡាញវិញ។

ទោះ​បី​ជាក្រុម​ White supremacists មិន​គាំទ្រ​អំពើ​ហឹង្សាក៏ដោយ ប៉ុន្តែ​បុគ្គល ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ ដែល​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ដោយ​មនោគមន៏វិជ្ជាស្តាំនិយម​នោះបាន​អនុវត្តការ​បាញ់​សម្លាប់ជាច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុងក្រោយ​នេះ​។ សមាសភាព​ដែល​បង្កឲ្យមាន​អំពើហិង្សានៃក្រុម​ស្តាំ​និយម​នេះ​ត្រូវ​បាន​គេស្គាល់​ឈ្មោះ​ថា «ជាក្រុមអ្នក​ជួយ​បន្ថែម​ល្បឿន​ ឬ accelerationists » ពីព្រោះ​ពួកគេ​ជ្រើស​រើស​យកការ​បន្ថែម​ល្បឿនមួយ​សំរាប់សង្រ្គាម​ពូជសាសន៏។ នាយក​ទីភ្នាក់ងារស៊ើប​អង្គេត FBI លោក Christopher Wray បាន​លើក​ឡើង​ថា ការ​ស៊ើប​អង្គេត​ភាគច្រើន​ នៃ​អំពើភេរវកម្ម​ក្នុងស្រុក គឺ​ពាក់ព័ន្ធនិងក្រុម white supremacist ​នេះ។ ​

ក្រុម​ Boogaloo Boys

ក្រុម Boogaloo Boys ​ជា​ចលនា​កង​ជីវពលថ្មី​ដែល​ប្រឆាំង​រដ្ឋាភិបាល​។ ក្រុម​នេះ​ជាសហគមន៏ដែល​ធ្វើ​សកម្ម​ភាព​អនឡាញ គាំទ្រ​ការប្រើ​ប្រាស់​អាវុធ​ និងតស៊ូមតិឲ្យមាន​ក្រុម Boogaloo ទី២ និង​គាំទ្រ​ឲ្យមាន​សង្គ្រាម​ស៊ីវិល។ ចលនា​នេះត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​រដូវ​ក្តៅ​ឆ្នាំមុន នៅ​ពេល​ដែល​ក្រុម White supremacists ​ បានដាក់​ចេញ​នូវ​បុព្វហេតុ​សម្រាប់​ក្រុមខ្លួនផ្ទាល់​គី៖​សង្គ្រាមជាតិសាសន៏ ​មិនមែនសង្គ្រាម​ស៊ីវិល​ទេ នេះ​បើតាមលោកស្រី​ Megan Squire សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្រ្ត​កំព្យូទ័រនៃ​សាកល​វិទ្យា​ល័យ Elon ។ លោក​ស្រី​ Squire បាន​ឲ្យដឹងថា ក្រុម​ Boogaloo Boys ដែល​ភាគច្រើន​ជា​ជន​ជាតិ​ស្បែក​ស​នោះ បាន​លើក​តំកើង​ក្រុម​របស់​ខ្លួនថា ជា​អ្នក​សេរីនិយម​ប្រឆាំង​របប​ផ្តាច់ការ។​

ក្រុម Antifa

Antifa ​ជា​អក្សរកាត់​នៃ​ពាក្យ anti-fascist ជាក្រុម​ប្រឆាំង​អំពើហ្វាស៊ីស​។ ក្រុម​នេះជា​ចលនា​មួយ​នៃ​សកម្មជន​ឆ្វេងនិយម​ ដែលមិនដូចក្រុម neo-Nazis និងក្រុម​ជ្រុល​និយម​ដ៏ទៃទៀត ហើយ​បើតាម​អ្នក​រិៈគន់បាន​ហៅក្រុម​នេះ​ថា​ជា «ចលនា​កុម្មុយនីស្ត​អាណាធិបតេយ្យ​ជ្រុល​និយម»។

ដោយ​បាន​រៀបចំ​និង​ចាត់​ចែង​តាម​បណ្តាញសង្គម អ្នកគាំទ្រក្រុម antifa បាន​ចូលរួមក្នុង​ការ​ជួប​ប្រមូលផ្តុំ​គ្នា​ជាច្រើន​កន្លែង​ដែល​រៀបចំ​ឡើង​ដោយ​ពួក​ស្តាំនិយម និង​ស្លៀកពាក់​ព័ណ៌ខ្មៅ និង​ពាក់​ម៉ាស់​ ហើយ​ជារឿយៗ ចូលរួម​ការប្រឈម​ដោយ​អំពើ​ហិង្សា។ ​

អ្នកគាំទ្រ​ក្រុម Antifa មួយចំនួន​ជាអ្នកប្រឆាំង​ក្រុម​អ្នកតវ៉ា​នៃ​ការប្រមូល​ផ្តុំគ្នាមួយ​ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​ឈ្មោះថា «រួបរួមសិទ្ធិ​» ដែល​បាន​ធ្វើ​ក្នុង​ទីក្រុង Charlottesville ​ក្នុង​រដ្ឋ​ Virginia ដែល​ពេលនោះ​ការប្រមូល​ផ្តុំគ្នា​នោះ​ បាន​ក្លាយ​ជា​អំពើ​ហឹង្សា។ ​

មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​ជួយ​អ្នក​ក្រីក្រ​នៃ​ភាគខាង​ត្បូងបាន​និយាយថា ខ្លួនមិន​ចាត់​ទុក​ antifa ​នេះ​ថា​ជា​ក្រុម​ដែល​បណ្តុះ​ឲ្យ​មាន​គំនិត​ស្អប់​នោះទេ ព្រោះ​សមាជិក​ក្រុមនេះ «មិន​បាន​លើក​កំពស់​ឲ្យមាន​ការស្អប់​ ដោយ​ផ្អែកលើ​ជាតិសាសន៏ ក្រុម​សម្ព័ន្ធ សាសនា ឬ ភេទ​នោះទេ»។ ​

ដោយ​សារ​តែ antifa មិន​មែន​ជា​ក្រុម​មួយ​នោះ គេ​មិន​ដឹង​ថា​តើ​លោក​ត្រាំគ្រោង​នឹង​ចាត់​ទុក​ថា​នេះ​ជា​អង្គការ​ភេរវកម្មតាម​វិធី​ណា​ទេ។ ស្រ្តី​អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិកមិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើ​សុំ​អាត្ថាធិប្បាយ​របស់​វីអូអេ​ទេ។​

ក្រុម​អាណាធិបតេយ្យ

ដោយមាន​អ្នកគាំទ្រ​មកពី​ក្រុមស្តាំ​និង​ឆ្វេងនិយម ក្រុម​អណាធិបតេយ្យ​នេះ​ចាត់​ទុករដ្ឋាភិបាល​ថា​ មិន​ស្រប​ច្បាប់ និង​ស្វែង​រក​វិធី​បង្កឲ្យ​មាន​ភាព​ច្របូក​ច្របល់​ ក្នុង​សង្គម។ ប្រវត្តិ​របស់​ក្រុមនេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​រយៈពេល​ជាង​មួយ​សតវត្ស​រ៍​មកហើយ នៅ​ពេល​ដែល​ជន​អណាធិបតេយ្យ​ម្នាក់ បាន​ធ្វើឃាត​លោក​ប្រធានាធិបតី អាមេរិក​ William McKinley ក្នុង​ឆ្នាំ​១៩០១។​

បច្ចុប្បន្ននេះ ជនអណាធិបតេយ្យ​វ័យក្មេងជាច្រើនជា​ សមាជិក​របស់​ក្រុម​សកម្មភាព​នៃ​ការ​ប្រឆាំង​ការប្រកាន់​ពូជសាសន៏ ដែល​ជាបណ្តាញ​ជាតិ​មួយ នៃ​សមាគម​ antifa នេះ​បើយោង​តាម​មជ្ឈមណ្ឌល​ច្បាប់ជួយ​អ្នកក្រីក្រ​នៃ​ភាគខាង​ត្បូង។ អ្នករិះគន់​មួយ​ចំនួន ជា​ញឹកញាប់​ថ្កោលទោស​ អ្នកដើរតាម​ក្រុម antifa ថាជា​ក្រុម​អណាធិបតេយ្យ ដោយ​លោក​ប្រធានាធិបតី​ត្រាំបាន​បន្ទោស​ដល់​ការ​ប្រឆាំង​តវ៉ា​ដែលមាន​អំពើហិង្សាថ្មី​ៗនេះ​ទៅលើ​ក្រុម«​អណាធិបតេយ្យ​ឆ្វេងនិយម​រ៉ាឌីកាល់»។

​លោក Brian Levin សាស្ត្រាចារ្យ​មុខវិជ្ជាយុត្តិធម៌​ព្រហ្មទណ្ឌនៃ​សាកល​វិទ្យាល័យ​រដ្ឋ​ California ​បាន​និយាយ​ថា «សម្រាប់ផ្នែក​ភាគច្រើន ក្រុម​អាណាធិបតេយ្យ​ ដែលយើងឃើញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហាក់ដូច​ជា ​មាន​ការខកចិត្ត​ជាមួយ​ក្រុម​ឆ្វេងនិយម​ដែល​មាន​ការវិវត្តទៅមុខ​»។

ប៉ុន្តែក្រុម​អណាធិបតេយ្យ​ក៏មានការ​រីក​ចម្រើន​ផងដែរ​ជាមួយ​ក្រុម​ស្តាំនិយម។ ឧទាហរណ៏ ក្រុម​អណាធិបតេយ្យ​ជាតិ​នៃ​តំបន់ឆក​សមុទ្រនៃ​ទី​ក្រុង San Francisco ​Bay Area ​ចង់​ឃើញ​សង្គ្រាម​ពូជសាសន៏មួយ​នាពេល​អនាគត ដែលនាំទៅដល់​ការរស់នៅ​ក្នុងភាព​ជាកុលសម្ព័ន្ធ ដែល​មាន​សុទ្ធ​តែ​ជន​ជាតិ​ស្បែកសដែល​គេ​ឲ្យ​ឈ្មោះថា «តំបន់​ស្វ័យត​ជាតិ​»​ នេះបើតាម​មជ្ឈមណ្ឌល​ច្បាប់ជួយអ្នក​ក្រីក្រ​នៃ​ភាគខាង​ត្បូង។ ​

ប្រែសម្រួល​ដោយ​ ជ្រា វណ្ណារិទ្

XS
SM
MD
LG