អាជ្ញាធរទីក្រុង New York សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃទី ៩ ខែឧសភាថា សហរដ្ឋអាមេរិកបានបញ្ជូនវត្ថុបុរាណដែលត្រូវបានគេលួចចំនួនពីរទៅកាន់ប្រទេសចិនវិញ ដែលនេះគឺជាការបញ្ជូនវត្ថុបុរាណទៅប្រទេសដើមវិញថ្មីចុងក្រោយបង្អស់ក្នុងចំណោមការបញ្ជូនវត្ថុទាំងនេះទៅកាន់ប្រទេសជាង ១០។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋអាជ្ញាសង្កាត់ Manhattan លោក Alvin Bragg បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចម្លាក់ថ្មពីរផ្ទាំងនៃសតវត្សរ៍ទី ៧ ដែលនៅពេលបច្ចុប្បន្នមានតម្លៃ ៣ លាន ៥ សែនដុល្លារ ត្រូវបានចោរកាត់ផ្ដាច់ពីផ្នូរសពមួយកន្លែងកាលពីដើមទសវត្សរ៍ ១៩៩០ ហើយត្រូវបានរត់ពន្ធចេញពីប្រទេសចិន។
ចម្លាក់ទាំងនេះស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន ៨៩ មកពីប្រទេសចំនួន ១០ ដែលត្រូវបានអ្នកស្រី Shelby White ដែលជាអ្នកប្រមូលវត្ថុសិល្បៈឯកជននៅក្នុងទីក្រុង New York ទិញយក។
តាំងពីឆ្នាំ ១៩៩៨ មក វត្ថុបុរាណទាំងនេះត្រូវបានឱ្យសារមន្ទីរ Metropolitan Museum of Art «ខ្ចី» រហូតដល់ពេលដែលការិយាល័យរដ្ឋអាជ្ញាសង្កាត់ Manhattan រឹបអូសនៅឆ្នាំនេះ បន្ទាប់ពីមានការស៊ើបអង្កេតព្រហ្មទណ្ឌមក។
លោក Bragg បាននិយាយថា៖ «វាជាការអាម៉ាស់មួយដែលវត្ថុបុរាណអស្ចារ្យទាំងពីរនេះត្រូវបានលួច ហើយវត្ថុបុរាណយ៉ាងតិចមួយត្រូវបានលាក់មិនឱ្យសាធារណជនឃើញជិត ៣ ទសវត្សរ៍មកហើយ»។
ចម្លាក់ថ្មទាំងនេះត្រូវបានរកឃើញនៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតព្រហ្មទណ្ឌរបស់ក្រុមតាមដានការជួញដូរវត្ថុបុរាណ (Antiquities Trafficking Unit) នៃបុរី New York ដែលបានតាមដាននិងបញ្ជូនវត្ថុបុរាណដែលត្រូវបានគេលួចទាំងនេះទៅប្រទេសដើមវិញ។
តាំងពីខែមករា ឆ្នាំ ២០២២ មក មានវត្ថុបុរាណជាង ៩៥០ ដែលមានតម្លៃជាង ១៦៥ លានដុល្លារត្រូវបានប្រគល់ជូនប្រទេសដើមវិញចំនួន ១៩ ប្រទេសដូចជាកម្ពុជា ឥណ្ឌា ប៉ាគីស្ថាន អេហ្ស៊ីប អ៊ីរ៉ាក់ ក្រិក តួកគី និងអ៊ីតាលីជាដើម៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ