ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិករឹតត្បិតការវិនិយោគបច្ចេកវិទ្យាទំនើបនៅចិន


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ពិនិត្យមើលកុំព្យូទ័រ quantum របស់ក្រុមហ៊ុន IBM នៅទីស្នាក់ការរបស់ក្រុមហ៊ុននេះ ក្នុងក្រុង Poughkeepsie រដ្ឋញូវយ៉ក កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ពិនិត្យមើលកុំព្យូទ័រ quantum របស់ក្រុមហ៊ុន IBM នៅទីស្នាក់ការរបស់ក្រុមហ៊ុននេះ ក្នុងក្រុង Poughkeepsie រដ្ឋញូវយ៉ក កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​កាល​ពី​ថ្ងៃពុធ ដើម្បីដាក់ការ​រឹតត្បិត​លើ​ការវិនិយោគរ​បស់​សហរដ្ឋ​អាមេរិក​ខាង​វិស័យ​បច្ចេកវិទ្យា​ទំនើបមួយ​ចំនួន​នៅ​ប្រទេស​ចិន។

បទបញ្ជា​របស់​លោក Biden អាច​បង្កើន​ភាព​តានតឹង​ជាថ្មី​ទៀត​រវាង​សហរដ្ឋ​អាមេរិក ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាងគេ​លើ​ពិភពលោក និង​ប្រទេស​ចិន​ដែល​ឈរ​លំដាប់​លេខរៀង​ទី ២ បន្ទាប់​ពី​អំឡុង​ពេល​មួយ​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ជួប​ពិភាក្សា​គ្នា​ជាច្រើន​លើក ដើម្បី​បង្ហាញ​ភាព​ខុសគ្នា​រវាង​ប្រទេស​ទាំងពីរ​និង​ស្វះស្វែងរក​ចំណុច​រួម។

ការ​រឹតបន្តឹង​ថ្មី​នេះ នឹង​កម្រិត​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​ខាង​វិស័យ​បច្ចេកវិទ្យា​ជឿនលឿន​ក្នុង​ប្រទេស​ចិន​ ដូចជា កុំព្យូទ័រ quantum បញ្ញាសិប្បនិម្មិត និង​បន្ទះឈីប​ជឿនលឿន​ជាដើម ​តែ​មិន​កម្រិត​លើ​វិស័យ​សេដ្ឋកិច្ច​ចិន​ជា​ទូទៅ​ ដែល​បច្ចុប្បន្ន​កំពុង​ត្រដាប​ត្រដួស​ដើម្បី​ឈាន​ទៅមុខ​ទេ។

ការវិនិយោគ​ខ្លះ​ខាង​វិស័យ​ទាំងនោះ នឹង​តម្រូវ​ឲ្យ​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល។ វិនិយោគ​ខ្លះ​ទៀត​នឹង​ត្រូវ​ហាមឃាត់ តែ​មិន​ទាន់​មាន​សេចក្តី​លម្អិត​អំពី​បម្រាម​នេះ​ទេ។ ការ​រឹតត្បិត​នេះ នឹង​អនុវត្ត​ចំពោះ​តែ​វិនិយោគទុនថ្មី​ប៉ុណ្ណោះ ហើយ​នឹង​ចូល​ជា​ធរមាន​ បន្ទាប់​ពី​មាន​ការ​ផ្តល់មតិ​ពី​សាធារណជន​ជាច្រើន​លើក​សិន។

រដ្ឋាភិបាល​ចិន បាន​និយាយ​ថា​ខ្លួន ​«បារម្ភ​យ៉ាង​ខ្លាំង »​អំពី​បទបញ្ជា​ថ្មីនេះ​និង​ផលប៉ះពាល់​ដែល​វា​អាច​មាន​លើ​ខ្សែសង្វាក់​ផ្គត់ផ្គង់សាកល។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក កំពុង​ប្រឡូក​ក្នុង​ការ«ដកខ្លួនចេញ»​ដោយ​យក​លេស​ថា«បន្ថយ​គ្រោះថ្នាក់»។

ក្រសួង​ពាណិជ្ជកម្ម​ចិន បន្ថែម​ថា ​ចិន​រក្សា​សិទ្ធិ​ចាត់វិធានការ​ឆ្លើយតប​វិញ។

រាយការណ៍បន្ថែមដោយអ្នកស្រី Nike Ching ប្រធានការិយាល័យវីអូអេប្រចាំក្រសួងការបរទេសសហរដ្ឋអាមេរិក។ ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ មានប្រភពមកពីទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG