ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បេក្ខជនប្រធានាធិបតីស.រ.អ. គណបក្ស​សាធារណរដ្ឋ​​ផ្តោត​លើ​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ Nevada​


បេក្ខជន​ប្រធានាធិបតី​គណបក្សសាធារណរដ្ឋលោក Donald Trump បញ្ចេញ​កាយវិការ​ខណពេល​ចុះ​ហត្ថាលេខានៅ​ក្នុង​យុទ្ធនាការ​មួយ​នៅ​រដ្ឋ អាត្លង់តា ថ្ងៃទី​២១ កុម្ភៈ ២០១៦

បេក្ខជន​ប្រធានាធិបតីស.រ.អ. គណបក្ស​សាធារណរដ្ឋ​កំពុង​ធ្វើការឃោសនា​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ Nevada ដោយលោក Donald Trump មហា​សេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​នឹង​ឈ្នះ​ក្នុងការ​ប្រកួត​ប្រជែង​លើកទី​បី​ដើម្បី​ទទួល​ការ​តែងតាំង​នៅ​ក្នុងការ​បោះឆ្នោត​ របស់គណបក្ស​នៅ​ថ្ងៃ​អង្គារ​លើគូប្រជែង​ធំៗ​របស់​លោកគឺ​លោក Marco Rubio សមាជិកព្រឹទ្ធសភា​ស.រ.អ.ប្រចាំ​រដ្ឋ​ Florida និង​លោក​ Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អ.ប្រចាំ​រដ្ឋ​តិចសាស់​។​

​ការស្ទង់មតិ​នយោបាយកាលពី​ពេល​ថ្មី​នេះ​បង្ហាញ​ថា​លោក​ Trump ដែល​ជាអ្នក​អភិវឌ្ឍក្នុង​បូរី​ ញូវយ៉ក​និង​ធ្លាប់ជា​ម្ចាស់​កន្លែង​លេង​ល្បែង​ស៊ីសង​មានការគាំទ្រ​ច្រើន​នាំ​មុខគេនៅ​ក្នុង​រដ្ឋ​ Nevada រដ្ឋភាគ​ខាង​លិច​ ដែល​ជា​មជ្ឈមណ្ឌល​ល្បែងស៊ីសង​ធំជាងគេ​ក្នុង​ស.រ.អ.។

ការ​ស្ទង់មតិ​រួមគ្នា​រវាង​ CNN និង ORC ដែល​បាន​ត្រូវធ្វើកាល​ពី​ដើម​ខែ​នេះ​បង្ហាញថា​លោក​ Trump ឈ្នះដោយ​មាន​ការគាំទ្រ ​៤៥ភាគរយពី​ក្រុម​អ្នក​បោះឆ្នោត​គណបក្ស​សាធារណរដ្ឋ ហើយ​លោក​ Rubio មានការ​គាំទ្រ ១៩ភាគ​រយ​ និង​លោក Cruz ១៧​ភាគរយ។​

កាល​ពី​សប្តាហ៍​មុន​ លោក​Trump បាន​ឈ្នះនៅ​ក្នុង​ការ​បោះឆ្នោត​បឋម​របស់​គណបក្ស​នៅ​ក្នុងរដ្ឋ​ Carolina ខាងត្បូង​ ឯ​លោក Rubio មាន​ការគាំទ្រ​លំដាប់​ទី​ពីរ​ ហើយ​លោក Cruz មាន​ការទ្រទ្រង់​លំដាប់ទី​បីនៅ​ក្នុង​រដ្ឋ​នេះ​ដែល​នៅ​ជាប់​ឆ្នេរ​មហាសមុទ្រ​អាត្លង់​ទិក​។

អ្នក​វិភាគ​នយោបាយ​ស.រ.អ.បាន​ហៅលោក Trump ថាជា​មេដឹកនាំ​ដែល​នឹង​ទទួលការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អ.ខាង​គណបក្ស​សាធារណរដ្ឋ​ ទោះ​ជា​លោក​មិន​ដែល​ជាប់ឆ្នោត​ដើម្បី​កាន់​តំណែង​សាធារណៈ​ក៏​ដោយ៕

XS
SM
MD
LG