ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ការពារ​ការបើក​នាវា​ចម្បាំង​កាត់​ពី​មុខ​នាវា​ចម្បាំង​អាមេរិក​និង​កាណាដា​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់


រដ្ឋមន្ត្រីការពារជាតិចិនលោកឧត្តមសេនីយ៍ឯក Li Shangfu ចូលរួម​កិច្ចប្រជុំ​តុមូល​ថ្នាក់​រដ្ឋមន្ត្រីក្នុងអំឡុងកិច្ចពិភាក្សា Shangri-La លើក​ទី២០​របស់​វិទ្យាស្ថាន​អន្តរជាតិ ដែល​ជា​វេទិកាការពារជាតិ និងសន្តិសុខ​ប្រចាំឆ្នាំ​របស់​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិចិនលោកឧត្តមសេនីយ៍ឯក Li Shangfu ចូលរួម​កិច្ចប្រជុំ​តុមូល​ថ្នាក់​រដ្ឋមន្ត្រីក្នុងអំឡុងកិច្ចពិភាក្សា Shangri-La លើក​ទី២០​របស់​វិទ្យាស្ថាន​អន្តរជាតិ ដែល​ជា​វេទិកាការពារជាតិ និងសន្តិសុខ​ប្រចាំឆ្នាំ​របស់​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​ការពារ​ការ​ធ្វើ​នាវាចរណ៍​របស់​នាវា​ចម្បាំង​របស់​ខ្លួន​មួយ​គ្រឿង​កាត់ពី​មុខ​នាវា​ពិឃាត​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​និង​នាវា​ចម្បាំង​កាណាដា​មួយ​គ្រឿង នៅ​ពេល​ដែល​នាវា​ទាំង​ពីរ​ធ្វើ​ដំណើរ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​បាន​អះអាង​ថា ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​នាវា​បស្ចិម​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ជា​ការ​បង្ក​ហេតុ​ចំពោះ​ប្រទេស​ចិន។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​បាន​ធ្វើ​នាវាចរណ៍​រួម​គ្នា​ដ៏​កម្រ​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​នៅ​ពេល​នោះ​នាវា​ចម្បាំង​ចិន​បាន​បើក​វ៉ា​នាវា​ចម្បាំង​របស់​អាមេរិក​និង​ងាក​ចង្កូត​កាត់ពី​មុខ​ក្បាល​នាវា​របស់​អាមេរិក​នេះ​ក្នុង​ចម្ងាយ​ប្រមាណ ១៤០ ម៉ែត្រ​ក្នុង «លក្ខណៈ​មិន​មាន​សុវត្ថិភាព»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក​ឧត្តមសេនីយ៍​ឯក​ Li Shangfu បាន​បញ្ជាក់​ប្រាប់​មន្ត្រី​ការពារ​ជាតិ​កំពូលៗ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​នៅ​ក្នុង​កិច្ច​ពិភាក្សា Shangri-La ក្នុង​ប្រទេស​សិង្ហបុរី​ថា រដ្ឋាភិបាល​ចិន​មិន​មាន​បញ្ហា​ណា​មួយ​ជាមួយ​នឹង«ការ​ធ្វើ​ដំណើរ​ដែល​គ្មាន​បំណង​អាក្រក់» កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ​ទេ ប៉ុន្តែ​ថា «យើង​ត្រូវតែ​បង្ការ​ការ​ប៉ុនប៉ង​ណា​មួយ​ដែល​ព្យាយាម​ប្រើ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ល្បាត​នេះ​ដើម្បី​បង្ហាញ​អំពី​អនុត្តរភាព​នៃ​ការ​ធ្វើ​នាវាចរណ៍»។

កង​នាវា​ទី ៧ របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា នាវា​ពិឃាត USS Chung-Hoon របស់​អាមេរិក​និង​នាវា​ចម្បាំង HMCS Montreal ប្រភេទ Halifax របស់​កងទ័ព​ជើង​ទឹក​ភូមិន្ទ​កាណាដា​បាន​ធ្វើ​ដំណើរ​ដូច​ធម្មតា​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ «ឆ្លងកាត់​ដែន​ទឹក​ដែល​អាច​អនុវត្ត​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​និង​ការ​ហោះហើរ​នៅ​ដែន​សមុទ្រ​អន្តរជាតិ​បាន​ស្រប​តាម​ច្បាប់​អន្តរជាតិ»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើកឡើង​ថា ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​នាវា​ទាំង​ពីរ​នេះ «បង្ហាញ​អំពី​ការ​តាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ»។

លោក Li បាន​ស្នើ​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​បង្កើត​គ្រោះថ្នាក់​និង​គួរតែ​ផ្ដោត​លើ​ការ «ថែ​រក្សា​ឱ្យ​បាន​ល្អ​នូវ​ដែន​អាកាស​និង​ដែន​ទឹក​របស់​ខ្លួន» ទៅ​វិញ។

លោក​បាន​និយាយ​ដោយ​មាន​អ្នក​បកប្រែ​ភាសា​ថា៖ «វិធី​ដ៏​ល្អ​បំផុត​គឺ​ថា ប្រទេស​នានា ជា​ពិសេស​វានា​ចម្បាំង​នឹង​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ទាំង​នោះ មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​នៅ​ក្បែរ​ទឹកដី​របស់​ប្រទេស​ផ្សេង​នោះ​ឡើយ។ តើ​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ទាំង​នោះ​មាន​ប្រយោជន៍​អ្វី? នៅ​ក្នុង​ប្រទេស​ចិន យើង​តែងតែ​និយាយ​ថា «ចូរ​ខ្វល់​អំពី​តែ​រឿង​របស់​អ្នក​ផ្ទាល់​បាន​ហើយ»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ពិភាក្សា Shangri-La នេះ​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​អាមេរិក​នឹង​មិន​«ចុះ​ញ៉ម​ចំពោះ​ការ​សម្លុត​ឬ​ការ​គំរាមកំហែង» ពី​ប្រទេស​ចិន​នោះ​ឡើយ ហើយ​នឹង​បន្ត​ធ្វើ​នាវាចរណ៍​និង​ការ​ហោះហើរ​ជា​ប្រក្រតី​កាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បញ្ជាក់​ថា​ដែន​ទឹក​ទាំង​នេះ​គឺ​ជា​ដែន​ទឹក​អន្តរជាតិ ដោយ​ជំទាស់​ទៅ​នឹង​ការ​អះអាង​ទាមទារ​យក​ទាំងស្រុង​របស់​ចិន​នូវ​ដែន​ទឹក​ទាំង​នេះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG