ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និយតករ​សហរដ្ឋអាមេរិក​ឈប់​ឱ្យ​ប្រើ​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩


បុគ្គលិក​ម្នាក់​ចាក់​ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​ចេញ​ពី​គម្រប​ដប​នៅ​ក្នុង​ឱសថស្ថាន Rock Canyon Pharmacy នៅ​ក្នុង​ក្រុង Provo រដ្ឋ Utah កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
បុគ្គលិក​ម្នាក់​ចាក់​ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​ចេញ​ពី​គម្រប​ដប​នៅ​ក្នុង​ឱសថស្ថាន Rock Canyon Pharmacy នៅ​ក្នុង​ក្រុង Provo រដ្ឋ Utah កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​បាន​ដក​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ក្នុង​គ្រា​អាសន្ន​នូវ​ថ្នាំ​គ្រុនចាញ់​ដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សរសើរ​ថា​ ព្យាបាល​ប្រកប​ដោយ​ជោគជ័យ​នូវ​ជំងឺ​កូវីដ១៩។

រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា មាន​ភស្តុតាង​កាន់​តែ​កើន​ឡើង​ថា ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​រួម​ជាមួយ​ឱសថ​ព្យាបាល​ជំងឺ​គ្រុនចាញ់​ផ្សេង​ទៀត​ មិន​ទំនង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ព្យាបាល​មេរោគ​កូរ៉ូណា​ ហើយ​អាច​បណ្តាល​ឱ្យ​មាន​ផលប៉ះពាល់​រហូត​ដល់​ស្លាប់។

ការ​សិក្សា​កាលពី​ពេល​ថ្មីៗ​នេះ​ជាច្រើន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឱសថ​នោះ​មិន​មាន​ ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ទេ ហើយ​អាច​បណ្តាល​ឱ្យ​មាន​ផលវិបាក រួម​មាន​បញ្ហា​ចង្វាក់​បេះដូង សម្ពាធ​ឈាម​ទាប ហើយ​ថែម​ទាំង​ស្លាប់​ទៀត​ផង។

ការ​សម្រេច​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​មាន​ន័យ​ថា ការ​ផ្គត់ផ្គង់​ឱសថ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នឹង​លែង​ចែកចាយ​ទៅ​ឱ្យ​ពួក​មន្រ្តី​សុខាភិបាល​រដ្ឋ និង​មូលដ្ឋាន​ដើម្បី​ប្រើ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ទៀត​ហើយ។ ពួក​វេជ្ជបណ្ឌិត​អាច​នៅ​ប្រើ​ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ផ្សេង​ទៀត រួម​មាន​ជំងឺ​គ្រុនចាញ់ រោគ​សើរស្បែក និង​ជំងឺ​សន្លាក់​ដៃ​ជើង។

លោក​វេជ្ជបណ្ឌិត Thomas Files ប្រធាន​សង្គម​ជំងឺ​ឆ្លង និយាយ​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ម្ហូប​អាហារ និង​ឱសថ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ។

ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​កាលពី​ដំបូង លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា លោក​ជឿ​ថា​ ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​រួម​ជាមួយ​ឱសថ Antibiotic Aithromycin មាន​ឱកាស​ពិតប្រាកដ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩​ជា​ជំងឺ​បណ្តាល​មក​ពី​មេរោគ​កូរ៉ូណា។ក្រោយ​មក លោក​ប្រធានាធិបតី បាន​និយាយ​ថា លោក​បាន​លេប​ថ្នាំ​នោះ​ដោយ​ខ្លួនឯង​ ហើយ​មាន​សុខភាព​ល្អ៕

XS
SM
MD
LG