ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ធានា​ចំពោះ​សម្ព័ន្ធមិត្ត​អឺរ៉ុប បន្ទាប់ពី​បាន​ចរចា​ជាមួយ​រុស្ស៊ី​រឿង​អ៊ុយក្រែន


អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​អ្នក​ស្រី Wendy Sherman (ឆ្វេង) និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov (ស្តាំ) ចូល​រួម​កិច្ច​ប្រជុំ​សន្តិសុខ​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២។
អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​អ្នក​ស្រី Wendy Sherman (ឆ្វេង) និង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov (ស្តាំ) ចូល​រួម​កិច្ច​ប្រជុំ​សន្តិសុខ​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២២។

អ្នក​ចរចា​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​អំពី​វិបត្តិ​រវាង​ក្រុម​បស្ចិម​ប្រទេស​ និង​ប្រទេស​រុស្ស៊ី ទាក់ទិន​នឹង​ការ​បង្កើន​កម្លាំង​កងទ័ព​របស់​រុស្ស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​ជាប់​ប្រទេស​អ៊ុយក្រែន បាន​ជូន​ដំណឹង​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​នានា​នៃ​អង្គការ​អូតង់ (NATO) កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រុស្ស៊ី​ដោយ​មិនមាន​ដំណោះ​ស្រាយ​អ្វី​រួច​មក។ នេះ ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អ្នកស្រី Wendy Sherman បាន​ធ្វើដំណើរ​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ទៅកាន់​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។ កាលពី​ថ្ងៃ​ចន្ទ អ្នកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov។

មន្ត្រី​អឺរ៉ុប​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​កំពុង​ដឹក​មុខ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។ ពួកគេ​បារម្ភ​ថា ពួកគេ​ត្រូវ​បាន​ផាត់ចេញ​ពី​ដំណើរការ​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ភាព​តានតឹង​នៅ​ព្រំដែន​អ៊ុយក្រែន និង​ការ​បង្ការ​មិន​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។

ប៉ុន្តែ ​អ្នកស្រី Sherman បាន​បញ្ជាក់​ថា សម្ព័ន្ធមិត្ត​អឺរ៉ុប​ នឹង​ត្រូវ​បាន​រាយការណ៍​ប្រាប់​គ្រប់​ដំណាក់កាល​ទាំងអស់។ អ្នកស្រី​ថ្លែង​ដូច្នេះ បន្ទាប់ពី​អ្នកស្រី​បាន​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg និង​ឯកអគ្គរដ្ឋទូត​នានា​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់។

អ្នកស្រី​បាន​បញ្ជាក់​នៅ​លើ Twitter ថា៖ «សហរដ្ឋ​អាមេរិក​តាំងចិត្ត​ធ្វើការ​គ្រប់​ជំហាន​ទាំងអស់​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​ធូរស្រាល​ និង​ឆ្លើយតប​ទៅនឹង​វិបត្តិ​សន្តិសុខ​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី»។

នៅក្នុង​ជំនួប​ជាមួយ​លោក Stoltenberg អ្នកស្រី Sherman «បាន​គូស​បញ្ជាក់​អំពី​វិធីសាស្ត្រ​រួបរួម​គ្នា​របស់​អង្គការ​អូតង់​នៅ​ក្នុង​ការ​តតាំង​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី ដោយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​កម្លា​សត្រូវ​និង​ការ​ចរចា និង​បាន​សង្កត់ធ្ងន់​អំពី​ការ​គាំទ្រ​មិន​ងាករេ​ចំពោះ​ប្រទេស​អ៊ុយក្រែន»។

ទន្ទឹម​នឹង​នេះ​ដែរ នៅ​ក្នុង​សារ Twitterបញ្ជាក់​ទៅកាន់​អនុ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​អ្នកស្រី Emine Dzhaparova អ្នកស្រី Sherman បាន​ធានា​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ថា ក្រុម​សម្ព័ន្ធមិត្ត «នឹង​មិន​ធ្វើ​សេចក្តី​សម្រេច​ណា​មួយ​ស្តីពី​អ៊ុយក្រែន ដោយ​គ្មាន​ប្រទេស​អ៊ុយក្រែន​ចូលរួម​នោះ​ឡើយ»។

បន្ទាប់ពី​ការ​ចរចា​អស់​រយៈពេល​ជាង ៧ ម៉ោង​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ចន្ទ​មក រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិ​ក បាន​សន្យា​បន្ត​ការ​ចរចា​គ្នា​តទៅ​មុខ​ទៀត ទោះបីជា​មិន​មាន​សញ្ញា​ដំណោះស្រាយ​ណាមួយ​ក៏ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG