ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​លើ​ពិភពលោក​ថ្កោលទោស​កុបកម្ម​គាំទ្រ​លោក Trump នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក


ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump ធ្វើបាតុកម្មនៅមុខវិមានសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​បាន​សម្តែង​នូវ​សេចក្ដី​តក់ស្លុត និង​បាន​ថ្កោលទោស​ទិដ្ឋភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ក្រុម​កុបករ​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump បាន​វាយ​សម្រុក​ចូល​វិមាន​សភា​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​សរសរ​នៅ​លើ Twitter ថា៖ «[នេះ​ជា] ទិដ្ឋភាព​ដ៏​អាម៉ាស​នៅ​ឯ​សភា​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​តំណាង​ឲ្យ​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក ហើយ​វាជា​ការ​ចាំបាច់​នៅ​ពេល​ឥឡូវ​នេះ​ដែល​ត្រូវ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​និង​ប្រកប​ដោយ​របៀប​រៀបរយ»។

មន្រ្តី​នានា​នៅ​សហភាព​អឺរ៉ុប​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ពុធ នៅពេល​ដែល​ក្រុម​ជ្រុល​និយម​ដែល​គាំទ្រ​លោក Trump បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​វិមាន​សភា បង្អាក់​ដល់​ការ​ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​លោក Biden។

អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​ជឿជាក់​លើ​ភាព​រឹងមាំ​របស់​ស្ថាប័ន​និង​លទ្ធិ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក។ ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​គឺ​ជា​ចំណុច​ស្នូល។ លោក Biden បាន​ឈ្នះ​ការ​បោះឆ្នោត»។

លោក Jens Stoltenberg ប្រធាន​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង (NATO) ដែល​ហៅ​ថា​អូតង់ បាន​សរសេរ​នៅ​លើ Twitter ថា៖ «លទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នេះ​ត្រូវតែ​គោរព»។

លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ការបរទេស​បារាំង បាន​ហៅ​កុបកម្ម​នេះ​ថា​ជា «ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​លើ​លទ្ធិ​ប្រជាធិបតេយ្យ»។

អង្គការ​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាមេរិក (OAS) ក៏​បាន​ថ្កោលទោស​កុបកម្ម​នេះ​ដែរ ដោយ​អគ្គលេខាធិការ​អង្គការ​នេះ​បាន​ហៅ​កុបកម្ម​នេះ​ថា​ជា «ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​លើ​ដំណើរការ​ប្រជាធិបតេយ្យ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG