សហរដ្ឋអាមេរិកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃពុធ មានជិត ១.៥០០ នាក់នៅទូទាំងប្រទេស ដែលនេះជាចំនួនករណីស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីខែឧសភាមក។
ចំនួនអ្នកស្លាប់កាលពីថ្ងៃពុធ បានធ្វើឲ្យករណីស្លាប់ដោយសារជំងឺកូវីដ១៩ ជាមធ្យមនៅសហរដ្ឋអាមរិកមានជាង ១.០០០ នាក់ ក្នុងមួយថ្ងៃអស់ជាងពីរសប្តាហ៍ជាប់ៗគ្នា ហើយបានរុញច្រានតួលេខអ្នកស្លាប់សរុបដល់ជាង ១៦៦.០០០ នាក់។
ដោយសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុតក្នុងពិភពលោក ដោយមានអ្នកឆ្លងសរុបជាង ៥ លាន ១ សែននាក់ អ្នកជំនាញផ្នែកសុខភាពសាធារណៈ បានសម្តែងការបារម្ភអំពីវិធានថ្មីទាក់ទងនឹងរបៀបដែលមន្ទីរពេទ្យរាយការណ៍អំពីទិន្នន័យអ្នកកើតជំងឺកូវីដ១៩។
រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យមន្ទីរពេទ្យនានាបញ្ជូនទិន្នន័យកូវីដ១៩ ទៅប្រព័ន្ធផ្ទុកទិន្នន័យថ្មីមួយដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល ជាជាងផ្ញើទៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិក ដោយរដ្ឋបាលលោកថា ដើម្បីសម្រួលដល់ដំណើរការប្រមូលទិន្នន័យ។
ប៉ុន្តែ នៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីសុខាភិបាលលោក Alex Azar កាលពីខែមុន មន្ត្រីជំនាញបច្ចុប្បន្ន និងពីមុនរាប់សិបនាក់ របស់គណៈកម្មាធិការប្រឹក្សាយោបល់មួយរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពេទ្យនានា «កំពុងប្រឹងប្រែងដើម្បីកំណត់អំពីវិធីធ្វើតាមការតម្រូវឲ្យរាយការណ៍ប្រចាំថ្ងៃនេះ»៕