ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលក្រុងប៉េកាំងថា អ្នកនយោបាយអាមេរិក «និយាយកុហកដោយឥតអៀនខ្មាស»


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លើយសំណួរអ្នកសារព័ត៌មាននៅក្នុងសន្នីសីទពីមេរោគកូរ៉ូណា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លើយសំណួរអ្នកសារព័ត៌មាននៅក្នុងសន្នីសីទពីមេរោគកូរ៉ូណា នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

រដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់ពួកអ្នកនយោបាយសហរដ្ឋអាមេរិកពីការនិយាយភូតកុហកឥតខ្មាសអៀនអំពីការរាលដាលជាសាកលនៃមេរោគកូរ៉ូណា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកំហែងស្វះស្វែងរកសំណងខូចខាតពីចិនចំពោះការផ្ទុះឡើងនូវមេរោគនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។

លោក Geng Shunag អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅសន្និសីទកាសែតកាលពីថ្ងៃអង្គារថា «ពួកគេមានគោលដៅតែមួយគត់គឺ គេចវេសការទទួលខុសត្រូវរបស់ខ្លួនចំពោះវិធានការរារាំងនិងត្រួតត្រាការរាលដាលជាសាកលនូវមេរោគកូរ៉ូណាមិនបានល្អ និងបង្វែការយកចិត្តទុកដាក់របស់សាធារណជន»។

នៅឯសន្និសីទកាសែតកាលពីយប់ថ្ងៃចន្ទ លោកប្រធានាធិបតី ត្រាំ ត្រូវបានអ្នកកា សែតសួរអំពីបទវិចារណកថា កាលពីថ្មីៗនេះរបស់កាសែតអាល្លឺម៉ង់ដែលបានទាមទារឲ្យចិនសងប្រាក់សំណងដល់អាល្លឺម៉ង់ចំនួន១៦៥ពាន់លានដុល្លារ ពីព្រោះតែការ​ខូចខាតសេដ្ឋកិច្ចបណ្តាលមកពីមេរោគគូរ៉ូណា។

លោកប្រធានាធិបតី ត្រាំ និយាយថា «អាល្លឺម៉ង់កំពុងពិនិត្យមើលបញ្ហាទាំងនោះ។ យើងក៏កំពុងពិនិត្យមើលបញ្ហាទាំងនោះដែរ។ យើងមិនបានកំណត់នៅឡើយថាតើចំនួនចុងក្រោយប៉ុន្មានទេ»។

លោក Geng Shuang អ្នកនាំពាក្យក្រសួងកាបរទេសចិន បាននិយាយទៀតថា «ពួកអ្នកនយោបាយសហរដ្ឋអាមេរិកគួរតែផ្តោតលើបញ្ហាផ្ទាល់របស់ខ្លួនហើយស្វែងរកមធ្យោបាយដើម្បីរាំងខ្ទប់ការផ្ទុះឡើងនូវមេរោគនោះឲ្យបានឆាប់រហ័ស»។

មានការឆ្លងជិត១លានករណី ដោយមានមនុស្សស្លាប់៥ម៉ឺន៦ពាន់នាក់ដោយសារមេរោគនោះនៅក្នុងសហរដ្ឋអាមេរិក ហើយការរាលដាលជាសាកលនូវមេរោគកូរ៉ូណានេះបានធ្វើឲ្យបិទផ្នែកភាគច្រើននៃសេដ្ឋកិច្ច។

ការផ្ទុះឡើងនូវមេរោគកូរ៉ូណានៅក្នុងប្រទេសចិនដីគោកហាក់ដូចជា ត្រួតត្រាបាន ដោយឥឡូវនេះ មិនមានមនុស្សស្លាប់ថ្មីត្រូវបានរាយការណ៍ក្នុងរយៈពេល១៣ថ្ងៃជាប់ៗគ្នា ហើយចំនួនមនុស្សស្លាប់នៅមាន៤ពាន់៦រយ៣៣នាក់ដដែល ថ្វីបើប្រទេសជាច្រើន មានការមន្ទិលសង្ស័យថាតើចំនួនដែលចិនប្រាប់នោះត្រឹមត្រូវដែឬទេ៕

XS
SM
MD
LG