ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Oxford កំពុងបង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ឲ្យ​បាន​លឿន


រូបភាពដកស្រង់ចេញពីវីដេអូរបស់សាកលវិទ្យាល័យ Oxford ដែលបង្ហាញអ្នកស្ម័គ្រចិត្តម្នាក់ កំពុងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Oxford កំពុង​ប្រឹងប្រែង​ដើម្បី​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឲ្យ​បាន​មុន​ពេល​កំណត់​ជា​ស្ដង់ដារ​បែប​វេជ្ជសាស្ត្រ។

អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​បាន​បង្ហាញ​ភាព​ជឿជាក់​នៅ​ក្នុង​សមត្ថភាព​របស់​ពួកគេ​ ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់ ដោយ​ធ្វើ​ឲ្យ​ពិភពលោក​មាន​ក្ដី​សង្ឃឹម​ថា វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​អាច​នឹង​បង្កើត​បាន​នៅ​ក្នុង​ឆ្នាំ​នេះ។

ការ​សាកល្បង​លើក​ដំបូង​នៃ​វ៉ាក់សាំង​ដែល​កំពុង​បង្កើត​ដោយ​វិទ្យាស្ថាន Jenner នៃ​សាកល​វិទ្យាល័យ Oxford ក្នុង​ចក្រភព​អង់គ្លេស បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន។ អ្នក​វិទ្យាសាស្ត្រ​គ្រោង​នឹង​បង្កើន​ការ​សាកល្បង​ឲ្យ​បាន​ច្រើន​សម្រាប់​រយៈពេល​ជាង​មួយ​ខែ ដែល​ជា​រយៈពេល​ដែល​លឿន​ជាង​កិច្ច​ប្រឹងប្រែង​ផ្សេង​ទៀត​ ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នេះ។

កាសែត New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា អ្នក​វិទ្យាសាស្ត្រ​គ្រោង​នឹង​សាកល្បង​វ៉ាក់សាំង​នេះ​លើ​មនុស្ស​ជាង ៦ ពាន់​នាក់ ឲ្យ​បាន​នៅ​ត្រឹម​ចុង​ខែ​ឧសភា​ខាង​មុខ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នេះ​បាន​បញ្ជាក់​ថា ប្រសិនបើ​ការ​សាកល្បង​នេះ​ឃើញ​ថា​មាន​ប្រសិទ្ធិភាព នោះ​ពួកគេ​មាន​បំណង​ផលិត​វ៉ាក់សាំង​នេះ​ឲ្យ​បាន ១ លាន​ដូស នៅ​ត្រឹម​ខែ​កញ្ញា​ខាង​មុខ គឺ​មុន​ពេល​វេលា​កំណត់​ជា​ស្ដង់ដារ​បែប​វេជ្ជសាស្ត្រ​ដែល​មាន​រយៈពេល​ពី ១២ ទៅ ១៨ ខែ ដែល​ជា​រយៈពេល​លើក​ឡើង​ដោយ​អ្នក​ជំនាញ​ខាង​សុខាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក។

អ្នកស្រី​សាស្ត្រាចារ្យ Sarah Gilbert ដែល​ជា​ប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នេះ បាន​បញ្ជាក់​ថា អ្នកស្រី​មាន «ការ​ជឿជាក់​ចំនួន ៨០%» ថា វ៉ាក់សាំង​នេះ​នឹង​មាន​ប្រសិទ្ធភាព៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG