ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ហ្វីលីពីន​សម្លឹង​ឃើញ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​ការទូត​


ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​លោក Rodrigo Duterte កាល​ពី​ថ្ងៃទី​២៥ សីហា ​២០១៦ បង្ហាញ​កណ្តាប់ដៃ​ក្នុង​ការទស្សនកិច្ច​របស់​លោក​នៅ​ជំរំ​ទាហានហ្វីលីពីន Mateo Capinpin ក្នុង​ទីក្រុង Tanay ខេត្ត Rizal ភាគ​ខាងកើត​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីណ។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte កំពុង​ធ្វើ​ឲ្យ​មាន​តុល្យភាព​ឡើង​វិញ​ចំពោះ​គោល​នយោបាយ​ការបរទេស​របស់​លោក ដោយ​លោក​បាន​ខិត​ចេញ​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន និង​ងាក​ទៅ​រក​ប្រទេស​ចិន និង​រុស្ស៊ី ដែល​ជា​សត្រូវ​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់។ ការ​វិវត្តន៍​នេះ អាច​ធ្វើ​ឲ្យ​ប្រទេស​ហ្វីលីពីន​ទទួល​បាន​ជំនួយ​បន្ថែម​ទៀត។

លោក Duterte បាន​និយាយ​កាល​ពី​ខែ​មុន​ថា ប្រទេស​ហ្វីលីពីន​នឹង​បដិសេធ​ការ​ជួយ​ជ្រោមជ្រែង​របស់​ទាហាន​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ឈ្លប​ត្រួត​ពិនិត្យ​តំបន់​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ជួយ​ជ្រោមជ្រែង​នៅ​ក្នុង​ការ​វាយ​ប្រហារ​ក្រុម​ពួក​ឧទ្ទាម​មូស្លីម​ហិង្សា​នៅ​តំបន់ Mindanao ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។ លោក Duterte ត្រូវ​បាន​គេ​ដកស្រង់​សំដី​របស់​លោក​ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​សប្តាហ៍​មុន​ថា ប្រទេស​ហ្វីលីពីន នឹង​ចាប់ផ្ដើម​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​ប្រទេស​ចិន និង​រុស្ស៊ី។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​លោក Duterte ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ដែន​សមុទ្រ។ លោក Duterte កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ បាន​បញ្ជូន​បេសកជន​ពិសេស​របស់​លោក​ទៅ​កាន់​ទីក្រុង​ហុងកុង​ដើម្បី​ចរចា។

លោក Carl Baker ប្រធាន​កម្មវិធី​វេទិកា​ប៉ាស៊ីហ្វិក​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ CSIS លើក​ឡើង​ថា ប្រទេស​ចិន​ទំនង​ជា​អាច​ផ្ដល់​នូវ​ជំនួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គម្រោង​នានា ដែល​ប្រទេស​ហ្វីលីពីន​កំពុង​តែ​ត្រូវការ​ខ្លាំង។

លោក Song Seng Wun សេដ្ឋវិទូ​មកពី​ធនាគារ CIMB នៃ​ប្រទេស​សិង្ហបុរី បាន​បញ្ជាក់​ថា៖ «លោក​ប្រធានាធិបតី​ហ្វីលីពីន​បាន​ឃើញ​ពី​ជំនួយ​របស់​ប្រទេស​ចិន ដែល​បាន​ជួយ​សេដ្ឋកិច្ច​ប្រទេស​មួយ​ចំនួន ជាពិសេស​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា​ជា​ដើម។

ចំណែក​ឯ​អ្នក​វិភាគ​ផ្សេង​ទៀត​ជឿ​ថា ប្រទេស​រុស្ស៊ី​អាច​ជួយ​ប្រទេស​ហ្វីលីពីន​ក្នុង​ផ្នែក​ការពារ​ជាតិ ឬ​អាច​ជួយ​ហ្វីលីពីន​ឲ្យ​មាន​តួនាទី​កាន់តែ​ខ្លាំងក្លា​ជាង​មុន ប្រសិនបើ​លោក Duterte ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក Duterte បាន​និយាយ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​នៅ​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ខែ​មុន​ថា លោក​បាន​ស្នើ​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Mevedev ឲ្យ​ជួយ​ប្រទេស​ហ្វីលីពីន​លើ​គ្រប់​វិស័យ​ទាំង​អស់ ដូចជា​វិស័យ​ពាណិជ្ជកម្ម​ជា​ដើម៕

XS
SM
MD
LG