ក្រោយការពិភាក្សាអស់រយៈពេល៩ម៉ោង នៅថ្ងៃព្រហស្សតិ៍ម្សិលមិញ គណៈកម្មាធិការពិសេសមួយនៃទីភ្នាក់ងារម្ហូបអាហារនិងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រចំពោះការប្រើប្រាស់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់គ្រាអាសន្ន ដែលផលិតដោយក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់ប្រទេសអាល្លឺម៉ង់។
គណៈកម្មាធិការពិសេសដែលមានសមាជិក២២នាក់របស់ទីភ្នាក់ងារម្ហូបអាហារនិងថ្នាំពេទ្យ បានបោះឆ្នាតគាំទ្រ ៤នាក់ បានបោះឆ្នោតប្រឆាំង និងម្នាក់បានបោះឆ្នោតអនុបវាទលើបញ្ហានេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចែកចាយភ្លាមៗនូវវ៉ាក់សាំងចំនួន ៦ លាន ៤ សែនដូសនៅទូទាំងសហរដ្ឋអាមេរិក។ បុគ្គលិកសុខាភិបាលនឹងទទួលបានអាទិភាពមុនគេ ដើម្បីចាក់វ៉ាក់សាំងនេះ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សានៃទីភ្នាក់ងារម្ហូបអាហារនិងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិកនេះ បានធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិក ជួបប្រទះនឹងការកើននូវករណីជំងឺកូវីដ១៩ ដល់កំរិតខ្ពស់ដែលមិនដែលមានពីមុនមក។ មកទល់នឹងល្ងាចថ្ងៃព្រហស្សតិ៍នេះ សហរដ្ឋអាមេរិក មានករណីជំងឺកូវីដ១៩ ដល់ទៅ១៥លានកន្លះហើយ។ ចំណែកចំនួនអ្នកស្លាប់វិញ បានកើនដល់លើស ២៩ម៉ឺននាក់ហើយ នេះបើតាមទិន្ន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប៉ុន្តែអនុសាសន៍នៅថ្ងៃនេះ ដោយគណៈកម្មាធិការពិគ្រោះយោបល់របស់ទីភ្នាក់ងារម្ហូបអាហារនិងថ្នាំពេទ្យដែលអនុញ្ញាតិឲ្យប្រើក្នុងគ្រាអាសន្ននូវថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer និង BioNTech ជាពន្លឺដ៏ភ្លឺច្បាស់មួយនៅក្នុងពេលវេលាដ៏ខ្មៅងងឹត»។
សេចក្តីថ្លែងការណ៍នោះ បានសម្តែងនូវការដឹងគុណដល់អ្នកវិទ្យាសាស្ត្រ និងមនុស្សផ្សេងទៀត ដែលបានធ្វើការលើថ្នាំវ៉ាក់សាំងនោះថា «សុចរិតភាពនៃវិទ្យាសាស្ត្របាននាំយើងទាំងអស់គ្នាមកដល់ចំណុចនេះ»។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech នាំមុខគេនៅក្នុងកិច្ចប្រឹងប្រែងជាសាកលដើម្បីបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសទីមួយនៅបស្ចឹមប្រទេស ដែលចាប់ផ្តើមចាក់វ៉ាក់សាំងនេះ ជូនមហាជន កាលពីថ្ងៃអង្គារ តែប៉ុន្មានថ្ងៃក្រោយទីភ្នាក់ងារត្រួតពិនិត្យថ្នាំពេទ្យនៃចក្រភពអង់គ្លេស បានអនុម័តការប្រើប្រាស់ថ្នាំនេះ៕