សម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការវាយប្រហារតាមអាកាសមួយ ដែលអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកនិយាយថា បានសម្លាប់ជនស៊ីវិលច្រើនជាង ១ រយនាក់ ក្នុងអំឡុងពេលវាយប្រយុទ្ធដើម្បីដណ្ដើមយកទីក្រុង Mosul ពីពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម។ មន្ត្រីរដ្ឋាភិបាលអាមេរិកបានទទួលស្គាល់អំពីរឿងនេះ។
ប៉ុន្តែ នៅថ្ងៃអាទិត្យនេះ ជនស៊ីវិលខ្លះបាននិយាយថា គ្រាប់ផ្ទុះនៅក្នុងឡានដឹកទំនិញធំមួយគ្រឿង ដែលបំផ្ទុះដោយពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមនៅតំបន់នោះ យ៉ាងហោចណាស់ ប្រហែលជារួមចំណែកនៅក្នុងការធ្វើឲ្យមានអ្នកស្លាប់ និងរបួសមួយចំនួននៅក្នុងអាគារនានា។
ជារួមមក អ្វីដែលបានកើតឡើងនៅក្នុងទីក្រុង Mosul ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គឺពិបាកក្នុងការវាយតម្លៃណាស់។
ការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃសៅរ៍ម្សិលមិញ បានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់បានបញ្ជាក់កាលពីពេលព្រឹកថ្ងៃដដែលនោះថា ខ្លួននឹងបញ្ឈប់ការវាយប្រហារដណ្ដើមយកទីក្រុង Mosul ពីពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមនេះជាបណ្ដោះអាសន្ន ក្រោយពីមានការរាយការណ៍ថា មានជនស៊ីវិលជាច្រើនបានស្លាប់ និងរបួស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងកម្លាំងសន្តិសុខមួយរូប។
សម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ដែលវាយប្រយុទ្ធជាមួយនឹងពួកជ្រុលនិយមក្រុមរដ្ឋឥស្លាម បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ខ្លួនចាប់ផ្ដើមធ្វើការវាយតម្លៃអំពីចំនួនអ្នកស្លាប់ និងរបួសរបស់ជនស៊ីវិលជាផ្លូវការមួយ ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា ការវាយប្រហារតាមអាកាសរបស់ខ្លួននាពេលថ្មីៗនេះ បានសម្លាប់ជនស៊ីវិលច្រើនជាង ១ រយនាក់ នៅក្នុងតំបន់ Jidideh ក្នុងទីក្រុង Mosul៕