មានតែរដ្ឋចំនួនពីរប៉ុណ្ណោះ ដែលបានទទួលស្គាល់ជាសាធារណៈថា ប្រព័ន្ធបោះឆ្នោតតាមកុំព្យូទ័ររបស់ខ្លួន ត្រូវបានគេលួចចូល។ សមាជិកសភានៅរដ្ឋទាំងពីរ ត្រូវបានគេប្រាប់ថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីរុស្ស៊ី គឺមានការប៉ះពាល់ធំធេងជាងនេះទៅទៀត។
អនុរដ្ឋមន្រ្តីនៃក្រសួងសន្តិសុខមាតុភូមិទទួលបន្ទុកផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិត អ្នកស្រី Jeanette Manfra បាននិយាយថា៖
«យើងមានភស្តុតាងពីរដ្ឋចំនួន ២១ ឬ ប្រព័ន្ធពាក់ព័ន្ធនឹងការបោះឆ្នោតក្នុងរដ្ឋចំនួន ២១ ដែលត្រូវបានគេចាត់វាយប្រហារ»។
លោក Richard Burr សមាជិកព្រឹទ្ធសភារដ្ឋ North Carolina មកពីគណបក្សសាធារណរដ្ឋ និងជាសមាជិកមួយរូបនៃគណៈកម្មាធិការស៊ើបអង្កេតនិយាយថា៖
«ប៉ុន្តែ មិនមានករណីណា ដែលចំនួនសំឡេងឆ្នោតពិតប្រាកដ ត្រូវបានធ្វើឲ្យប្រែប្រួល នៅក្នុងទម្រង់ឬបែបផែនណាមួយទេ។ មែនទេ?»
អ្នកស្រី Jeanette បានឆ្លើយមកវិញថា៖
«ត្រឹមត្រូវហើយ»។
ក្រុមមន្រ្តីបានបដិសេធមិនផ្តល់ឈ្មោះរដ្ឋ ដែលរងការប៉ះពាល់ ឬប្រាប់ឲ្យដឹងពីចំនួនរដ្ឋ ដែលរងការលួចចូលតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីកែប្រែបញ្ជីអ្នកបោះឆ្នោត ឬទិន្នន័យដទៃទៀតឡើយ។ ការណ៍នេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។
លោក Mark Warner សមាជិកព្រឹទ្ធសភារដ្ឋ Virginia មកពីគណបក្សប្រជាធិបតេយ្យ និងជាសមាជិកមួយរូបនៃគណៈកម្មាធិការស៊ើបអង្កេត បាននិយាយថា៖
«ខ្ញុំមិនជឿថា ការលាក់បាំងព័ត៌មានពីសាធារណជនអាមេរិកាំង គឺធ្វើឲ្យប្រទេសយើងមានសុវត្ថិភាពជាងមុននោះទេ។ ហើយខ្ញុំក៏មិនចង់ធ្វើឲ្យរដ្ឋណាមួយអាម៉ាស់ដែរ»។
ប៉ុន្តែមន្រ្តីទទួលបន្ទុកការបោះឆ្នោតតាមរដ្ឋមួយរូប បានប្រាប់ឲ្យមានការប្រយ័ត្នប្រយែងពីការបង្ហាញព័ត៌មានផ្សេងៗទៅកាន់សាធារណៈ។
លោកស្រី Connie Lawson រដ្ឋមន្រ្តីការបរទេសប្រចាំរដ្ឋ Indiana បាននិយាយថា៖
«ខ្ញុំគេងមិនលក់នៅពេលយប់ ដោយព្រួយបារម្ភពីជំនឿទុកចិត្តរបស់សាធារណជនទៅលើប្រព័ន្ធបោះឆ្នោតរបស់យើង... អ្វីអាក្រក់បំផុតដែលយើងអាចធ្វើនោះ គឺធ្វើឲ្យប្រជាពលរដ្ឋគិតថា សំឡេងឆ្នោតរបស់ពួកគេមិនមានតម្លៃ»។
ក្រុមមន្រ្តីទទួលបន្ទុកការបោះឆ្នោតតាមរដ្ឋមានភាពយឺតយ៉ាវក្នុងការទាក់ទងសុំជំនួយពីរដ្ឋាភិបាលសហព័ន្ធក្នុងការកំណត់ និងបង្ក្រាបការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងទៅតាម មន្រ្តីជាន់ខ្ពស់មួយរូបក្នុងជួររដ្ឋបាលអតីតប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា។
លោក Jeh Johnson អតីតរដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា៖
«យើងបានឃើញការវិវត្តទៅមុខនៃសកម្មភាពស្កេន និងសកម្មភាពស៊ើបអង្កេតទៅលើមូលដ្ឋានទិន្នន័យចុះបញ្ជីអ្នកបោះឆ្នោត ដែលនេះធ្វើឲ្យខ្ញុំព្រួយបារម្ភ និងជាហេតុដែលខ្ញុំតែងតែជំរុញឲ្យមន្រ្តីតាមរដ្ឋ មកស្នើសុំជំនួយពីយើង»។
ប៉ុន្តែការចាត់ទុកប្រព័ន្ធបោះឆ្នោតជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅអាមេរិកដោយរដ្ឋបាលលោកអូបាម៉ា ដែលធ្វើឲ្យរដ្ឋនានាមានសិទ្ធិទទួលធនធានពីរដ្ឋាភិបាលសហព័ន្ធនេះ មិនសូវបំពេញចិត្តក្រុមមន្រ្តីតាមរដ្ឋនានាទេ។ ពួកគេជឿថា ការបោះឆ្នោតវិមជ្ឈការថាជា រឿងវិជ្ជមាន។
លោកស្រី Connie Lawson រដ្ឋមន្រ្តីការបរទេសប្រចាំរដ្ឋ Indiana បាននិយាយថា៖
«ស្វ័យភាពបែបនេះដើរតួជា ការត្រួតពិនិត្យមួយទៅលើសមត្ថភាពក្រុមទុច្ចរិត»។
ខណៈពេលមានភាពមិនស្រុះស្រួលគ្នារវាងក្រុមមន្រ្តីតាមរដ្ឋ និងក្រុមមន្រ្តីរដ្ឋាភិបាលសហព័ន្ធ ក៏មានការព្រមានមួយផងដែរពីសំណាក់អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ ដែលបានសិក្សាទៅលើភាពងាយរងការប៉ះពាល់នៃប្រព័ន្ធបោះឆ្នោតតាមកុំព្យូទ័រ។
លោក Alex Halderman នៃសកលវិទ្យាល័យរដ្ឋ Michigan បាននិយាយថា៖
«រាល់ករណីនីមួយៗ យើងបានរកឃើញពីរបៀប ដែលពួកលួចចូលតាមប្រព័ន្ធអ៊ីនធឺណិត អាចចូលទៅបំផ្លាញម៉ាស៊ីន និងលួចសំឡេងឆ្នោត។ សមត្ថភាពទាំងនេះ អាចធ្លាក់នៅក្នុងកណ្តាប់ដៃរបស់សត្រូវរបស់សហរដ្ឋអាមេរិកច្បាស់ណាស់»។
មានការកត់សម្គាល់ផងដែរថា ទោះបីជា ម៉ាស៊ីនកត់ត្រាសំឡេងឆ្នោតមិនភ្ជាប់ទៅប្រព័ន្ធអ៊ីនធឺណិតក៏ដោយ កម្មវិធីកុំព្យូទ័រសម្រាប់ការបោះឆ្នោតក៏អាចត្រូវគេលួចចូលបានដែរ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា