មន្រ្តីសុខាភិបាលអាមេរិកកំពូលៗបានសម្តែងការព្រមានថ្មីនៅថ្ងៃអាទិត្យអំពីកំណើននៃវីរុសកូរ៉ូណាថ្មីប្រភេទដែលតា(Delta)នៅទូទាំងប្រទេសចំពេលមានការអំពាវនាវច្រើនឡើងឱ្យចាក់វ៉ាក់សាំង។
លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាកំពូលផ្នែកវេជ្ជសាស្ត្ររបស់លោកប្រធានាធិបតី Joe Biden បានប្រាប់កម្មវិធី Meet the Press នៃបណ្តាញទូរទស្សន៍ NBC ថា៖ «រឿងអាក្រក់កំពុងកើតឡើង។ យើងត្រូវតែដឹងអំពីរឿងនេះ»។
លោក Fauci អ្នកជំនាញកំពូលខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបាននិយាយថា លោកមិនរំពឹងថានឹងមានការកំហិតថ្នាក់ជាតិឲ្យចាក់វ៉ាក់សាំងទេ។ ប៉ុន្តែលោកបាននិយាយថាដរាបណានិយតករនៅរដ្ឋបាលចំណីអាហារនិងឱសថផ្តល់ការអនុញ្ញាតពេញលេញសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះលោកគាំទ្រយ៉ាងខ្លាំងឱ្យសាកលវិទ្យាល័យ អាជីវកម្ម និងសហគ្រាសដទៃទៀតក្នុងស្រុកដាក់កំហិតឱ្យចាក់វ៉ាក់សាំង។
រដ្ឋាភិបាលបានឱ្យដឹងថាជនជាតិអាមេរិកជាង១៦៦លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់ដូសគឺស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋហើយពលរដ្ឋអាយុ១២ឆ្នាំនិងក្មេងជាងនេះមិនទាន់មានគោលការណ៍ច្បាស់លាស់អំពីការចាក់វ៉ាក់សាំងបង្ការនេះទេ។ ការចាក់វ៉ាក់សាំងនេះបានចាប់ផ្តើមកាលពីខែធ្នូឆ្នាំមុនតាមការអនុញ្ញាតឱ្យប្រើប្រាស់គ្រាអាសន្នពីនិយតករឱសថ ខណៈកំពុងមានការពិនិត្យបន្ថែមទៀត៕