នៅថ្ងៃច័ន្ទនេះ សហរដ្ឋអាមេរិកប្រារព្ធទិវារំឭកគុណូបការៈយុទ្ធជនពលី ដែលហៅថា Memorial Day។
ទិវានេះក៏ជាទិវាមិនផ្លូវការនៃការប្រារព្ធការចាប់ផ្ដើមរដូវក្ដៅនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ពលរដ្ឋអាមេរិកាំងភាគច្រើនផងដែរ។
ទិវារំឭកគុណូបការៈយុទ្ធជនពលីនេះ ជាផ្លូវការធ្វើឡើងនៅថ្ងៃច័ន្ទសប្ដាហ៍ចុងក្រោយនៃខែឧសភា ដើម្បីជាការគោរពទៅដល់អ្នកដែលបានស្លាប់នៅក្នុងប្រតិបត្តិការរបស់យោធាសហរដ្ឋអាមេរិកនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកទាំងមូល។ សភាសហរដ្ឋអាមេរិកបានប្រកាសទិវារំឭកគុណូបការៈយុទ្ធជនពលី នេះ ថាជាថ្ងៃឈប់សម្រាករបស់រដ្ឋ នៅក្នុងឆ្នាំ ១៩៧១។
មានការប្រារព្ធទិវានេះ នៅទូទាំងសហរដ្ឋអាមេរិក រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតី Donald Trump នឹងចូលរួមនៅក្នុងពិធីដាក់កម្រងផ្កានៅឯផ្នូររបស់ទាហានអាមេរិកាំងដែលគេមិនស្គាល់អត្តសញ្ញាណ នៅក្នុងទីបញ្ចុះសពជាតិ Arlington។
ក្បួនក្រុមម៉ូតូធំ ដែលតំណាងឲ្យយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមវៀតណាម ដែលហៅថាយុទ្ធនាការ «ផ្គរលាន់ប្រដេញគ្នា» ឬជាភាសាអង់គ្លេសហៅថា Rolling Thunder បានប្រារព្ធពិធីដាក់កម្រងផ្កានៅឯកន្លែងរំឭកគុណូបការៈយុទ្ធជនពលីនៅក្នុងសង្គ្រាមលោកលើកទី ២ និងកន្លែងរំឭកគុណូបការៈយុទ្ធជនពលីនៅក្នុងសង្គ្រាមវៀតណាម។ ក្បួនក្រុមម៉ូតូធំនេះ ធ្វើឡើងដើម្បីទាញចំណាប់អារម្មណ៍សាធារណជនទូទៅឲ្យផ្ដោតលើស្ថានភាពនៃអ្នកទោសសង្គ្រាម និងទាហានអាមេរិកាំងដែលបានបាត់ខ្លួននៅក្នុងសង្គ្រាម។
ទិវារំឭកគុណូបការៈយុទ្ធជនពលីនេះ បានចាប់ផ្ដើមប្រារព្ធដំបូងនៅក្នុងឆ្នាំ ១៨៦៥ គឺបន្ទាប់ពីសង្គ្រាមស៊ីវិលនៅក្នុងសហរដ្ឋអាមេរិកបានបញ្ចប់ទៅ ដែលនៅពេលនោះ ក្រុមអតីតទាសករនៅក្នុងសហរដ្ឋអាមេរិក បានប្រារព្ធពិធីដែលគេយល់ថា ជាការរំឭកដំបូងបង្អស់ដល់អ្នកដែលបានស្លាប់នៅក្នុងសង្គ្រាមនៅក្នុងសហរដ្ឋអាមេរិក៕