ដោយសារតែប្រទេសកូរ៉េខាងជើងនៅបន្តធ្វើឱ្យរីកចម្រើនដល់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួននិងបដិសេធធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ្នកវិភាគនានាមានការយល់ឃើញផ្សេងគ្នាអំពីថាតើសហរដ្ឋអាមេរិកគួរតែបន្តសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង ឬក៏ពិចារណាលើជម្រើសផ្សេងពាក់ព័ន្ធនឹងការគ្រប់គ្រងសព្វាវុធឬក៏យ៉ាងណានោះ។
ប្រទេសកូរ៉េខាងជើងបានធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើងនៅក្នុងតំបន់តាមរយៈការបាញ់មីស៊ីលនិងការគំរាមត្រួតត្រាលើប្រទេសកូរ៉េខាងត្បូងប្រសិនបើសង្គ្រាមផ្ទុះឡើង។
ការបាញ់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើងបានធ្វើឡើងកាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅនេះ។ ប្រទេសនេះបានធ្វើការសាកល្បងមីស៊ីលប្រភេទថ្មីសម្រាប់បាញ់យន្តហោះនិង «សមត្ថភាពមីស៊ីលស្វ័យនាំផ្លូវដែលបំពាក់ក្បាលគ្រាប់ដ៏ធំបំផុត» ដោយបាញ់ចេញពីមាត់សមុទ្រភាគខាងលិចរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង។
នេះគឺជាការសាកល្បងមីស៊ីលស្វ័យនាំផ្លូវលើកទី ៤ របស់កូរ៉េខាងជើងនៅក្នុងឆ្នាំនេះ បន្ទាប់ពីប្រទេសនេះបានសាកល្បងគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយមធ្យមដែលមានល្បឿនលឿនជាងសំឡេងកាលពីថ្ងៃទី ១៤ ខែមករាមក។
លោក Vedant Patel អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២៤ ខែមករាថា សហរដ្ឋអាមេរិកចង់មានទំនាក់ទំនងជាមួយកូរ៉េខាងជើងដើម្បី «គ្រប់គ្រងហានិភ័យផ្នែកយោធា» និងដើម្បីបន្តគោលដៅក្នុងការ «លុបបំបាត់អាវុធនុយក្លេអ៊ែរឱ្យបានទាំងស្រុង»។
ខណៈដែលកូរ៉េខាងជើងពន្លឿនការសាកល្បងមីស៊ីលរបស់ខ្លួនដោយបានបាញ់មីស៊ីលជាង ១០០ គ្រាប់តាំងពីខែមករា ឆ្នាំ ២០២២ មក អ្នកវិភាគខ្លះបាននិយាយថា វានឹងកាន់តែពិបាកក្នុងការបន្តគោលនយោបាយរបស់សហរដ្ឋអាមេរិកអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
លោក Deniel DePetris អ្នកសិក្សាស្រាវជ្រាវនៃអង្គការ Defense Priorities បានប្រាប់ VOA ផ្នែកភាសាកូរ៉េតាមអ៊ីមែលថា កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរបានក្លាយជារឿង «មិនប្រាកដ» ជាយូរមកហើយ។ លោកថា ផ្ទុយទៅវិញ សហរដ្ឋអាមេរិកគួរតែបន្តទៅមុខដោយទទួលយកនូវ «ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងរយៈពេលវែង»។
លោកថ្លែងដូច្នេះថា៖ «គ្មានប្រទេសណាមួយនៅលើលោកនេះដែលបានផលិតក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់ ហើយងាកមកចរចាដើម្បីកម្ទេចក្បាលគ្រាប់ទាំងនោះចោលវិញនោះទេ។ កូរ៉េខាងជើងនឹងមិនអាចក្លាយជាប្រទេសទីមួយដែលធ្វើដូច្នេះទេ ជាពិសេសនៅពេលដែលសមត្ថភាពយោធាធម្មតារបស់ខ្លួននៅទន់ខ្សោយបើប្រៀបធៀបជាមួយនឹងសមត្ថភាពយោធារបស់សហរដ្ឋអាមេរិកនិងប្រទេសជិតខាងខ្លួននៅអាស៊ី»។
ចាប់តាំងពីការសាកល្បងនុយក្លេអ៊ែរលើកទី ៥ របស់កូរ៉េខាងជើងកាលពីឆ្នាំ ២០១៦ មក ប្រទេសនេះបានអភិវឌ្ឍមីស៊ីលរបស់ខ្លួនឱ្យមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។
កូរ៉េខាងជើងបានសាកល្បងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបជាង ១០ គ្រាប់តាំងពីឆ្នាំ ២០២២ មក ដែលក្នុងនោះរួមមានទាំងមីស៊ីលប្រភេទ Hwasong-17 និងប្រភេទ Hwasong-18 ដែលកូរ៉េខាងជើងអះអាងថា «មានកម្លាំងខ្លាំងបំផុត» កាលពីខែធ្នូ ឆ្នាំ ២០២៣ ផងដែរ។
ប្រទេសនេះបានធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឥន្ធនៈរឹងរបស់ខ្លួនដែលអាចកាត់បន្ថយរយៈពេលនៃការចាប់ផ្ដើមបាញ់មីស៊ីលដើម្បីបញ្ចៀសការយកជាគោលដៅនៃការបាញ់កម្ទេច និងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹក ក៏ដូចជាបានបង្ហោះផ្កាយរណបដើម្បីឈ្លបយកការណ៍ផងដែរ។
ការចរចាបានជាប់គាំងតាំងពីពេលដែលជំនួបកំពូលរវាងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីឆ្នាំ ២០១៩ នៅទីក្រុងហាណូយនៃប្រទេសវៀតណាមបានបរាជ័យមក។
លោក Trump បានរៀបចំជំនួបកំពូលចំនួនពីរលើកនិងជំនួបឥតព្រាងទុកមួយលើកជាមួយលោក Kim Jong Un ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកចង់បាននិងការដកទណ្ឌកម្មចេញដែលកូរ៉េខាងជើងចង់បាននោះទេ។
លោក Ken Gause អ្នកឯកទេសជាន់ខ្ពស់ផ្នែកវិភាគរឿងគូបដិបក្ខនៃអង្គការ Center for Naval Analyses បានប្រាប់ VOA ផ្នែកភាសាកូរ៉េនៅក្នុងបទសម្ភាសន៍មួយតាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែកុម្ភៈថា៖ «រឿងដែលល្អបំផុត [ដែលកូរ៉េខាងជើងត្រូវធ្វើ] គឺត្រូវបង្កកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងការដកទណ្ឌកម្មនិងការធានាដល់សន្តិសុខរបស់ខ្លួន»។
លោកបានបន្តថា គេនៅមិនច្បាស់ថាតើកូរ៉ខាងជើងនឹងទទួលយកកិច្ចព្រមព្រៀងបែបនេះឬក៏យ៉ាងណានោះ ដោយសារតែប្រទេសនេះមានទំនាក់ទំនងយោធាយ៉ាងស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី និងទទួលបានការគាំទ្រផ្នែកសេដ្ឋកិច្ចពីប្រទេសចិន។
ប៉ុន្តែលោកថា កូរ៉េខាងជើងទំនងជាអាចប្រឡូកជាមួយនឹងសហរដ្ឋអាមេរិកឡើងវិញនិងពិចារណាលើកិច្ចព្រមព្រៀងបែបនេះ ប្រសិនបើលោក Trump ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីអាមេរិកម្ដងទៀតហើយស្នើនូវជម្រើសបែបនេះដល់កូរ៉េខាងជើង។
សារព័ត៌មាន Politico បានរាយការណ៍ដោយយោងលើប្រភពដែលមិនបញ្ចេញឈ្មោះកាលពីខែធ្នូឆ្នាំមុនថា លោក Trump ពិចារណាក្នុងការអនុញ្ញាតឱ្យលោក Kim Jong Un បង្កកអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាជាងបោះបង់វាចោលទាំងស្រុង ដើម្បីជាថ្នូរនឹងរង្វាន់លើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ប្រសិនបើលោកឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកម្ដងទៀត។ ប៉ុន្តែ លោក Trump បានច្រានចោលការអះអាងបែបនេះភ្លាមៗ។
លោក Frank Aum អ្នកជំនាញជាន់ខ្ពស់ផ្នែកតំបន់អាស៊ីឦសាននៃអង្គការ U.S. Institute of Peace បានប្រាប់ VOA ផ្នែកភាសាកូរ៉េតាមអ៊ីមែលថា៖ «គោលនយោបាយរយៈពេលវែងរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើងចាំបាច់ត្រូវសម្របតាមការប្រែប្រួលសំខាន់ៗកាលពីពេលថ្មីៗនេះនៃយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងចំពោះសហគមន៍អន្តរជាតិ ក៏ដូចជាសម្របតាមតថភាពដែលថាកូរ៉េខាងជើងគឺជាប្រទេសនុយក្លេអ៊ែរ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគផ្សេងទៀតបានព្រមានអំពីគ្រោះថ្នាក់នៃការផ្ដល់ជម្រើសឱ្យកូរ៉េខាងជើងបង្កកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយយល់ព្រមទទួលយកប្រទេសនេះជាប្រទេសនុយក្លេអ៊ែរ។
លោក Evans Revere អតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានបទពិសោធន៍ទូលំទូលាយក្នុងការចរចាជាមួយកូរ៉េខាងជើង បានប្រាប់ VOA តាមអ៊ីមែលដូច្នេះថា៖ «ការចរចារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដែលមានបំណងសម្រេចឱ្យបាននូវការបង្កកអាវុធនុយក្លេអ៊ែរគឺមានន័យស្មើនឹងការទទួលស្គាល់កូរ៉េខាងជើងថាជាប្រទេសនុយក្លេអ៊ែរជាអចិន្ត្រៃយ៍»។
លោក Evans បានបន្ថែមថា៖ «វានឹងបំផ្លាញដល់សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង និងលើកទឹកចិត្តឱ្យកូរ៉េខាងត្បូងបង្កើតប្រព័ន្ធកម្លារារាំងនុយក្លេអ៊ែរផ្ទាល់ខ្លួន»។
កូរ៉ខាងជើងបានប្រកាសជាច្រើនលើកកាលពីពេលមុនថា ខ្លួននឹងបង្កកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែក្រោយមកក៏លែងទទួលស្គាល់ការសន្យាបែបនេះ។ កិច្ចព្រមព្រៀងគួរឱ្យកត់សម្គាល់បំផុតគឺក្របខណ្ឌព្រមព្រៀង (Agreed Framework) ឆ្នាំ ១៩៩៤ ដែលកូរ៉េខាងជើងបានយល់ព្រមបង្កកកម្មវិធីរេអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងការជួយសាងសង់រេអាក់ទ័រថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពតិចតួចក្នុងការផ្ដល់ថាមពលដល់អាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយលោក នៀម ឆេង