តើបុណ្យណូអែលឆ្នាំនេះមានព្រិលធ្លាក់ឬទេ? ផ្នែកជាច្រើនក្នុងសហរដ្ឋអាមេរិកនឹងមិនមានព្រិលធ្លាក់នោះទេ។
តំបន់លេងកីឡាជិះស្គីជាច្រើននឹងមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់ពលរដ្ឋអាមេរិកាំងភាគច្រើន ពួកគេចង់ឃើញបុណ្យណូអែលពណ៌ស ដែលគ្របដណ្តប់ដោយព្រិល។ ការរំពឹងទុកសម្រាប់បុណ្យណូអែលដែលមានព្រិលធ្លាក់ខ្លាំងក្នុងឆ្នាំនេះនឹងមិនកើតមានឡើយ។ បើទោះបីជាផ្នែកខ្លះនៃតំបន់ភ្នំនិងភាគកណ្តាលខាងលិចសហរដ្ឋអាមេរិក មានព្រិលធ្លាក់រួចហើយ ឬក៏អាចមានព្រិលធ្លាក់បន្តិចបន្តួចនៅថ្ងៃចន្ទទី២៥ ខែធ្នូ ដែលជាថ្ងៃបុណ្យណូអែលក្តី ក៏ផ្នែកជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិកដែលទូទៅធ្លាប់គ្របដណ្តប់ដោយព្រិលក្នុងអំឡុងពេលបុណ្យណូអែលនោះ នៅមើលទៅស្ថិតក្នុងចុងរដូវស្លឹកឈឺជ្រុះនៅឡើយ។
លោក Judah Cohen នាយកព្យាករណ៍អាកាសធាតុតាមរដូវកាល នៅមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាននិងបរិយាកាស Verisk បានថ្លែងថា៖ «មនុស្សមួយចំនួននឹងទទួលក្តីសុបិន្ត បំណងប្រាថ្នា និងថ្ងៃបុណ្យណូអែលដែលមានព្រិលធ្លាក់នៅនាទីចុងក្រោយ។ ប៉ុន្តែផ្នែកភាគច្រើននៅក្នុងសហរដ្ឋអាមេរិក នឹងមិនមានព្រិលធ្លាក់ក្នុងថ្ងៃបុណ្យណូអែលនោះឡើយ។ ក្នុងចំណោមតំបន់ភាគច្រើនដែលធ្លាប់តែមានព្រិលធ្លាក់ក្នុងខែធ្នូនេះ មានដូចជាតំបន់ភាគឦសានសហរដ្ឋអាមេរិក ដែលមានព្យុះខ្លាំងមួយបោកបក់កាលពីសប្តាហ៍មុន និងធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅកន្លែងជិះស្គីជាច្រើនក្នុងតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់ទីតាំងជិះស្គីទាំងនោះ។
លោក Tom Day នាយកគ្រប់គ្រងរមណីយដ្ឋាន Gunstock Mountain Resort នៅក្រុង Gilford នៃរដ្ឋNew Hampshire បានថ្លែងថា៖ «វាមិនបានធ្វើឱ្យខូចផ្លូវយើងទាំងស្រុងទេ ប៉ុន្តែភ្លៀងខ្លាំងដូចចាក់ទឹក។ លោកបានដើរឡើងទៅទីតាំងជិះស្គីនេះកាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅពេលដែលទីតាំងនោះបិទ ដោយមានកម្ពស់ទឹកភ្លៀងមានកម្រិត៨,៨សង់ទីម៉ែត្រ និងមានខ្យល់បក់ខ្លាំង។
ការធ្លាក់ព្រិលនៅទូទាំងសហរដ្ឋអាមេរិកមានកម្រិតទាបខ្លាំងស្ទើរតែមិនធ្លាប់កើតមាន ក្នុងអំឡុងពេលនេះ។ នេះបើតាមការបញ្ជាក់របស់លោក Cohen ដែលរំពឹងថា នឹងមិនមានការប្រែប្រួលខ្លាំងនៅថ្ងៃបុណ្យណូអែលនេះឡើយ។
ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក ក៏មិនរំពឹងថានឹងមានព្រិលធ្លាក់ក្នុងថ្ងៃបុណ្យណូអែល នៅក្នុងតំបន់ភាគច្រើននៃសហរដ្ឋអាមេរិកនោះឡើយ។ ប៉ុន្តែរឿងដែលល្អមួយនោះគឺថា «យ៉ាងហោចណាស់ក៏អាកាសធាតុមានលក្ខណៈអំណោយផលសម្រាប់ពលរដ្ឋអាមេរិកាំងភាគច្រើន ដែលមានគម្រោងធ្វើដំណើរក្នុងឆ្នាំនេះ។ នេះបើតាមទីភ្នាក់ងារអាកាធាតុជាតិអាមេរិកមួយនេះ ដែលបានសរសេរពីការព្យាករណ៍អាកាសធាតុរបស់ខ្លួន សម្រាប់ថ្ងៃឈប់សម្រាក។
អ៊ីចឹងតើអ្នកស្រឡាញ់ព្រិលគួរទៅទីណាក្នុងឱកាសនេះ?
«ឱកាសដែលល្អបំផុតសម្រាប់ការប្រារព្ធបុណ្យណូអែលពណ៌សឬដែលមានព្រិលនោះ គឺក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក។ កំណាត់ត្រាព្រិលទឹកកកធ្លាក់ក្នុងទីក្រុង Anchorage រដ្ឋ Alaska ក្នុងថ្ងៃបុណ្យណូអែលកាលពីឆ្នាំ១៩៩៤ មានកម្រាស់៧៦សង់ទីម៉ែត្រ ហើយកម្រិតព្រិលធ្លាក់ក្នុងឆ្នាំនេះ ក៏អាចជិតប្រហាក់ប្រហែលនឹងពេលនោះដែរ»។ នេះបើតាមការឱ្យដឹងរបស់ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក។
ការប្រែប្រួលអាកាសធាតុជាកត្តាចម្បងមួយ ក្នុងការធ្វើឱ្យខ្សត់ព្រិលក្នុងរដូវកាលនៃពិធីបុណ្យណូអែល។ នេះបើតាមការលើកឡើងរបស់លោក Cohen។ បើទោះជាយ៉ាងនេះក្តី ក៏លោកកត់សម្គាល់ឃើញថា វានៅតែជារឿងដែលពិបាកយល់នៅឡើយ ដោយសារតែអាកាសធាតុមានការប្រែប្រួលត្រជាក់ខ្លាំងភ្លាមៗ និងព្រឹត្តិការណ៍អាកាសធាតុមិនប្រក្រតីជាច្រើនបានកើតឡើងដោយសារបញ្ហាអាកាសធាតុ។
លោក Cohen បានថ្លែងទៀតថា៖ «ប្រាកដណាស់ផែនដីកំពុងឡើងកំដៅ។ រដូវរងារមានរយៈពេលខ្លីជាងមុន។ ដូចនេះជារួមភពផែនដីមានលក្ខណៈក្តៅជាងមុន។ សម្រាប់ខែធ្នូ ខ្ញុំឃើញថា ខែធ្នូឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំងជាងឆ្នាំមុនៗ។ ដូចនេះខ្ញុំមានអារម្មណ៍ថាខែធ្នូនេះ មិនសមជាខែនៃរដូវរងារទៀតនោះឡើយ។ រដូវកាលជិះស្គីមុនពេលកំណត់បានក្លាយជារឿងប្រឈមកាន់តែខ្លាំងឡើងៗ»។
បើទោះបីជាមានការប្រឈមយ៉ាងនេះក្តី ក៏អ្នកស្រឡាញ់ព្រិលនៅភាគឦសានសហរដ្ឋអាមេរិកមិនអស់សង្ឃឹមនោះទេ។ ក្រោយភ្លៀងបានបញ្ចប់ តំបន់លំហែកាយ Gunstock បានបើកជាថ្មីឡើងវិញកាលពីថ្ងៃអង្គារសប្តាហ៍មុន ខណៈពេលដែលតំបន់ជិះស្គីជាច្រើន ត្រូវប្រើពេលមួយថ្ងៃឬពីរថ្ងៃបន្ថែមទៀត ដើម្បីឈូសឆាយផ្លូវជិះស្គីជាថ្មីឡើងវិញ។
លោក Ryan Sloan ដែលបើករថយន្ត៥ម៉ោងពីរដ្ឋ New York ក្រោមមេឃភ្លៀងដ៏ខ្លាំងកាលពីថ្ងៃចន្ទសប្តាហ៍កន្លងទៅដើម្បីទៅជិះស្គីបាននិយាយថា ផ្លូវជិះស្គីក្នុងតំបន់រមណីដ្ឋានលំហែកាយ Gunstock កាលពីថ្ងៃអង្គារមិនខូចខាតខ្លាំង ដូចការគិតរបស់លោកនោះទេ។
ប្រព័ន្ធលូបង្ហូរទឹកដែលលាតសន្ធឹងដ៏វែង បានធ្វើឱ្យផ្លូវជិះស្គីរបស់រមណីយដ្ឋានមួយនេះ មិនរងការខូចខាតនោះទេ។ នេះបើតាមការលើកឡើងរបស់លោក Tom Day។ ចំណែកលោក Cohen វិញនិយាយថា «ដូចនេះឆ្នាំថ្មីនេះ គេមានក្តីសង្ឃឹមថ្មីថា ព្រិលនឹងអាចកើតមាននៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ