មន្រ្តីមន្ទីរបច្ចកោណនិយាយថា មិនមានការចង្អុលបង្ហាញថា កងទ័ពស៊ីរីបានប្រុងប្រៀបចាប់ផ្តើមវាយប្រហារអាវុធគីមីមួយលើកទៀតបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលកាលពីថ្ងៃសៅរសប្តាហ៍មុនដោយសហរដ្ឋអាមេរិក ប្រទេសបារាំងនិងចក្រភពអង់គ្លេសទេ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់ខ្លួន«នៅតែប្រុងប្រយ័ត្ន»។
លោក Dana White អ្នកនាំពាក្យមន្ទីរបច្ចកោណបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ប្រធានាធិបតី Bashar Al-Assad នៃប្រទេសស៊ីរីត្រូវតែដឹងថា ពិភពលោកនឹងមិនអត់ឱនដល់ការប្រើអាវុធគីមីនៅក្រោមកាលៈទេសៈណាក៏ដោយ»។
ការវាយប្រហារកាលពីពេលថ្មីៗនេះដឹកនាំដោយអាមេរិកបានត្រូវចាប់ផ្តើមនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធគីមីដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងទីក្រុងDouma នៅដើមខែនេះ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនស្តីបន្ទោសស៊ីរីចំពោះការវាយប្រហារនេះ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងដាម៉ាសនិងរុស្ស៊ីបានបដិសេធការប្រើអាវុធគីមីនេះ។
លោក White បាននិយាយទៀតថា បន្ទាប់ពីការវាយប្រហារកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះ «រុស្ស៊ីបានចាប់ផ្តើមធ្វើយុទ្ធនាការបំភ្លៃព័ត៌មានភ្លាមៗ ដើម្បីសាបព្រួសនូវការសង្ស័យនិងការច្របូកច្របល់ដើម្បីលាក់ការឃុបឃិតរបស់ខ្លួន។ រុស្ស៊ីបានភូតកុហកថា ប្រព័ន្ធការពារអាកាសស៊ីរីបានបាញ់ទម្លាប់កាំជ្រួចមីស៊ីលយ៉ាងច្រើន ដែលការពិត កាំជ្រួចមីស៊ីលទាំងអស់របស់យើងបានបាញ់ចំទីដៅ»។ ឧត្តមសេនីយត្រី Kenneth McKenzieនាយអគ្គសេនាធិការចម្រុះកងទ័ពសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិកជឿជាក់ថា ប្រហែលមានសារធាតុក្លរីននិងសារីនខ្លះនៅឯឃ្លាំងអាវុធគីមីទាំង៣របស់ស៊ីរីដែលជាទីដៅនៃការប្រហារកាំជ្រួចមីស៊ីលកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕