ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ថាការ​បង្កើន​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មិន​បង្អាក់​ដល់​ប្រតិបត្តិការ​ល្បាត​របស់​ខ្លួន​នោះ​ទេ


នាវា​ចម្បាំង​របស​សហរដ្ឋអាមេរិក USS Carl Vinson SCS

កង​កម្លាំង​សហរដ្ឋ​អាមេរិក​មិន​បាក់​ទឹកចិត្ត​ដោយសារ​ការ​បង្កើន​កម្លាំង​យោធា​នៅ​លើ​កោះ​សិប្បនិម្មិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ ហើយ​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ល្បាត​ដែន​ទឹក​យុទ្ធសាស្ត្រ​ដែល​មាន​ជម្លោះ​នេះ​នៅ​កន្លែង​ណា​ដែល «ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ទាហាន​ជើង​ទឹក​អាមេរិក​មួយ​រូប​ដែល​ជិះ​នៅ​លើ​កប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​ដ៏​ធំ​មហិមា​មួយ​របស់​សហរដ្ឋ​អាមេរិក​ដែល​ដឹក​យន្តហោះ​ចម្បាំង F-18 ជា​ច្រើន​គ្រឿង។

លោក​មេបញ្ជាការ​រង Tim Hawkins បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​លើ​កប៉ាល់​ចម្បាំង USS Carl Vinson ថា ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ល្បាត​ជា​ប្រចាំ​នៅ​តាម​សមុទ្រ និង​តាម​អាកាស​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​អស់​រយៈពេល ៧០ ឆ្នាំ​មក​ហើយ ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិសុខ និង​ធានា​ឲ្យ​មាន​លំហូ​ពាណិជ្ជកម្ម​ដោយ​រលូន ដែល​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​អាស៊ី និង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។

លោក Tim Hawkins បាន​បញ្ជាក់​បន្ថែម​ទៀត​នៅ​លើ​កប៉ាល់​ចម្បាំង USS Carl Vinson ដែល​ចត​នៅ​ឆ្នេរ​សមុទ្រ Manila Bay នៃ​ប្រទេស​ហ្វីលីពីន​យ៉ាង​ដូច្នេះ​ថា៖ «ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ប្រតិបត្តិការ​នៅ​ទី​នេះ​បាន ហោះហើរ ហ្វឹកហាត់ និង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ទឹក​នៅ​ទី​នេះ​បាន។ ដូច្នេះ​ហើយ នេះ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ និង​បន្ត​ធ្វើ»។

នៅ​ពេល​ដែល​លោក Donald Trump ឡើង​ធ្វើ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ភាព​ស្រពេចស្រពិល​ចំពោះ​បញ្ហា​ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ប្រឡូក​ខ្លួន​នៅ​ក្នុង​ជម្លោះ​រវាង​ចិន និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​រួម​ទាំង​កោះ​តៃវ៉ាន់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​កម្រិត​ណា។

អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama គឺ​ជា​អ្នក​រិះគន់​ចំពោះ​សកម្មភាព​គឃ្លើន​កើន​ឡើង​របស់​ចិន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​សាងសង់​កោះ​សិប្បនិម្មិត​ចំនួន ៧ ដែល​មាន​ទាំង​ទាហាន ស្ថានីយ​រ៉ាដា ស្ថានីយ​មីស៊ីល និង​ផ្លូវ​រត់​របស់​យន្តហោះ​វែងៗ​ចំនួន ៣ ខ្សែ​ផង​ដែរ៕

XS
SM
MD
LG